(វ៉ាស៊ីនតោន)៖ អ៊ុយក្រែន បានអះអាងថាការត្រៀមលក្ខណៈសម្រាប់ប្រតិបត្តិការវាយលុកនិទាឃរដូវ ដើម្បីដណ្ដើមយកទឹកដីដែលរុស្ស៉ីកំពុងកាន់កាប់ ត្រឡប់មកវិញ ជិតបញ្ចប់ទាំងស្រុងហើយ។ ទីក្រុងកៀវ មិនបានបង្ហើបឱ្យដឹងថាតើការវាយលុកដែលត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅក្នុងខែឧសភានេះ នឹងផ្តោតទៅលើតំបន់ណាមួយនោះទេ តែអ្នកវិភាគខ្លះជឿថាអាចជាតំបន់ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ហើយប្រតិបត្តិការនេះក៏មិនងាយស្រួលដូច ដែលអ៊ុយក្រែនបានធ្វើនាពេលកន្លងមក ដូចជានៅទីក្រុងខាកៀវ ឬក៏តំបន់ខឺសុន នោះទេ។

រូបភាពផ្កាយរណបជាច្រើន ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអាមេរិកធំៗ បានបង្ហាញថារុស្ស៉ីបានពង្រីក និងពង្រឹងខែ្សការពារនៅតាមតំបន់ប៉ែកខាងត្បូង អ៊ុយក្រែន ជាមួយការជីកលេណដ្ឋានប្រឆាំងរថក្រោះ ចម្ការមីន និងលេនដ្ឋានធម្មតាជាដើម។ ខាងក្រោមគឺជាសំណួរធំៗ គួរដឹងពីប្រតិបត្តិការវាយលុករបស់ អ៊ុយក្រែន ហើយថាតើប្រតិបត្តិការនេះអាចនឹងផ្លាស់ប្ដូរទិសដៅសង្រ្គាមដូចម្ដេចខ្លះ នៅពេលអនាគត៖

* ហេតុអ្វីបានជាគេផ្ដោតលើការវាយលុករបស់អ៊ុយក្រែន?
កម្មវត្ថុចម្បងរបស់អ៊ុយក្រែន មិនមានការផ្លាស់ប្ដូរទេ នោះគឺបិទបញ្ចប់ការឈ្លានពាន និងបណ្ដេញកងទ័ពរុស្ស៉ីឱ្យចេញពីទឹកដីរបស់ខ្លួនដែលត្រូវបានទទួលស្គាល់ ដោយអន្តរជាតិ ក្នុងនោះរួមមានទាំងតំបន់គ្រីមៀ ដែលទីក្រុងមូស្គូ បានក្រសោបយកកាលពីឆ្នាំ២០១៤។ ដើម្បីអាចសម្រេចកិច្ចការទាំងនេះបាន អ៊ុយក្រែន ចាំបាច់ ត្រូវតែធ្វើការវាយលុកជាដាច់ខាត ព្រោះបើមិនវាយលុក ចង់ដេញកងទ័ពរុស្ស៉ីយ៉ាងម៉េច?

