(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក មានផែនការបើកស្ថានទូតនៅក្នុងប្រទេសដែនកោះ វ៉ានូអាទូ (Vanuatu) ស្ថិតនៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង ក្នុងគោលដៅពង្រឹងវត្តមានការទូត ក្នុងតំបន់ ដើម្បីទប់ទល់នឹងការកើនឡើងឥទ្ធិពលចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២ ខែមេសា ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយរបស់ខ្លួនចេញផ្សាយកាលពីថ្ងៃសុក្រកន្លងទៅនេះ (ម៉ោងនៅអាមេរិក) ក្រសួងការបរទេសអាមេរិកបានគូសបញ្ជាក់ដូច្នេះថា «អនុលោមតាមយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក វត្តមានការទូតអចិន្ត្រៃយ៍នៅក្នុងប្រទេសដែនកោះវ៉ានូអាទូ នឹងអនុញ្ញាតឱ្យសហរដ្ឋអាមេរិកពង្រឹងទំនាក់ទំនងមិត្តភាពជាមួយក្រុមមន្ត្រី និងប្រជាជនវ៉ានូអាទូ»។ សេចក្ដីថ្លែងការណ៍ ដដែល បន្ថែមថា ការបើកស្ថានទូតក្នុងរដ្ឋធានី Port Vila នឹងជួយសម្រួលផងដែរដល់កិច្ចសហប្រតិបត្តិការទ្វេភាគី និងការផ្ដល់ជំនួយអភិវឌ្ឍន៍នានា ក្នុងនោះរួមមានទាំង ការដោះស្រាយបញ្ហាប្រែប្រួល អាកាសធាតុ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក មានទំនាក់ទំនងការទូតជាមួយប្រទេសវ៉ានូអាទូ ដែលមានប្រជាជន ៣១៩,០០០នាក់ និងកោះចំនួន៨០។ ប៉ុន្តែ បច្ចុប្បន្ន ទំនាក់ទំនងការទូតនេះត្រូវធ្វើឡើង តាមរយៈ ស្ថានទូតអាមេរិកក្នុងប្រទេសដែនកោះ ញូវ ហ្គីណេ។ ក្នុងឆ្នាំ២០២៣នេះ សហរដ្ឋអាមេរិកក៏ទើបតែបានបង្កើតស្ថានទូតឡើងវិញ នៅក្នុងប្រទេសដែនកោះសូឡូម៉ុនផងដែរ៕