(ឡុងដ៏)៖ រដ្ឋមន្រ្តីការរបរទេសអង់គ្លេស លោក ជេមស៍ ក្លេវឺលី (James Cleverly) និយាយថា លោករំពឹងថានឹងបានជួបអនុប្រធានាធិបតីចិន លោក ហាន ចេង (Han Zheng) នៅពេលដែលឥស្សរជនជាន់ខ្ពស់របស់ចិន មកបំពេញទស្សនកិច្ចនៅទីក្រុងឡុងដ៍ ដើម្បីចូលរួមក្នុងពិធីរាជាភិសេករបស់ព្រះមហាក្សត្រចក្រភពអង់គ្លេស ស្តេច ឆាល (Charles) នាចុងសប្តាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២ ខែឧសភា ឆ្នាំ២០២៣។

ឥស្សរជន និងប្រមុខរដ្ឋាភិបាលមួយចំនួន កំពុងធ្វើទស្សនកិច្ចនៅទីក្រុងឡុងដ៍ក្នុងសប្តាហ៍នេះ មុនពេលពិធីរាជាភិសេក ប្រារព្ធឡើងនៅថ្ងៃទី៦ ខែឧសភា នៅឯមហាព្រះវិហារ Westminster Abbey ហើយលោករដ្ឋមន្ត្រីការបរទេសអង់គ្លេស ទំនងជានឹងប្រើឱកាសនេះដើម្បីជួបជាមួយមេដឹកនាំបរទេសនានា។ នៅពេលត្រូវបានសួរអំពីជំនួបជាមួយអនុប្រធានាធិបតីចិន លោក ក្លេវឺលី បានប្រាប់វិទ្យុ BBC របស់អង់គ្លេស យ៉ាងដូច្នេះថា «ខ្ញុំសង្ស័យថាប្រហែលជាអាចទៅរួច។ ហើយនៅពេលនោះ ខ្ញុំនឹងពិភាក្សាអំពីអ្វីៗគ្រប់យ៉ាងដូចពេលដែលខ្ញុំជួបជាមួយមន្ត្រីចិនផ្សេងទៀត ដែលរួមមានទាំងចំណុចរិះគន់»

គួរបញ្ជាក់ថា ជំនួបណាមួយរវាង លោក ក្លេវឺលី និងលោក ហាន នឹងមានកើតឡើងចំពេលទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងចិនស្ថិតក្នុងកម្រិតទាប បន្ទាប់ពីទីក្រុងឡុងដ៍បានរឹតបន្តឹងការវិនិយោគរបស់ចិនជុំវិញការព្រួយបារម្ភអំពីសន្តិសុខជាតិ ហើយបានសម្តែងការព្រួយបារម្ភចំពោះការកើនឡើងនៃកម្លាំងយោធា និងសេដ្ឋកិច្ចរបស់ទីក្រុងប៉េកាំង។

ក្នុងសុន្ទរកថាមួយកាលពីសប្តាហ៍មុន លោក ក្លេវឺលី បានជំរុញឲ្យប្រទេសចិនបើកចំហបន្ថែមទៀត អំពីអ្វីយុទ្ធសាស្រ្តរបស់ខ្លួ​នការកសាងយោធាដ៏ធំបំផុត ហើយថាផែនការសម្ងាត់របស់ចិនអាចនាំឲ្យមាន «ការគណនាខុស»៕