ការវាយលុកនិទាឃរដូវរបស់អ៊ុយក្រែន ត្រូវបានគេរំពឹងថាអាចនឹងធ្វើឡើងក្នុងខែឧសភា ឬពាក់កណ្ដាលខែឧសភា បន្ទាប់ពីទីក្រុងកៀវទទួលបានអាវុធទំនើបៗ ពីលោកខាងលិច មានទាំងរថក្រោះប្រយុទ្ធធុនធ្ងន់ Leopard-2 និងបានបណ្ដុះបណ្ដាលទាហានថ្មីបន្ថែម។ ក្នុងពេលបច្ចុប្បន្ន រុស្ស៉ីកំពុងបង្កើនការវាយលុក យ៉ាងខ្លាំងលើទាហានអ៊ុយក្រែនដែលកំពុងតស៊ូប្រយុទ្ធការពារទីក្រុងបាកមូត។ ក្រុមអ្នកវិភាគលោកខាងលិចយល់ថាទីក្រុងមួយនេះមិនមានប្រយោជន៍ជា យុទ្ធសាស្ត្រតម្រូវឱ្យអ៊ុយក្រែនពលីជីវិតទាហាន និងធនធានតទៅទៀត ដើម្បីការពារទីក្រុងនេះនោះទេ។ ប៉ុន្តែ លោក ហ្សេលេនស្គី បានសន្យាថានឹងការពារ ទីក្រុងបាកមូត រហូតដល់ដង្ហើមចុងក្រោយ។ យ៉ាងណាក៏ដោយ អ៊ុយក្រែនក៏មិនអាចប្រកាន់យកជំហរការពាររហូតនោះដែរ ពីព្រោះថាសង្រ្គាមជាប់គាំង អាចនឹងបង្កផលប៉ះពាល់ដល់ឆន្ទៈនយោបាយរបស់បណ្ដាប្រទេសលោកខាងលិច ឬអាចនិយាយបានដរាបណា ប្រតិបត្តិការវាយលុករបស់អ៊ុយក្រែន មិនកើតឡើង នោះឆន្ទៈនយោបាយផ្ដល់ការគាំទ្ររបស់លោកខាងលិចក៏អាចនឹងថមថយចុះផងដែរ។ តួយ៉ាង ក្នុងឯកសារសម្ងាត់យោធាអាមេរិក ដែលបានបែក ធ្លាយកាលពីខែមីនាកន្លងទៅ អ៊ុយក្រែនបាននិយាយថាលោកខាងលិចនៅតែមានភាពយឺតយ៉ាវក្នុងការផ្គត់ផ្គង់អាវុធ ហើយថ្មីៗនេះសមាជិកព្រឹទ្ធសភាអាមេរិក មួយក្រុមមកពីបក្សសាធារណរដ្ឋ ថែមទាំងបានផ្ញើលិខិតមួយច្បាប់ទៅកាន់លោកប្រធានាធិបតី ចូ បៃដិន ដោយស្នើឱ្យបញ្ឈប់ការបញ្ជូនអាវុធគ្មានដែនកំណត់ ទៅឱ្យអ៊ុយក្រែន។

បណ្ដាប្រទេសលោកខាងលិចរួមទាំងសហរដ្ឋអាមេរិក នៅតែស្ទាក់ស្ទើរចំពោះសមត្ថភាពរបស់អ៊ុយក្រែន ក្នុងការដណ្ដើមយកទឹកដីទាំងអស់របស់ខ្លួន មកវិញ ជាពិសេស គឺតំបន់គ្រីមៀ។ ប៉ុន្តែ ពួកគេក៏ចង់ឃើញដែរ ភាពរីកចម្រើន និងការប្រើប្រាស់អាវុធលោកខាងលិចយ៉ាងមានប្រសិទ្ធភាពពីសំណាក់អ៊ុយក្រែន ដើម្បី អាចសម្រេចបាននូវជ័យជម្នះ និងបំបាក់រុស្ស៉ីនៅលើសមរភូមិ ដូចនាពេលកន្លងមក។

* តើរថក្រោះលោកខាងលិច នឹងជួយឱ្យអ៊ុយក្រែនទទួលបានជ័យជម្នះឬ?
កាលពីដើមឆ្នាំ២០២៣ បណ្ដាប្រទេសលោកខាងលិចបានឯកភាពគ្នាបញ្ជូនរថក្រោះធុនធ្ងន់ឱ្យអ៊ុយក្រែន ដោយក្នុងនោះអាល្លឺម៉ង់យល់ព្រមបញ្ជូន រថក្រោះប្រយុទ្ធ Leopard 2 និងអនុញ្ញាតឱ្យប្រទេសដទៃដែលមានរថក្រោះប្រភេទនេះអាចបញ្ជូនទៅឱ្យអ៊ុយក្រែន។ ចំណែកឯ ចក្រភពអង់គ្លេស បានយល់ព្រមផ្ដល់រថក្រោះ Challenger 2 ខណៈសហរដ្ឋអាមេរិកព្រមផ្ដល់រថក្រោះ Abrams ចំនួន៣១គ្រឿង។ ការបញ្ជូនរថក្រោះ Abrams ឱ្យអ៊ុយក្រែន នឹងត្រូវចំណាយពេលជាច្រើនខែ។ បើតាមក្រុមទំនាក់ទំនងផ្នែកការពារអ៊ុយក្រែន រថក្រោះ Abrams អាចនឹងត្រូវបញ្ជូនទៅដល់អ៊ុយក្រែន នៅប៉ុន្មានសប្ដាហ៍ ខាងមុខ ហើយមកទល់ពេលនេះអ៊ុយក្រែនទទួលបានរថក្រោះប្រយុទ្ធធុនធ្ងន់ជាង ២៣០គ្រឿង និងរថពាសដែករាប់ពាន់គ្រឿងពីលោកខាងលិច។

