(កៀវ)៖ អ៊ុយក្រែនបានថ្កោលទោសយ៉ាងខ្លាំងលើកងកម្លាំងរុស្ស៉ី បន្ទាប់ពីវីដេអូមួយត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមបង្ហាញពីការកាត់ក្បាលអ្នកទោសអ៊ុយក្រែន ដោយប្រើកាំបិត។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសា ឆ្នាំ២០២៣។

ខ្សែវីដេអូនោះបង្ហាញឲ្យឃើញបុរសម្នាក់ស្លៀកពាក់ឯកសណ្ឋាន ហើយធ្វើសកម្មភាពកាត់ក្បាលបុរសម្នាក់ពាក់កងដៃពណ៌លឿង សម្រាប់សម្គាល់ទាហានអ៊ុយក្រែន។ យ៉ាងនេះក្តី ប្រព័ន្ធផ្សព្វផ្សាយនានា មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យពីភាពត្រឹមត្រូវនៃវីដេអូ ដែលកំពុងចែកចាយពាសពេញអ៉ីនធឺណិតនេះទេ។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានគូសបញ្ជាក់ថា «វាជារឿងមួយដែលពិភពលោកមិនអាចព្រងើយកន្តើយបានទេ នោះគឺការសម្លាប់ជីវិតមនុស្សប្រៀបបីដូចជាសត្វ។ យើងនឹងចងចាំមិនភ្លេច ហើយក៏មិនលើកលែងទោសដល់ឃាតកដែរ។ ពួកគេត្រូវទទួលខុសត្រូវតាមច្បាប់»។ ចំណែក វិមានក្រឹមឡាំងបានពណ៌នាវីដេអូនេះថា «សាហាវ» ហើយចាំបាច់ត្រូវត្រួតពិនិត្យពីភាពត្រឹមត្រូវនៃវីដេអូនេះ ខណៈដែលកន្លងមកទីក្រុងមូស្គូ តែងតែនិយាយថាកងទ័ពរបស់ខ្លួនមិនបានប្រព្រឹត្តអំពើឃោរឃៅឡើយ។

គួរបញ្ជាក់ថា ទីភ្នាក់ងារសន្តិសុខអ៊ុយក្រែន បានឲ្យដឹងតាមបណ្តាញ Telegram ថា «កាលពីម្សិលមិញ វីដេអូមួយបានលេចចេញនៅលើអ៉ីនធឺណិត ដែលបង្ហាញពីរបៀបដែលរុស្ស៊ីបង្ហាញពីធម្មជាតិដ៏សាហាវរបស់ពួកគេ ការធ្វើទារុណកម្មលើអ្នកទោសអ៊ុយក្រែនយ៉ាងឃោរឃៅដោយកាត់ក្បាល»

វីដេអូនេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីវីដេអូដាច់ដោយឡែកមួយផ្សេងទៀត បានលេចចេញនៅលើបណ្តាញផ្សព្វផ្សាយសង្គមដែលគាំទ្ររុស្ស៉ី ដែលហាក់ដូចជាបង្ហាញពីសាកសពទាហានអ៊ុយក្រែន ២នាក់ជាប់ក្នុងរថយន្តយោធាដែលត្រូវបានបំផ្លាញ។ វាត្រូវបានគេជឿថាថតដោយសមាជិក Wagner Group ដែលក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៉ី៕