(កៀវ)៖ អ៊ុយក្រែននឹងអាចធ្វើការវាយប្រហារដាក់លើកងកម្លាំងរុស្ស៊ីក្នុងពេលណាមួយខាងមុខនេះ ហើយៗនេះក៏ជាអ្វីដែលអ៊ុយក្រែនកំពុងទន្ទឹងរង់ចាំផងដែរ។ ខណៈដែលសង្គ្រាមទ្រង់ទ្រាយធំ មួយត្រៀមនឹងកើតឡើងនាពេលខាងមុខនេះ សេចក្តីរាយការណ៍បង្ហាញការស៊ើបកម្លាំង និង ល្បិចយុទ្ធសាស្ត្ររៀបចំ ត្រូវបានបណ្តាញសារព័ត៌មានខ្លះបានលើកយកមកផ្សព្វផ្សាយដោយ ផ្អែកតាមប្រព័ន្ធថតពីផ្កាយរណប។

អ៊ុយក្រែនបាននិយាយថា ការត្រៀមលក្ខណៈរបស់ខ្លួន សម្រាប់ការវាយលុកនៅនិទាឃរដូវ គឺជិតរួចរាល់អស់ហើយ។ ក្រុមអ្នកតាមដានភាពវិវត្តន៍ បាននិយាយថាចំណុចភាគខាងត្បូង នៃប្រទេសអ៊ុយក្រែន ប្រហែលជាចំណុចសំខាន់នៃគោលដៅយុទ្ធនាការ នៅពេលដែលមាន ការវាយប្រហារនឹងបានកើតឡើងភ្លាមនោះ។ ប៉ុន្តែកម្លាំងទាហានរុស្សីបានប្រើពេលវេលាជិត ៥ខែរួចមកហើយ ក្នុងការរៀបចំគ្រឹះទប់ទល់ការវាយប្រហារ ជាមួយលេណដ្ឋានការពារបានរង់ ចាំត្រៀមស្វាគមន៍ទាហានអ៊ុយក្រែនរួចជាស្រេច។ ការវាយលុកណាមួយដើម្បីចង់ទម្លុះឬ ឆ្លង កាត់ទីលេណដ្ឋានត្រៀមរបស់រុស្ស៊ីដែលបានរៀបចំប្រមាណជិត៥ខែមកនេះ នឹងត្រូវប្រឈម នឹងឧបសគ្គខ្លាំងណាស់។

យោងតាមប្រព័ន្ធផ្កាយរណបដែលស៊ីអិនអិន និងបណ្តាញសារព័ត៌មានដទៃបានឃើញជុំវិញ ការរៀបចំរបស់រុស្ស៊ីក្នុងលេណដ្ឋានការពារភាគខាងត្បូងប្រទេស កងកម្លាំងរុស្ស៊ីបានត្រៀម រៀបចំប្រព័ន្ធការពារនៅលើដី ដើម្បីទប់ទល់នឹងការវាយលុករបស់អ៊ុយក្រែន មានលក្ខណៈ ស្មុគស្មាញដែលមិនមែនជាការវាយលុកអាចដែលអ៊ុយក្រែនធ្លាប់ធ្វើកាលពីខែកញ្ញាឆ្នាំ ២០២២នោះឡើយ។ កងកម្លាំងអ៊ុយក្រែនធ្លាប់ធ្វើយុទ្ធនាការវាយបកមួយទៅកាន់កងកម្លាំង រុស្ស៊ីវិញកាលពីក្នុងខែកញ្ញាឆ្នាំ២០២២នោះ ដោយបានដណ្តើមយកមកវិញនូវទឹកដីជាច្រើន ប៉ុន្តែគម្រោងវាយលុកក្នុងរដូវនិទាឃរដូវនេះ ត្រូវបានកងកម្លាំងរុស្ស៊ីបានត្រៀមនូវប្រព័ន្ធការពារទុកជាមុន សូម្បីតែការត្រូវបោះបង់ចោលក្រុង Kherson ភាគខាងកើតទន្លេ Dnipro កាលពីខែ វិច្ឆិកាឆ្នាំ២០២២កន្លងមក ក៏រុស្ស៊ីត្រូវតែដកកម្លាំងចេញមកដែរ ក្នុងការរៀបចំខ្សែបន្ទាត់ទប់ទល់ ជាមួយអ៊ុយក្រែនដែលនឹងត្រូវធ្វើនៅពេលខាងមុខនេះ។

យោងតាមស៊ីអិនអិន រូបភាពពីផ្កាយរណបដែលបង្ហាញពីការត្រៀមលក្ខណៈទុកជាមុនរបស់ទាហានរុស្ស៊ី ត្រូវគេឃើញមានការរៀបចំផ្នែកការពារជាច្រើន នាភាគខាងត្បូងអ៊ុយក្រែនដូចជា ការជីកស្រទាប់ដីនៃរណ្តៅប្រឆាំងរថក្រោះ ការបង្កើតឧបសគ្គស្អេកស្កះ ការបង្កើតវាលចំការ មីននិងរណ្តៅលេណដ្ឋាននោះជាដើម។

ទីតាំងការពាររបស់រុស្ស៊ី មានវែងច្រើនរយគីឡូម៉ែត្រឆ្លងកាត់ផ្លូវរៀបចំបត់បែនខ្វាត់ខ្វែង នៃ សមរភូមិមុខដែលសុទ្ធតែជាកន្លែងទាហានអ៊ុយក្រែនត្រូវឆ្លងកាត់់ក្នុងពេលបើកការវាយប្រ ហារប៉ុនប៉ងចង់ទម្លុះរបាំងឧបសគ្គ ដើម្បីដណ្តើមទឹកដែលដីរុស្ស៊ីបានចូលគ្រប់គ្រងនោះយកមកវិញ។ បញ្ហាប្រឈមសម្រាប់អ៊ុយក្រែនគឺការឆ្លងកាត់ ឬការកម្ទេចឧបសគ្គទាំងនេះ ត្រូវធ្វើ ក្នុងល្បឿនលឿនបំផុត ដើម្បីធ្វើឱ្យការបញ្ជានិងការគ្រប់គ្រងរបស់រុស្ស៊ី មិនអាចដំណើរការ បានក្នុងពេលដែលមានការវាយលុកនោះ។

រូបភាពផ្កាយរណបជាច្រើនចែករំលែកដោយក្រុមហ៊ុន Maxar Technologies និងដែលត្រូវ បានថតកាលពីថ្ងៃពុធសប្តាហ៍មុន បានបង្ហាញពីលេណដ្ឋានយ៉ាងធំទូលំទូលាយនៅភាគខាង កើតនៃទីក្រុង Polohy ក្នុងតំបន់ Zaporizhzhia ។ សេចក្តីរាយការណ៍បានបង្ហាញនូវការវិភាគ រូបភាពរបស់ Reuters ដែលរកឃើញទីតាំងការពាររាប់ពាន់កន្លែងនៅលើតំបន់ដ៏ធំទូលាយមួយ។

រូបភាពបានបង្ហាញថា «ទីតាំងរបស់រុស្ស៊ី ត្រូវបានប្រមូលផ្តុំច្រើនបំផុត នៅជិតជួរមុខនៅក្នុង តំបន់ភាគអាគ្មេយ៍ Zaporizhzhia និងក្នុងតំបន់ភាគខាងកើត និងតំបន់ឆ្លងកាត់ដីតូចចង្អៀត ដែលតភ្ជាប់ឧបទ្វីប Crimea ទៅកាន់តំបន់ផ្សេងដទៃទៀតនៃទឹកដីអ៊ុយក្រែន»។
ទីតាំងការពាររបស់រុស្សី មានរួមបញ្ចូលការជីករណ្តៅប្រឆាំងរថក្រោះនៅជិតក្រុងប៉ូឡូហ៊ីដែល លាតសន្ធឹងប្រមាណ៣០គីឡូម៉ែត្រ ក៏ដូចជាទីតាំងពង្រឹងបន្ថែមទៀត នៅជុំវិញទីក្រុងសំខាន់ៗ ដូចជាក្រុង Tokmak នោះជាដើម ។ តំបន់នេះត្រូវគេចាត់ទុកថាជាតំបន់មានសារៈសំខាន់ ប្រសិនបើកងកម្លាំងអ៊ុយក្រែនព្យាយាមឆ្ពោះទៅកាន់ទីក្រុង Melitopol និងបំបែកកងកម្លាំង រុស្ស៊ីនៅភាគខាងត្បូងប្រទេស។

លោក Stephen Wood របស់ក្រុមហ៊ុន Maxar Technologies បាននិយាយថា ការការពារទាំង នេះត្រូវបានចម្លងតាមនៅលើទឹកដីដ៏ធំទូលាយមួយ ចាប់ពីតំបន់ Crimea នៅភាគខាងត្បូង រហូតដល់ផ្នែកខ្លះនៃទឹកដីតំបន់ Donetsk ។
យោងតាមសេចក្តីរាយការណ៍របស់ស៊ីអិនអិន មេដឹកនាំតំបន់គ្រីមៀររបស់រុស្ស៊ីលោក Sergey Aksyonov បាន​ថ្លែង​កាល​ពី​ដើម​ខែមេសាឆ្នាំ២០២៣​​ថា «កង​កម្លាំង​ប្រដាប់​អាវុធ​របស់រុស្ស៊ី​បាន​កសាង​ប្រព័ន្ធ​ការពារ​ដ៏​ទំនើបនិង​ស៊ី​ជម្រៅ»។

ការរៀបចំប្រព័ន្ធលេណដ្ឋានការពារទាំងនេះ ត្រូវគេរាយការណ៍ថាបានចាប់ផ្តើមធ្វើបន្ទាប់ពី កងកម្លាំងរុស្ស៊ីបានដកខ្លួនចេញពីផ្នែកមួយនៃតំបន់ Kherson កាលពីខែវិច្ឆិកាឆ្នាំ២០២២។ វា បានក្លាយជាប្រព័ន្ធលេណដ្ឋានថ្មី និងសំខាន់ដែលបង្កើតខ្វាត់ខ្វែងក្នុងតំបន់ភាគខាងត្បូងអ៊ុយក្រែន។ ក្រសួងការពារជាតិអង់គ្លេស បានថ្លែងកាលពីខែវិច្ឆិកាឆ្នាំ២០២២ថា រោងចក្រចំនួន២ ត្រូវបានគេផលិតធ្វើជាឧបសគ្គបេតុង «ធ្មេញនាគ» ប្រឆាំងនឹងរថក្រោះសត្រូវ។

ស៊ីអិនអិន បានរាយការណ៍ថា ប្រព័ន្ធការពារបែបនេះ គឺល្អដូចកងកម្លាំងដែលត្រូវបានដាក់ ពង្រាយក្នុងតំបន់គ្រប់គ្រងរបស់ខ្លួនតែប៉ុណ្ណោះ ដោយកម្លាំងរៀបចំនីមួយៗអាចដោះស្រាយ ឧបសគ្គដែលមានកំណត់របស់ខ្លួនបាន ដែលទាំងនេះ​ហើយ គឺ​ជា​មូលហេតុ​ដែល​រុស្ស៊ី​បាន​រុញច្រានកម្លាំង​បន្ថែម​ជាច្រើនទៀត​ចូល​ទៅកាន់​ភាគ​ខាង​ត្បូង​អ៊ុយក្រែន។ ខ្សែការពារទាំងនេះត្រូវគេបញ្ជាក់ថា គឺជាចំណុចសំខាន់ចំពោះគោលដៅរួមរបស់ពួកគេទាំងអស់។

រូបភាពពីផ្កាយរណបបានបង្ហាញទៀតថា មូលដ្ឋានរុស្ស៊ីដ៏ធំមួយនៅភាគខាងជើងគ្រីមៀដែល ក្នុងរង្វង់ខែកុម្ភៈ ត្រូវគេឃើញថាមានពោរពេញដោយឧបករណ៍ រួមទាំងកាំភ្លើងធំ និងរថក្រោះ ប៉ុន្តែកន្លែងដដែលនោះ ស្រាប់តែឃើញទទេជាច្រើនវិញនៅចុងខែមីនា ហើយស្ទើរតែគ្មាន ឃើញអាវុធទាំងអស់នោះកាលពីសប្តាហ៍មុន ដោយមិនដឹងថាត្រូវបានបញ្ជួនទៅកាន់ទីណាមួយឡើយ។ សេចក្តីរាយការណ៍បានវាយតម្លៃថា ឧបករណ៍យោធាទាំងនោះទំនង​ជា​ត្រូវ​ បាន​បញ្ជូន​ទៅភាគ​ខាង​ជើង​ដើម្បី​ពង្រឹង​ខ្សែ​ការពាររបស់​រុស្ស៊ី។

