(វ៉ាស៉ីនតោន)៖ ក្រុមហ៊ុនរៀបចំការធ្វើដំណើរឡើងភ្នំ International Mountain Guides ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានឱ្យដឹងនៅថ្ងៃអង្គារនេះថា អ្នកឡើងភ្នំជនជាតិអាមេរិកម្នាក់ ទើបតែបានបាត់បង់ជីវិតនៅលើភ្នំ Everest។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២ ខែឧសភា ឆ្នាំ២០២៣។

ជនជាតិអាមេរិកខាងលើដែលមានវ័យ៦៩ឆ្នាំ បានបាត់បង់ជីវិតនៅឯជំរំមួយកន្លែង ដែលជាទីតាំងសម្រាប់ឈប់សម្រាករបស់ក្រុមអ្នកឡើងភ្នំ Everest ខណៈជំរំនោះស្ថិតនៅរយៈកម្ពស់ប្រហែល៦,៤០០ម៉ែត្រ។ ករណីស្លាប់នេះកើតមានឡើង បន្ទាប់ពីអ្នកឡើងភ្នំជនជាតិនេប៉ាល់​ចំនួន៣នាក់ បានបាត់បង់ជីវិត កាលពីខែមេសាកន្លងទៅនេះ ក្រោយផ្ទាំងទឹកកកមួយដុំបាក់សង្កត់ចំ រួចបណ្តាលឱ្យពួកគេចូលធ្លាក់ទៅក្នុងរណ្តៅទឹកកដ៏ជ្រៅមួយ។

គួរបញ្ជាក់ថា ជាមួយកម្ពស់៨,៨៤៩ម៉ែត្រ Everest ត្រូវបានចាត់ទុកជាភ្នំខ្ពស់ជាងគេបង្អស់នៅលើពិភពលោក ហើយក្រុមអ្នកភ្លើងធំជាទូទៅ​តែងនាំគ្នាដាក់គោលដៅដើម្បីឡើងភ្នំនេះ នៅកំលុងនិទាឃរដូវ (រដូវផ្ការីក)។ សម្រាប់រដូវកាលនេះ នេប៉ាល់បានផ្តល់សិទ្ធិឡើងភ្នំ Everest ឱ្យដល់​អ្នកឡើងភ្នំសរុបចំនួន៤៦៦នាក់៕