នៅលើក្រដាស អ្វីៗគឺមើលទៅអស្ចារ្យ ហើយទាហានអ៊ុយក្រែន ក៏ទទួលបានការបណ្ដុះបណ្ដាលពីរបៀបប្រើរថក្រោះលោកខាងលិចដែរ។ ប៉ុន្តែ ទន្ទឹមគ្នា វាធ្វើឱ្យ ទីក្រុងកៀវ ត្រូវមានរថក្រោះ រួមទាំងរថពាសដែកច្រើនប្រភេទខុសគ្នាៗ និងសុទ្ធតែមានលក្ខណៈពិសេសផ្សេងៗគ្នា។ ដូចជា រថក្រោះអាល្លឺម៉ង់ Leopard 2 និងរថក្រោះអង់គ្លេស Challenger 2 មានកាណុងកាំភ្លើងខុសគ្នា រីឯគ្រាប់រំសេវក៏ខុសគ្នាដែរ។ ម្យ៉ាងវិញទៀត ក្រៅតែពីមានរថក្រោះ រឿងដែលកាន់តែសំខាន់ ទៅទៀត នោះគឺការថែទាំ និងការផ្គត់ផ្គង់នានាដែលរថក្រោះទាំងនេះត្រូវការជាចំបាច់។ ឬនិយាយឱ្យខ្លី បញ្ហាមិនមែននៅត្រង់តែរថក្រោះទេ ពោលគឺក៏ត្រូវរួមផ្សំ ទាំងសមត្ថភាពផ្គត់ផ្គង់ និងឡូហ្ស៉ីស្ទិក ផងដែរ ដើម្បីគាំទ្រ និងប្រើរថក្រោះដោយជោគជ័យ នៅលើសមរភូមិ។ ជាឧទាហរណ៍៖ រថពាសដែកសម្រាប់ប្រើ ជាស្ពានចម្លងរថក្រោះឆ្លងទឹក វាក៏អាស្រ័យទៅលើទម្ងន់រថក្រោះដែរ។ បានន័យថាប្រសិនបើគេប្រើប្រាស់បរិក្ខារយោធាមិនត្រឹមត្រូវ នោះវានឹងធ្វើឱ្យយឺតយ៉ាវ ដល់ប្រតិបត្តិការវាយលុក ក៏ដូចជាធ្វើឱ្យទាហានរបស់ខ្លួនងាយនឹងរងគ្រោះថ្នាក់។

* តើរុស្ស៉ី និងអ៊ុយក្រែន ត្រៀមខ្លួនយ៉ាងដូចម្ដេច?
ឯកសារសម្ងាត់យោធាអាមេរិកដែលបានបែកធ្លាយកាលពីពេលថ្មីៗនេះ បានឱ្យដឹងថាក្នុងរយៈពេលជាងមួយឆ្នាំនៃសង្រ្គាមមកនេះ ទាហានអ៊ុយក្រែនបានស្លាប់ និងរបួសពី ១២៤,០០០នាក់ ដល់ ១៣១,០០០នាក់ ហើយក្នុងនោះមាន ១៧,៥០០នាក់បានស្លាប់។ រីឯ រុស្ស៉ីមានទាហានស្លាប់ និងរបួសជាង ២២០,០០០នាក់ ក្នុងនោះមាន ៤៣,០០០នាក់បានស្លាប់។