សេចក្តីរាយការណ៍ដដែលបាននិយាយថា គេមិនដឹងថាតើក្នុងតំបន់ដែលរុស្ស៊ីបានពង្រាយ កម្លាំងនិងសម្ភារៈដាក់ នឹងមានទាហានរុស្ស៊ីប៉ុន្មាននាក់និងតើគុណភាពយ៉ាងណានោះឡើយ ក្នុងជួរលេណដ្ឋានខាងមុខដែលបានរៀបចំយ៉ាងវែងសម្រាប់ទប់ទល់នឹងការវាយលុករដូវ Spring របស់ទាហានអ៊ុយក្រែននោះ។

សេចក្តីរាយការណ៍បាននិយាយថា​ ការធ្វើសង្គ្រាមនាពេលបន្តិចទៀតខាងមុខ នេះនឹងមាន សារៈសំខាន់ សម្រាប់អ៊ុយក្រែនក្នុងការវាយបន្ទុចបង្អាក់ខ្សែផ្លូវសម្រាប់ការផ្គត់ផ្គង់ ការបំផ្លាញ ឃ្លាំងរក្សា គ្រាប់និងការបាញ់ដាក់លើហេដ្ឋារចនាសម្ព័ន្ធឥន្ធនៈរបស់រុស្ស៊ីនៅមុនការវាយលុក ត្រៀមនឹង ចាប់ផ្តើមនោះ។ សេចក្តីរាយការណ៍នាចុងសប្តាហ៍នេះ បានបង្ហាញនូវការឆ្មក់របស់អ៊ុយក្រែន ដែលបានប្រើដ្រូនបាញ់ឆេះធុងដាក់ប្រេងធំៗជាង១០ធុងរបស់រុស្ស៊ីនៅក្នុងតំបន់គ្រីមៀរនោះថែមទៀត។

មន្ត្រីអ៊ុយក្រែនបានទទួលស្គាល់ថា ការវាយលុកនាពេលខាងមុខបន្តិចទៀតនេះ វាមិនដូច នឹងការវាយលុកភ្លាមៗកាលពីខែកញ្ញាឆ្នាំ២០២២ ដែលពេលនោះបានឆ្លងកាត់តំបន់ Kharkiv នោះទេ។ សង្គ្រាមរដូវ Spring ជិតនឹងកើតឡើងនេះ គឺពួកគេនឹងអាចប្រឈមការខ្វះ សម្ភារៈចាំបាច់ខ្លះ។ សេចក្តីរាយការណ៍បង្ហាញថាមុននេះអ៊ុយក្រែនបានស្នើរកការបំពាក់ដល់យន្តហោះ F16 រប​ស់អាមេរិកក្នុងកងកម្លាំងអាកាសអ៊ុយក្រែនថែមទៀតដើម្បីធ្វើការវាយលុករដូវ Spring។

ប៉ុន្តែការវាយលុកក្នុងពេលខាងមុខនេះ នឹងត្រូវតែធ្វើ ដោយការមិនរង់ចាំយន្តហោះ F16របស់អាមេរិកនោះឡើយ។ លោកហ្សេឡិនស្គី បានថ្លែងបញ្ជាក់ប្រាប់អ្នកសារព័ត៌មានជុំ វិញការបើកយុទ្ធនាការវាយលុកទ្រង់ទ្រាយធំនេះថា «យើងមានលទ្ធភាពនៃការបញ្ចប់សង្គ្រាមនេះបាន។ ទោះជាយ៉ាងណាក៏ដោយវាមិនមែនសុទ្ធតែរឿងទាំងអស់នឹងកើតឡើងក្នុងពេលតែមួយនោះឡើយ»

លោកថា «នៅថ្ងៃស្អែកយើងត្រូវការពេលវេលាដើម្បីបង្វឹក ប៉ុន្តែយើងត្រូវតែយល់នូវរបៀប​វាយលុក ដ៏លឿននិងយើងត្រូវយល់ជុំវិញការផ្គត់ផ្គង់ជំនួយដែលនឹងមកដល់បន្ទាប់ពេលខាងក្រោយ»។ លោកបន្តទៀតថា «រហូតមកទល់នឹងពេលនេះ មានប្រទេសជាច្រើនដែលមានយន្តហោះ F16 ឬប្រទេសលោកខាងលិចដែលមានយន្តហោះប្រយុទ្ធដែលគេចង់ឱ្យអ៊ុយក្រែននិងគេបាន ត្រៀមផ្តល់មកជួយអ៊ុយក្រែន»

