(ផ្ល័រីដា)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយការពារខ្លួនឯងជាសាធារណៈជាលើកដំបូង ចាប់តាំងពីត្រូវបានចោទប្រកាន់ពីបទសូកលុយបំបិតមាត់តារាម្នាក់ ជុំវិញ រឿងអាស្រូវផ្លូវភេទ ដោយបានថ្កោលទោសថាការចោទប្រកាន់រូបលោកពីបទល្មើសព្រហ្មទណ្ឌគឺជាការប្រមាថមួយដល់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែមេសា ឆ្នាំ២០២៣។

លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសុន្ទរថាមួយទៅកាន់អ្នកគាំទ្រ នៅថ្ងៃអង្គារសប្ដាហ៍នេះ បន្ទាប់ពីចាកចេញពីទីក្រុងញូវយ៉ក ត្រឡប់ទៅកាន់ភូមិគ្រឹះរបស់លោកវិញក្នុងរដ្ឋ ផ្ល័រីដា។ ថ្លែងនាឱកាសនោះ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំមិនដែលគិតទាល់តែសោះថារឿងបែបនេះអាចកើតឡើងនៅក្នុងសហរដ្ឋអាមេរិក។ បទល្មើសព្រហ្មទណ្ឌតែមួយគត់ដែលខ្ញុំ បានប្រព្រឹត្តនោះគឺ ការការពារប្រទេសរបស់យើងដោយគ្មានការភ័យខ្លាច ពីក្រុមមនុស្សដែលចង់បំផ្លាញវា...នេះគឺជាការប្រមាថមួយដល់ប្រទេសរបស់យើង»

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ជាអតីតប្រធានាធិបតីដំបូងបំផុតដែលត្រូវបានចោទប្រកាន់ពីការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌនៅក្នុងប្រវតិ្តសាស្ត្រអាមេរិក បានចូលបង្ហាញខ្លួនក្នុងតុលាការ Manhattan នៃទីក្រុងញូវយ៉ក មុនម៉ោង ២៖៣០នាទីរសៀស ថ្ងៃអង្គារសប្ដាហ៍នេះបន្តិច (ម៉ោងក្នុងទីក្រុងញូវយ៉ក) ដើម្បីស្ដាប់ចៅក្រមអានការចោទប្រកាន់ប្រឆាំងរូបលោក។ លោក ត្រាំ ត្រូវបានចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌក្លែងបន្លំកំណត់ត្រាអាជីវកម្មចំនួន៣៤បទចោទ ដើម្បីបិទបាំងព័ត៌មានអវិជ្ជមាន និងសកម្មភាពខុសច្បាស់របស់ខ្លួន ពីអ្នកបោះឆ្នោតអាមេរិក នៅមុន និងនៅក្រោយ ការបោះឆ្នោត កាលពីឆ្នាំ២០១៦។

រដ្ឋអាជ្ញា លោក Alvin Bragg ដែលជាអ្នកទទួលបន្ទុកសំណុំរឿងលោក ត្រាំ ក៏បានបញ្ជាក់ដែរថាលោក ត្រាំ បានបំបិតមាត់ដោយសូកលុយនាងតារា Stormy Daniels ចំនួន១៣០,០០០ដុល្លារ កុំឱ្យទម្លាយរឿងអាស្រូវផ្លូវភេទរវាងអ្នកទាំង២។ ចំណែកឯ សវនាការនៅលើកក្រោយគ្រោងនឹងធ្វើឡើងក្នុងទីក្រុងញូវយ៉ក នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣៕