(វ៉ាស៉ីនតោន)៖ ការលាតត្រដាងថ្មីមួយ នៅក្នុងឯកសារព័ត៌មានសម្ងាត់ដែលបែកធ្លាយ បានបង្ហាញថា សហរដ្ឋអាមេរិកក៏បានលួចស៉ើបការណ៍ ទៅ​លើអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ (UN) គឺលោក អាន់តូនីញ៉ូ ហ្គូតឺរ៉េស (Antonio Guterres) ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសា ឆ្នាំ២០២៣។

យោងតាមឯកសារថ្មីខាងលើ គឺទីក្រុងវ៉ាស៉ីនតោនបានលួចតាមដានលោក ហ្គូតឺរ៉េស យ៉ាងដិតដល់។ ក្នុងចំណោមនោះ ឯកសារខ្លះបានរៀបរាប់​អំពី​​ការទាក់ទងជាលក្ខណៈឯកជនរវាងលោក ហ្គូតឺរ៉េស និងអគ្គលេខាធិការរង UN ហើយខ្លះទៀត រួមមានការយល់ឃើញដោយឥតលាក់លៀម​របស់លោក ហ្គូតឺរ៉េស ស្តីអំពីសង្រ្គាមនៅអ៊ុយក្រែន ក៏ដូចជាអំពីមេដឹកនាំអាហ្រ្វិកមួយចំនួនផងដែរ។ ឯកសារទាំងអស់នេះ គឺជាសំណុំថ្មីចុង​ក្រោយ នៃឯកសារសម្ងាត់របស់អាមេរិក ដែលត្រូវបានបែកធ្លាយលើប្រព័ន្ធអនឡាញ នាពេលថ្មីៗនេះ។

ឯកសារមួយបានផ្តោតជាពិសេសទៅលើ កិច្ចព្រមព្រៀងនាំចេញធញ្ញជាតិនៅសមុទ្រខ្មៅរវាងរុស្ស៉ីនិងអ៊ុយក្រែន ដែលសម្រេចបានក្រោម​​កិច្ចប្រឹងប្រែងសម្រុះសម្រួលរបស់ UN និងតួកគីកាលពីខែកក្កដា ឆ្នាំ២០២២ ក្រោយក្តីព្រួយបារម្ភអំពីវិបត្តិស្បៀងអាហារសកល។ ក្នុងនោះ អាមេរិកបានវាយតម្លៃថា លោក ហ្គូតឺរ៉េស ហាក់ចង់រក្សាឱ្យបាន នូវកិច្ចព្រមព្រៀងខ្លាំងពេក ដល់ថ្នាក់លោកសុខចិត្តបំពេញតាម ផលប្រយោជន៍របស់រុស្ស៉ី។ មិនតែប៉ុណ្ណោះ ទីក្រុងវ៉ាស៉ីនតោន បានវាយតម្លៃទៀតថា សកម្មភាពមួយចំនួនរបស់លោក ហ្គូតឺរ៉េស ក៏បានបង្កជាឧបសគ្គដល់កិច្ចប្រឹងប្រែង ដើម្បីឱ្យទីក្រុងមូស្គូទទួលខុសត្រូវចំពោះទង្វើខ្លួននៅអ៊ុយក្រែន ថែមទៀតផង។

គួរបញ្ជាក់ថា ក្រុមមន្រ្តី UN បានចេញមុខភ្លាមៗ ច្រានចោលការសន្និដ្ឋានខាងលើ ដែលថាលោក ហ្គូតឺរ៉េស ប្រកាន់ជំហរទន់ខ្សោយចំពោះ​ទីក្រុងមូស្គូ។ មន្រ្តីជាន់ខ្ពស់ UN ម្នាក់បានលើកឡើងថា អង្គការសហប្រជាជាតិ ត្រូវបានជំរុញឱ្យភាពចាំបាច់ដើម្បីកាត់បន្ថយ ផលប៉ះពាល់​នៃសង្រ្គាមអ៊ុយក្រែនទៅលើ ប្រទេសក៏ដូចជាប្រជាជនដែលងាយរងគ្រោះ និងកម្សត់កម្របំផុត ដែលប្រការនេះមានន័យថា UN ត្រូវធ្វើអ្វី​​ដែលខ្លួនអាចធ្វើបានដើម្បីជំរុញឱ្យតម្លៃស្បៀងអាហារធ្លាក់ចុះ និងធានាថាជីកសិកម្មទាំងអស់ អាចទៅដល់បណ្តាប្រទេសដែលត្រូវការពួកវា​ជាចាំបាច់។ ច្បាស់ណាស់ក្រុមមន្រ្តី UN គឺហាក់មិនពេញចិត្តនោះឡើយ ជុំវិញការយល់ឃើញរបស់អាមេរិក ចំពោះកិច្ចប្រឹងប្រែងរបស់​លោក ហ្គូតឺរ៉េស ហើយពួកគេបាននិយាយថា លោកប្រមុខ UN បានបង្ហាញគោលជំហរប្រឆាំងរបស់លោកយ៉ាងច្បាស់បំផុត ចំពោះ​សង្រ្គាមរបស់រុស្ស៉ី៕