(ប្រេតូរីយ៉ា)៖ អ្នកនាំពាក្យរបស់ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក វីនសេន ម៉ាកវេនយ៉ា (Vincent Magwenya) បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ដីការបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) សម្រាប់ការចាប់ខ្លួនប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងបង្កបញ្ហាលំបាកដល់ ការៀបចំកិច្ចប្រជុំកំពូល BRICS ដែលគ្រោងនឹងធ្វើឡើង ក្នុងប្រទេសអាហ្វ្រិកខាងត្បូង នៅខែសីហា។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសា ឆ្នាំ២០២៣។

ក្នុងនាមជាប្រទេសហត្ថលេខីនៃលក្ខន្តិកៈទីក្រុងរ៉ូម ឆ្នាំ២០២២ អាហ្វ្រិកខាងត្បូងមានកាតព្វកិច្ចអនុវត្តដីការបស់តុលាការ ICC លើការចាប់ខ្លួន លោក ពូទីន។ យ៉ាងនេះក្តី នៅឆ្នាំ២០២៣នេះ អាហ្វ្រិកខាងត្បូង ត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលប្រ៊ីជ (BRICS) ជាពេលដែលមេដឹកនាំនៃប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើនដូចជា ប្រេស៊ីល រុស្ស៉ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ត្រូវជួបប្រជុំគ្នា។

លោក ម៉ាកវេនយ៉ា បានគូសបញ្ជាក់ថា «មេដឹកនាំទាំងអស់ ត្រូវបានគេរំពឹងថានឹងចូលរួមកិច្ចប្រជុំកំពូលមួយនេះ ប៉ុន្តែដោយមានដីការបស់ ICC ការកំណត់នោះនឹងត្រូវរៀបចំឡើងវិញ ហើយកំពុងដំណើរការ។ នៅពេលរួចរាល់នឹងមានការប្រកាសជាផ្លូវការ»

គួរបញ្ជាក់ថា អាហ្រ្វិកខាងត្បូង និងរុស្ស៉ីគឺជាដៃគូជិតស្និទ្ធ ចាប់តាំងពីអតីតសហភាពសូវៀតបានគាំទ្រ គណបក្ស ANC ដែលប្រឆាំងការរើសអើងជាតិសាសន៍ ដែលដឹកនាំដោយ លោក ស៉ីរីល រ៉ាម៉ាហ្វ៊ូសា (Cyril Ramaphosa) ប្រធាធិបតីអាហ្វ្រិកខាងត្បូងសព្វថ្ងៃ។ អាហ្រ្វិកខាងត្បូងមិនបានចូលរួម ថ្កោលទោសសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ឬដាក់ទណ្ឌកម្មលើទីក្រុងមូស្គូឡើយ ខណៈដែលយោធារបស់ប្រទេសនេះបានចូលរួមធ្វើសមយុទ្ធ ជាមួយកងកម្លាំងរុស្ស៉ី និងចិន កាលពីពេលកន្លងទៅ ក្នុងឆ្នាំ២០២៣នេះ៕