(វ៉ាសូវី)៖ ក្នុងពេលធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក នាយករដ្ឋមន្រ្តីប៉ូឡូញ លោក ម៉ាតតេអ៊ូស ម៉ូរ៉ាវ៉ិកគី (Mateusz Morawiecki) បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ប្រទេសប៉ូឡូញមានបំណងក្លាយខ្លួនជាមជ្ឈមណ្ឌលផ្តល់សេវាកម្មសម្រាប់រថក្រោះ Abrams ដែលផលិតដោយសហរដ្ឋអាមេរិកប្រចាំនៅតំបន់អឺរ៉ុប។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសា ឆ្នាំ២០២៣។

ថ្លែងចេញពីតំបន់អាននីស្តុន (Anniston) នៃរដ្ឋអាឡាបាម៉ា (Alabama) របស់សហរដ្ឋអាមេរិក លោក ម៉ូរ៉ាវ៉ិកគី បានគូសបញ្ជាក់ថា «ខ្ញុំចង់ឲ្យមានមជ្ឈមណ្ឌលផ្តល់សេវាកម្មសម្រាប់រថក្រោះ Abrams ដល់តំបន់អឺរ៉ុបទាំងមូល ដើម្បីរក្សាការត្រៀមខ្លួនប្រយុទ្ធរបស់ពួកគេ ដោយមានទីតាំងក្នុងប្រទេសប៉ូឡូញ»

លោក ម៉ូរ៉ាវ៉ិកគី បានបន្ថែមថា «យើងក៏កំពុងខិតខំផលិតស្នូលគ្រាប់រំសេវអ៊ុយរ៉ានីញ៉ូមដែលបាត់បង់សម្រាប់រថក្រោះ Abrams នៅប៉ូឡូញ។ ខ្ញុំសូមបញ្ជាក់ថានៅត្រឹមខែមិថុនា រថក្រោះ Abrams ចុងក្រោយបំផុតចំនួន ១៤គ្រឿងនឹងត្រូវបញ្ជូនមកប៉ូឡូញ ដែលនឹងជំនួសឲ្យរថក្រោះសម័យសូវៀតដែលបានបរិច្ចាគទៅអ៊ុយក្រែនប្រយុទ្ធប្រឆាំងការឈ្លានពានរបស់រុស្ស៊ី»

គួរបញ្ជាក់ថា ប៉ូឡូញ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់សហរដ្ឋអាមេរិកនៅក្នុងអង្គការណាតូ បានបញ្ជាទិញរថក្រោះប្រយុទ្ធ Abrams ស៊េរីទំនើបបំផុតចំនួន ២៥០គ្រឿង បន្ថែមពីលើរថក្រោះទំនើបចំនួន ១១៦គ្រឿងផ្សេងទៀត៕