(យូអិន)៖ អ្នកនាំពាក្យអង្គការសហប្រជាជាតិ (UN) លោក ស្តេហ្វេន ឌួចារ៉ិក (Stephane Dujarric) បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ដោយមើលឃើញស្ថានការណ៍កាន់តែអាក្រក់នៅក្នុងប្រទេសស៊ូដង់ ប្រមុខ UN លោក អាន់តូនីញ៉ូ ហ្គូតឺរ៉េស (Antonio Guterres) បានចេញបញ្ជាឲ្យប្រធានទីភ្នាក់ងារមនុស្សធម៌ លោក ម៉ាទីន ហ្រ្គីហ្វហ្វីត (Martin Griffiths) ធ្វើដំណើរទៅកាន់ប្រទេសអាហ្វ្រិកភាគឦសានមួយនេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃចន្ទ ទី១ ខែឧសភា ឆ្នាំ២០២៣។

សេចក្តីថ្លែងការណ៍ ខាងលើនេះ បានគូសបញ្ជាក់ថា «បញ្ហាដែលកំពុងលេចឡើង គឺក្នុងកម្រិតមិនធ្លាប់មានពីមុនមកក្នុងប្រទេសស៊ូដង់។ យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះប្រជាជន ទាំងពេលបច្ចុប្បន្នក៏ដូចជាក្នុងរយៈពេលវែង ក៏ដូចជាទំហំនៃផលប៉ះពាល់ យ៉ាងទំលំទូលាយ។ ដោយមើលឃើញពីវិបត្តិមនុស្សធម៌នេះហើយ ប្រធានទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ ត្រូវបានណែនាំឲ្យទៅកាន់តំបន់ភ្លាមៗ»

គួរបញ្ជាក់ថា ចំណុចសំខាន់នៃទំនាស់រវាងកងកម្លាំងយោធាទាំងពីរ គឺទាក់ទងនឹងការកំណត់ពេលវេលា និងវិធីសាស្រ្ត សម្រាប់ការបង្រួបបង្រួមកងកម្លាំងប្រដាប់អាវុធនៃប្រទេសស៊ូដង់ ក៏ដូចជាអ្នកដែលគួរត្រូវបានតែងតាំងជា អគ្គមេបញ្ជាការនៃកងទ័ព។ គិតចាប់តាំងពីជម្លោះផ្ទុះឡើង កាលពីថ្ងៃទី១៥ ខែមេសា មនុស្សស្លាប់បានកើនឡើងដល់ជាង ៦០០នាក់ហើយ៕