(បាងកក)៖ អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ (Thaksin Shinawatra) បានសរសេរនៅលើបណ្តាញសង្គមថា ដោយសារតែឥឡូវចៅទី៧ ដែលជាចៅពៅគេរបស់លោកបានកើតហើយនោះ រូបលោកនឹងត្រឡប់មកវិញក្នុងពេលឆាប់ៗ ព្រោះស្ថិតក្នុង​វ័យ៧៣ឆ្នាំ លោកចង់ចំណាយពេលមើលថែទាំចៅៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១ ខែឧសភា ឆ្នាំ២០២៣។

កាលពីវេលាព្រឹកថ្ងៃចន្ទនេះ លោក ថាក់ស៉ីន បានបង្ហោះសារនៅលើប្រព័ន្ធ Twitter ថា រូបលោកអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ជាមួយដំណឹងកូនស្រីរបស់លោក គឺអ្នកនាង ផែថោងថាន ស៉ីនណាវ៉ាត់ (Paetongtarn Shinawatra) ទើបតែបានសម្រាលកូន ដែលត្រូវជាចៅទី៧របស់លោក និងមានឈ្មោះហៅក្រៅថា ថាស៉ីន។ លោកបានសរសេរដូច្នេះថា «ខ្ញុំចង់សុំការអនុញ្ញាតត្រឡប់មកវិញ ដើម្បីមើលថែទាំចៅៗ ដោយសារតែ​ខ្ញុំនឹងឈានដល់អាយុ៧៤ឆ្នាំហើយ នៅខែកក្កដា ឆ្នាំនេះ។ ជួបគ្នាក្នុងពេលឆាប់ៗ»។ បើតាមលោក ថាក់ស៉ីន ចៅទាំង៧របស់លោក គឺ​សុទ្ធតែបានកើតក្រោយពេលលោកត្រូវភៀសខ្លួនចេញពីប្រទេស។

គួរបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ២០០៨ តុលាការកំពូលថៃបានផ្តន្ទាទោសឱ្យលោក ថាក់ស៉ីន ឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ពីបទ​រំលោភអំណាច កំលុងពេលកាន់តំណែងជានាយករដ្ឋមន្រ្តី។ លោក ថាក់ស៉ីន បានរត់ភៀសខ្លួនចេញពីប្រទេស នៅក្នុងឆ្នាំដដែលនោះ មុនតុលាការប្រកាសសាលក្រមកាត់ទោសរូបលោក។ អ្នកនាង ផែថោងថាន គឺជាបេក្ខភាពនាយករដ្ឋមន្រ្តីម្នាក់ នៃគណបក្ស ភឿថៃ ដែលជា​បក្សប្រឆាំងធំបំផុតរបស់ប្រទេសថៃ ហើយការសម្រាលកូនរបស់អ្នកនាង កើតមានឡើង ស្របពេលដែល២សប្តាហ៍ទៀតតែប៉ុណ្ណោះ ការបោះឆ្នោតសកល នឹងត្រូវរៀបចំឡើង៕