(ប៉េកាំង)៖ ប្រធានាធិបតីប្រេស៉ីល លោក ល្វីស អ៉ីណាស៉ីអូ លូឡា ដាស៉ីលវ៉ា (Luiz Inacio Lula da Silva) បានទៅធ្វើដំណើរមកដល់ទីក្រុងសៀងហៃ កាលពីយប់ថ្ងៃពុធសប្តាហ៍នេះ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ ដែលមានគោលដៅពង្រឹងបន្ថែមទៀត នូវទំនាក់ទំនង​ជាមួយចិន ដែលជាមហាយក្សនៅអាស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសា ឆ្នាំ២០២៣។

ពេលមកដល់ទីក្រុងសៀងហៃ លោកប្រធានាធិបតីប្រេស៉ីលនិងភរិយា ត្រូវបានទទួលស្វាគមន៍ដោយ អនុរដ្ឋមន្រ្តីការបរទេសចិន លោក ស៉ី ហ្វឹង (Xie Feng) ហើយរូបលោកនឹងត្រូវបើកកិច្ចប្រជុំកំពូលទ្វេភាគីជាមួយ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង នៅក្នុងរដ្ឋធានីប៉េកាំង នាថ្ងៃសុក្រសប្តាហ៍នេះ។ មុនពេលចាកចេញពីប្រេស៉ីល លោក លូឡា បានប្រាប់ថា ប្រទេសទាំងពីរនឹងពង្រឹងទំនាក់ទំនងឱ្យកាន់តែរឹងមាំ ហើយលោកក៏គ្រោងអញ្ជើញលោក ស៉ី ជិនពីង ឱ្យទៅបំពេញទស្សនកិច្ចនៅប្រេស៉ីលផងដែរ។ តាមពិតទៅ មេដឹកនាំប្រេស៉ីលវ័យ៧៧ឆ្នាំរូបនេះ ត្រូវធ្វើដំណើរមកប្រទេសចិន តាំងតែពីចុងខែមីនាម្ល៉េះ ប៉ុន្តែបានលើកពេលវិញ ក្រោយមានបញ្ហារលាកផ្លូវដង្ហើម។

គួរបញ្ជាក់ថា នៅពេលត្រឡប់មកកាន់អំណាចសាជាថ្មី កាលពីខែមករា ឆ្នាំនេះ ក្រោយធ្លាប់បានដឹកនាំប្រេស៉ីល កាលពីចន្លោះឆ្នាំ២០០៣-២០១០ លោក លូឡា កំពុងព្យាយាមធ្វើទំនាក់ទំនងកាន់តែមានភាពរលូនជាមួយចិន បន្ទាប់ពីចំណងទាក់ទងហាក់បានធ្លាក់ចុះ នៅកំលុង​អាណត្តិអតីតប្រធានាធិបតីប្រេស៉ីល លោក ហ្សាអៀរ បូលសូណារ៉ូ (Jair Bolsonaro)។ លោក លូឡា ក៏កំពុងព្យាយាមស្វែងរកចំណង​ទាក់ទងជិតស្និទ្ធ​ជាមួយសហរដ្ឋអាមេរិក ដែលជាដៃគូពាណិជ្ជកម្មធំជាងគេទី២របស់ប្រេស៉ីល និងជាគូប្រជែងរបស់ចិនផងដែរ។ ទស្សនកិច្ច​របស់លោកនៅចិន គឺកើតមានឡើងបន្ទាប់ពីលោកបានជួបប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅសេតវិមាន កាលពីខែកុម្ភៈ។

លោក លូឡា ត្រូវគេមើលឃើញថា មានបំណងចង់ធ្វើឱ្យប្រេស៉ីលក្លាយជាតួអង្គដ៏សំខាន់មួយ និងអ្នកជួយបង្កើតកិច្ចព្រមព្រៀងផ្សេងៗ នៅលើឆាកអន្តរជាតិ ក្រោយរយៈពេល៤ឆ្នាំ ដែលប្រទេសមានសេដ្ឋកិច្ចធំបំផុតប្រចាំតំបន់អាមេរិកឡាទីនមួយនេះ មិនសូវខ្វាយខ្វល់អំពីរឿងអន្តរជាតិឡើយ កាលពី​​ស្ថិតក្រោមការដឹកនាំរបស់លោក បូលសូណារ៉ា។ នៅក្នុងជំនួបនាថ្ងៃសុក្រ លោក លូឡា និងលោក ស៉ី ត្រូវគេរំពឹងថា នឹងពិភាក្សាគ្នាអំពី​វិបត្តិអ៊ុយក្រែន ដែលអ្នកទាំងពីរសុទ្ធតែចង់ដើរតួជាអ្នកសម្រុះសម្រួល បើទោះបីមានការបង្ហាញក្តីបារម្ភពីលោកខាងលិច ដោយសារតែមេដឹកនាំ​ប្រទេសទាំងពីរ​ ហាក់មានភាពស្និទ្ធស្នាលខ្លាំងពេក ជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ក៏ដោយ៕