សេចក្តីរាយការណ៍បង្ហាញថា ក្នុងពេលដែលអាវុធបាញ់ចម្ងាយឆ្ងាយដែលនឹងមកដល់យឺត គឹ អ៊ុយក្រែនត្រៀមនឹងប្រើដ្រូនអត្តឃាតជំនួសសិន។

ការត្រៀមលក្ខណៈប្រយុទ្ធ ត្រូវប្រព័ន្ធផ្កាយរណប បានបង្ហាញនូវរូបភាពត្រៀមសម្រាប់តំបន់ Zaporizhzhia ផងដែរ។ មន្ត្រីរុស្ស៊ីដែលគ្រប់គ្រងនៅតំបន់ Zaporizhzhia បានថ្លែងថា មានការ កសាងកងកម្លាំងអ៊ុយក្រែនយ៉ាងច្រើនរួចហើយនៅក្នុងតំបន់ Zaporizhzhia នេះ។ លោក Vladimir Rogov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា កងពលថ្មីរបស់ទាហានអ៊ុយក្រែន នឹងត្រូវមកដល់ទីតាំងសមរភូមិជួរមុខនេះនៅចុងសប្តាហ៍។

លោក Rogov បាននិយាយថា «កងពលអ៊ុយក្រែនទាំងនេះមានអ្នកប្រយុទ្ធដែលមានស្រាប់ ចំនួនមួយម៉ឺន២ពាន់នាក់។ ទោះជាយ៉ាងណាក៏ដោយចំនួនកម្លាំងទ័ពរបស់អ៊ុយក្រែនត្រូវគេ រក្សាជាសម្ងាត់និងមន្ត្រី​អ៊ុយក្រែន​ក៏មិន​បានបង្ហាញ​ពី​ការធ្វើសកម្មភាពរបស់​អង្គភាព​ទ័ពរបស់ខ្លួនឡើយ។

មន្ត្រីអង្គការណាតូបាននិយាយថាប្រមាណ ៩៨% នៃយានយន្តប្រយុទ្ធដែលសន្យាឱ្យអ៊ុយ ក្រែនឥឡូវនេះកំពុងស្ថិតនៅក្នុងប្រទេសហើយ។ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Oleksii Reznikov បាននិយាយកាលពីថ្ងៃសុក្រក​ន្លងមកនេះថា ការរៀបចំសម្រាប់ការវាយលុកគឺ ស្ទើរតែរួចរាល់ហើយ។ ប៉ុន្តែអង្គភាពអ៊ុយក្រែនត្រៀមវាយលុកទាំងអស់នៅមុននឹងចាប់ផ្តើម នឹង ត្រូវធ្វើសមយុទ្ធរួមជាមួយនឹងឧបករណ៍ថ្មីទាំងនេះសិន ដោយរួមបញ្ចូលឧបករណ៍បោស សម្អាតមីន, ការត្រូវកម្ទេចនូវរបាំងឧបសគ្គរថក្រោះ និងការកសាងស្ពានដែលនឹងត្រូវធ្វើជា មួយក្រុមអង្គភាពទ័ពស្រួចអ៊ុយក្រែនក៏ដូចជាកងកម្លាំងបំពាក់ឧបករណ៍គ្រឿងបំផ្ទុះនានាដើម្បី ការសំអាតផ្លូវដើម្បីបើកច្រកធ្វើដំណើរទៅមុខ។

ការវាយប្រហារក្នុងរដូវ Spring ដែលមានរៀបចំយុទ្ធសាស្ត្រត្រៀមទុកជាមុនរបស់រុស្ស៊ីនេះ ត្រូវគេរំពឹងថា មិនមែនជាការងាយស្រួលដូចកម្លាំងអ៊ុយក្រែនធ្លាប់បើកការវាយលុកកាលពីខែ កញ្ញាឆ្នាំ២០២២នោះឡើយ។ ការវាយប្រហារនឹងត្រូវឱ្យកិច្ចសហការគ្នា បានល្អណាស់ដើម្បី យកឈ្នះលើទាហានរុស្ស៊ី។ ប៉ុន្តែសេចក្តីរាយការណ៍ពីអង្គភាពខ្លះរបស់អ៊ុយក្រែនបានបង្ហាញ ការផ្គត់ផ្គង់មិនគ្រប់គ្រាន់លើអាវុធគ្រាប់រំសេវដល់ពួកគេផងដែរ ខណៈកំពុងតែប្រយុទ្ធលើសមរភូមិក្បែរក្រុងបាក់មុតនាពេលនេះ។