ទាហានអ៊ុយក្រែន មានឆន្ទៈ និងទឹកចិត្តប្រយុទ្ធយ៉ាងខ្លាំង ពីព្រោះថាសង្រ្គាមសព្វថ្ងៃគឺជាអាយុជីវិតជាតិរបស់ពួកគេ។ ប៉ុន្តែ ក្រោយការវាយប្រយុទ្ធគ្នា អស់រយៈពេលមួយឆ្នាំមកនេះ អ៊ុយក្រែនបានកែនកងទ័ពថ្មីបន្ថែមដែលនឹងត្រូវចាប់ដៃជាមួយកងទ័ពចាស់នៅលើសមរភូមិ។ នៅត្រង់នេះបញ្ហា នោះគឺថាតើ កងទ័ពថ្មីដែលប្រដាប់ដោយអាវុធលោកខាងលិច និងកងទ័ពចាស់ អាចរួមដៃគ្នាប្រយុទ្ធយ៉ាងមានប្រសិទ្ធភាពដែរ ឬក៏យ៉ាងណា។ ខាងរុស្ស៉ីវិញ ក៏បានត្រៀម លក្ខណៈសម្រាប់ទប់ទល់នឹងការវាយលុករបស់អ៊ុយក្រែនដែរ តាមរយៈការរៀនសូត្រពីកំហុសកាលពីឆ្នាំមុន។ ការត្រៀមលក្ខណៈរបស់រុស្ស៉ី អាចនឹងធ្វើឱ្យ ប្រតិបត្តិការវាយលុករបស់អ៊ុយក្រែនត្រូវប្រឈមមុខនឹងបញ្ហាច្រើន និងការលះបង់យ៉ាងសម្បើម ក៏អាចថាបាន ពីព្រោះថាជំហររបស់រុស្ស៉ីសព្វថ្ងៃ គឺជាជំហរ ការពារដែលមានភាពងាយស្រួលជាងការវាយលុក។

រុស្ស៉ី និងអ៊ុយក្រែន សុទ្ធតែបានបាត់បង់កងទ័ពរៀងៗខ្លួន។ តែក្រៅតែពីនេះ ទាំងទីក្រុងមូស្គូ និងកៀវ ក៏កំពុងប្រឈមមុខនឹងការខ្វះខាតគ្រាប់រំសេវផងដែរ។ កាលពីដើមឆ្នាំ២០២៣ អ៊ុយក្រែនត្រូវបានគេរាយការណ៍ថាបានប្រើគ្រាប់រំសេវអស់លឿនជាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត​ NATO ស្វែងរក ឬផលិត គ្រាប់រំសេវទៅទៀត។

* តើនឹងមានអ្វីកើតឡើង ក្រោយការវាយលុករបស់អ៊ុយក្រែន?
ក្រុមអ្នកវិភាគយល់ថា នេះជាសំណួរដ៏សំខាន់បំផុតសម្រាប់ប្រតិបត្តិការវាយលុករបស់អ៊ុយក្រែន។ ពួកគេជឿថាអ៊ុយក្រែន អាចនឹងដណ្ដើមបានមកវិញនូវទឹកដី មួយចំនួនរបស់ខ្លួនមកវិញ តែវាគឺអាស្រ័យថាតើជ័យជម្នះទាំងនោះត្រូវបានលោកខាងលិច អ៊ុយក្រែន និងរុស្ស៉ីឱ្យនិយមន័យដូចម្ដេច? អ៊ុយក្រែន មានគោលបំណងបណ្ដេញកងទ័ពរុស្ស៉ីទាំងអស់ចេញពីទឹកដីរបស់ខ្លួន ប៉ុន្តែត្រឹមតែការធ្វើប្រតិបត្តិការវាយលុកតែមួយមុខ ប្រហែលជាមិនអាចទៅរួចឡើយ។ រុស្ស៉ីកំពុងគ្រប់គ្រង១ភាគ៦ នៃទឹកដីអ៊ុយក្រែន ហើយបើទោះជាធ្លាប់ចាញ់កន្លងមកក៏ដោយ ក៏កងទ័ពរុស្ស៉ីមិនទាន់បរាជ័យទាំងស្រុងនៅឡើយទេ។

