(ប៉េកាំង)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នឹងផ្ដើមបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង នៅថ្ងៃពុធសប្ដាហ៍នេះ ក្នុងក្ដីសង្ឃឹមថាលោកអាចនឹងបញ្ចុះបញ្ចូលកុំឱ្យចិន លូកដៃជួយរុស្ស៉ីនៅក្នុងសង្រ្គាមឈ្លានពានអ៊ុយក្រែន ខណៈក៏រំពឹងដែរថាអាចនឹងពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយចិនដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែមេសា ឆ្នាំ២០២៣។

នៅមុនដំណើរទស្សនកិច្ច មន្ត្រីម្នាក់មកពីការិយាល័យប្រធានាធិបតីបារាំង បានប្រាប់អ្នកសារព័ត៌មានថាគោលបំណងរបស់លោក ម៉ាក្រុង ក្នុងនោះរួមមានការថែរក្សា និងការធ្វើឱ្យមានតុល្យភាព ឡើងវិញនូវទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងសហភាពអឺរ៉ុប ព្រមទាំងការពារផលប្រយោជន៍របស់បារាំងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាទីដែលទីក្រុងប៉ារីសចាត់ទុកខ្លួនឯងថាជាតួអង្គសំខាន់ មួយហ្នឹងគេដែរ ដោយសារតែមានដែនដីនៅឯនាយសមុទ្រក្នុងតំបន់នេះ។ លើសពីនេះទៅទៀត បើតាមសេតវិមាន លោក ម៉ាក្រុង ក៏បានពិភាក្សាពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេស ចិន និងការគាំទ្រសម្រាប់អ៊ុយក្រែន កំលុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតីអាមេរិក ចូ បៃដិន ផងដែរ។ សេតវិមានបន្ថែមថាមេដឹកនាំទាំង២ បាននិយាយថាពួកគេថែមទាំង ចង់ឱ្យចិនជួយពន្លឿនការស្វែងរកដំណោះស្រាយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនទៀតផង។

គួរបញ្ជាក់ថា លោក ម៉ាក្រុង និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា ហ្វុន ឌែរ ឡេយិន (Ursula von der Leyen) គ្រោងនឹងធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង នៅវេលាម៉ោង ៣៖៣០នាទីរសៀលថ្ងៃពុធនេះ ហើយនឹងត្រូវជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ៕