(មូស្គូ)៖ លោក រូស្លាន យូស្មានូវ (Ruslan Usmanov) អ្នកនាំពាក្យអគ្គកុងស៊ុលរុស្ស៉ីប្រចាំនៅទីក្រុងជេដដាហ៍ (Jeddah) នៃប្រទេសអារ៉ាប៊ីសាអូឌីត បាននិយយាថា អារ៉ាប៊ីសាអូឌីតបានជួយជម្លៀសជនជាតិរុស្ស៉ីរាប់សិបនាក់ ចេញពីប្រទេសស៊ូដង់តាមនាវាយោធា។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃចន្ទ ទី១ ខែឧសភា ឆ្នាំ២០២៣។

លោក យូស្មានូវ បានគូសបញ្ជាក់ថា «ជនជាតិរុស្ស៉ីមិនបានជម្លៀសពលរដ្ឋដោយខ្លួនឯងទេ។ ពួកគេកំពុងត្រូវបានជម្លៀស ដោយកប៉ាល់យោធាអារ៉ាប៊ីសាអូឌីត ចេញពីស៊ូដង់ទៅកាន់មូលដ្ឋានទ័ពជើងទឹក ក្នុងទីក្រុងកំពង់ផែជេដដាហ៍។ រហូតមកដល់ពេលនេះ មានជនជាតិរុស្ស៉ីប្រហែល ៤០នាក់បានមកដល់ហើយ។ អ្នកខ្លះត្រឡប់បានទៅរុស្ស៉ីវិញ ហើយខ្លះទៀតទៅប្រទេសផ្សេងទៀត អាស្រ័យលើគោលដៅរបស់ពួកគេ»

លោក យូស្មានូវ បានបន្ថែមថា អារ៉ាប៊ីសាអូឌីត ក៏បានជួយជម្លៀសពលរដ្ឋអាមេរិក និងអឺរ៉ុបផងដែរ។ ជាមួយគ្នានេះ អារ៉ាប៊ីសាអូឌីតក៏បង់ប្រាក់សម្រាប់ការស្នាក់នៅរយៈពេល ២ថ្ងៃរបស់ពួកគេ នៅក្នុងសណ្ឋាគារជាមួយនិងការផ្តល់ម្ហូបអាហារ។ ក្នុងករណីចាំបាច់ យើងនាំពួកគេទៅអាកាសយានដ្ឋាន ដោះស្រាយបញ្ហាមួយចំនួន ប៉ុន្តែជាធម្មតា អ្វីៗដំណើរការដោយរលូន។

គួរបញ្ជាក់ថា ស្ថានការណ៍ជម្លោះនៅស៊ូដង់កាន់តែកើនឡើង ចំពេលមានការខ្វែងគំនិតគ្នារវាងមេដឹកនាំកងទ័ពស៊ូដង់ លោក អាដែល ហ្វាតតា អាល់ បួរហាន់ (Abdel Fattah al-Burhan) និងមេដឹកនាំកងកម្លាំងទាហានប៉ារ៉ា (RSF) លោក មហាំម៉ាត់ ហាំដាន់ ដាហ្កាឡូ (Mohamed Hamdan Dagalo)៕