នៅក្នុងប្រតិបត្តិការវាយលុក អ៊ុយក្រែនអាចនឹងប្រឈមមុខនឹងការខាតបង់ធ្ងន់ធ្ងរទាំងកងទ័ព និងសព្វាវុធ។ ដូចនេះដើម្បីអាចឱ្យអ៊ុយក្រែនបន្តធ្វើប្រតិបត្តិការបាន លោកខាងលិចត្រូវតែបន្តផ្ដល់អាវុធ និងការផ្គត់ផ្គង់ដទៃឱ្យអ៊ុយក្រែនដែរ។ ប៉ុន្តែ ការផ្គត់ផ្គង់របស់លោកខាងលិច គឺវាមិនមែនមិនមានព្រំដែនកំណត់នោះទេ។ ជោគជ័យ ក្នុងប្រតិបត្តិការវាយលុកនិទាឃរដូវ អាចនឹងទុកពេលឱ្យលោកខាងលិចប្រមូលជំនួយបន្ថែម និងបង្កើនការផលិតគ្រាប់រំសវ។ តែព្រមពេលជាមួយគ្នា វាក៏មិនប្រាកដនោះដែរថា អ៊ុយក្រែនអាចនឹងទទួលបានអាវុធធុនធ្ងន់ដូចជារថក្រោះបន្ថែមពីលោកខាងលិច។ ពីព្រោះថាខណៈផ្ដល់រថក្រោះឱ្យអ៊ុយក្រែន ពួកគេ ក៏ត្រូវលះបង់រថក្រោះខ្លួនឯងដែរ ហើយបើអ៊ុយក្រែនចង់បានរថក្រោះបន្ថែម តើរថក្រោះទាំងនោះត្រូវយកមកពីណាទៀត?

គួរបញ្ជាក់ថា រដ្ឋាភិបាលលោកខាងលិច បានអះអាងពីប្ដេជ្ញាចិត្តការគាំទ្ររបស់ពួកគេ ទាំងខាងនយោបាយ និងជំនួយយោធាសម្រាប់អ៊ុយក្រែន។ ប៉ុន្តែ ដរាបណា សង្រ្គាមនៅតែអូសបន្លាយ នោះវានឹងជំរុញឱ្យប្រទេសលោកខាងលិចខ្លះចាប់ផ្ដើមចោទសួរថាតើអ៊ុយក្រែនពិតជាអាចទទួលបានជ័យជម្នះក្នុងសង្រ្គាមសព្វថ្ងៃ ដែរឬទេ? បញ្ហាមិនមែន នៅត្រង់ថាសង្រ្គាមអ៊ុយក្រែននឹងជាប់គាំងទេ តែអ្វីដែលជាហានិភ័យ នោះគឺបណ្ដាប្រទេសលោកខាងលិចបានចាប់ផ្ដើមមើលឃើញថា សង្រ្គាមសព្វថ្ងៃជាប់គាំងបាត់ទៅហើយ។ ដូច្នេះ ប្រតិបត្តិការវាយលុករបស់អ៊ុយក្រែន ត្រូវតែសម្រេចឱ្យបាននូវជោគជ័យ បើពុំដូច្នោះទេ វានឹងកាន់តែធ្វើឱ្យសំឡេង ទាមទារឱ្យមានកិច្ចចរចាជាមួយរុស្ស៉ី នឹងកើនឡើង ដោយសំអាងថាជម្លោះមិនអាចត្រូវបានដោះស្រាយតាមមធ្យោបាយយោធានោះទេ ដូចដែល មេទ័ពកំពូលអាមេរិក លោក Mark Milley ធ្លាប់បានលើកឡើង៕