(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃពុធសប្តាហ៍នេះ បានប្រកាសដាក់ទណ្ឌកម្មលើអង្គភាពមានមូលដ្ឋានក្នុងប្រទេសតួកគី យ៉ាងតិចចំនួន ៤ ក្រោមហេតុផលរំលោភលើការគ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាមេរិក និងជួយដល់កិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់រុស្ស៊ី ខណៈនេះជាសកម្មភាពអនុវត្តច្បាប់ដ៏ធំបំផុតរបស់ទីក្រុងវ៉ាស៉ីនតោនចំពោះទីក្រុងអង់ការ៉ា គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសា ឆ្នាំ២០២៣។

ទណ្ឌកម្មនេះរួមបញ្ចូលក្រុមហ៊ុនអេឡិចត្រូនិក និងពាណិជ្ជករបច្ចេកវិទ្យា ដែលត្រូវបានចោទប្រកាន់ថាបានជួយផ្ទេរទំនិញបម្រើឲ្យខាងផ្នែកយោធា ហើយជាផ្នែកនៃកញ្ចប់ទណ្ឌកម្មអន្តរជាតិលើអង្គភាពជាង ១២០ ដែលប្រកាសដោយក្រសួងហិរញ្ញវត្ថុអាមេរិក។

មន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកម្នាក់បានប្រាប់ Reuters ឲ្យដឹងថា ទណ្ឌកម្មបានកំណត់គោលដៅលើអង្គភាព និងបុគ្គលនៃវិស័យពាណិជ្ជកម្មដែនសមុទ្ររបស់តួកគី ដោយផ្តោជាជាចម្បងលើក្រុមហ៊ុនដែលមានអ្នកគ្រប់គ្រងជាជនជាតិរុស្ស៉ី ឬមានទំនាក់ទំនងរុស្ស៉ី។ ដោយឡែក ក្រសួងការបរទេសតួកគី មិនបានឆ្លើយតបភ្លាមៗចំពោះសំណួរអំពីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលត្រូវបានដាក់មួយខែមុនពេលការបោះឆ្នោតរបស់តួកគី នេះទេ។

គួរបញ្ជាក់ថា តួកគីដែលសមាជិករបស់អង្គការណាតូ បានព្យាយាមរក្សាទំនាក់ទំនងល្អទាំងជាមួយទីក្រុងមូស្គូ និងទីក្រុងកៀវវ អំឡុងពេលមានសង្គ្រាមនៅអ៊ុយក្រែន។ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តបានដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយលើរុស្ស៉ី ប៉ុន្តែសម្រាប់បណ្តាញផ្គត់ផ្គង់ចេញពីប្រទេសជិតខាងនៃតំបន់សមុទ្រខ្មៅ ដូចជាតួកគី និងមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សេងទៀត រួមទាំងទីក្រុងហុងកុង និងអារ៉ាប់រួម នៅតែបើកចំហ៕