ទាហានអ៊ុយក្រែនបានថ្លែងថា គេត្រូវការអាវុធកាំភ្លើងធំជាច្រើនដូចជាកាំភ្លើងត្បាល Artillery និងកាំភ្លើងជាច្រើនដទៃទៀត។ លោកថា ទាហានក្នុងកងពលរបស់លោក គឺជាក្រុមដែលមាន ការបំពាក់អាវុធបានល្អ ប៉ុន្តែលោកបានថ្លែងថាលោកចង់បានអាវុធជាច្រើនថែមទៀត…អាវុធ ល្អថ្មីៗដើម្បីគេអាចធ្វើការជាមួយបាន និងលោកថាគេចង់បានទាហានប្រយុទ្ធមួយក្រុមទៀត ដែលអាចធ្វើកិច្ចការដ៏ស្ទាត់ជំនាញរបស់គេជាមួយនឹងអាវុធថ្មីទំនើបទាំងនោះ ក៏ដូចការត្រូវ ការអាវុធកាណុងជាច្រើនថែមទៀតផងដែរ។

នៅទន្ទឹមនឹងយុទ្ធនាការវាយលុករដូវ Spring ដែលនឹងចាប់ផ្តើមនាពេលខាងមុខនេះ សេចក្តី រាយការណ៍ជុំវិញការវាយប្រហារនៅក្នុងក្រុង Bakhmut នៅតែបន្ត។ ក្រសួងការពារជាតិរុស្ស៊ី បានថ្លែងថាកងកម្លាំងរុស្ស៊ីបានចូលគ្រប់គ្រងក្នុងកន្លែងថ្មីជាច្រើនទៀត នៅក្នុងក្រុងបាក់មុត ភាគខាងកើតដែលអ៊ុយក្រែនបានព្យាយាមទប់ទល់ដោយការចាត់ទុកថាក្រុងបាក់មុត គឺជា ផ្លូវនេះជីវិតដ៏សំខាន់រវាងក្រុងដែលខ្ទេចខ្ទាំនេះ ទៅកាន់ក្រុង Chasiv Yar ដែលស្ថិតនៅភាគ ខាងលិចចម្ងាយប្រមាណ១៧គីឡូម៉ែត្រ។

នៅក្នុងក្រុងបាត់មុតនោះ មេបញ្ជាការទាហានក្រុមWagner របស់រុស្ស៊ីលោក យ៉េវគេនី ព្រីកូ ស៊ីន បានត្អូញត្អែរឃុំការខ្វះគ្រាប់រំសេវ ខណៈដែលមុនេះលោកនិយាយថា យុទ្ធនាការវាយលុករដូវ Spring របស់អ៊ុយក្រែននឹងចាប់ផ្តើមធ្វើក្នុងសប្តាហ៍នេះហើយ។ មេបញ្ជាការ ក្រុម Wagner បានថ្លែងថាបើសិនជាទាហានអ៊ុយក្រែននឹងចាប់ផ្តើមវាយប្រហារទ្រង់ទ្រាយធំមែន នោះ វានឹងបង្កឱ្យមានសោកនាដកម្មសម្រាប់ទាហានរុស្ស៊ី។ លោកបានថ្លែងគំរាមដកទាហានរបស់​លោក ចេញពីទីក្រុង​បាក់មុតថែមទៀត ប្រសិនបើខ្លួនពុំទទួលបានគ្រាប់បន្ថែមដើម្បីបន្តការ​ប្រយុទ្ធនោះទេ។ សេចក្តីរាយការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងថា គេបាន ធ្វើការផ្លាស់ប្តូរជំនួសឧត្តមសេនីយ៍យោធារុស្ស៊ីដែលទទួលបន្ទុកករណីស្បៀងគឺលោក Mikhail Mizintsev នោះហើយ នៅមុនដែលយុទ្ធនាការរដូវ Spring ត្រៀមនឹងចាប់ផ្តើមនាពេលខាង មុខនេះ៕