(កៀវ)៖ អ៊ុយក្រែនបានឱ្យដឹងថា រុស្ស៊ីកាលពីព្រឹកថ្ងៃចន្ទនេះ បានបាញ់មីស៊ីលក្នុងលក្ខណៈទ្រង់ទ្រាយធំលើកទីពីររបស់ខ្លួន ចូលទៅក្នុងប្រទេសអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗ ដោយបានបំផ្លេចបំផ្លាញផ្ទះរាប់សិបខ្នង និងមនុស្សយ៉ាងហោចណាស់ ៣៤នាក់បានរងរបួស នៅក្នុងទីក្រុង Pavlohrad ភាគខាងកើត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០២៣។

អភិបាល​តំបន់​បាន​និយាយ​ថា ការវាយប្រហារបានបំផ្លាញអគារលំនៅដ្ឋានចំនួន១៩ ផ្ទះចំនួន២៥ខ្នង សាលារៀនចំនួន៣ សាលាមត្តេយ្យចំនួន៣ និងហាងមួយចំនួន ខណៈមនុស្សចំនួន ៣៤នាក់ត្រូវបានរង​របួស​ ដោយក្នុង​នោះ​មាន​កុមារ​៥​នាក់​។

ដំបូងឡើយ អាជ្ញាធរនៅទីក្រុងកៀវបាននិយាយថា ពុំមានការស្លាប់ជនស៉ីវិល ឬក៏ការបំផ្លិចបំផ្លាញអគារស្នាក់នៅ ឬហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានរាយការណ៍នោះទេ ខណៈមីស៉ីលនានា ដែលបាញ់មករករដ្ឋធានីរបស់អ៊ុយក្រែន ត្រូវកម្ទេចបានទាំងអស់។

ការវាយប្រហារលើទីក្រុង Pavlohrad ដែលជាមជ្ឈមណ្ឌលផ្លូវដែកនេះ បានកើតឡើង ក្នុងរលកទីពីរនៃការវាយប្រហារដោយមីស៊ីលទូទាំងប្រទេសក្នុងរយៈពេលបីថ្ងៃ ខណៈដែលទីក្រុងមូស្គូទំនងជាបានបន្តយុទ្ធសាស្ត្រវាយប្រហាររយៈចម្ងាយឆ្ងាយរបស់ខ្លួនក្នុងរដូវរងារ។

គួរបញ្ជាក់ថា មនុស្សយ៉ាងហោ២៥នាក់ ទើបតែបានបាត់បង់ជីវិត ក្នុងការបាញ់ស្រោចមីស៉ីលរបស់រុស្ស៉ីកាលពីប៉ុន្មានថ្ងៃមុន ទៅលើទីក្រុង​ជាច្រើនរបស់អ៊ុយក្រែន រួមមានទាំងរដ្ឋធានីកៀវ។ រុស្ស៉ីបានបើកការវាយប្រហារទាំងនេះ ស្របពេលដែលទីក្រុងកៀវ កំពុងត្រៀមចាប់ផ្តើម​ប្រតិបត្តិការវាយបករបស់ខ្លួន ដើម្បីវាយរំដោះទឹកដីបន្ថែមទៀត នៅភាគខាងត្បូងនិងខាងកើតប្រទេស ដែលបានធ្លាក់ក្រោមកណ្តាប់ដៃរុស្ស៉ី ក្រោយការឈ្លានពានកាលពីខែកុម្ភៈ ឆ្នាំ២០២២៕