(ឡុងដ៍)៖ បុរសជាឪពុក​បាន​និយាយ​ថា ក្មេង​ស្រីអង់គ្លេស​អាយុ​៣​ឆ្នាំ និង​ម្តាយ​របស់​នាង​ជាប់​ក្នុង​ប្រទេស​ស៊ូដង់ បន្ទាប់​ពី​មន្ត្រី​ការទូត​ចក្រភព​អង់គ្លេស​បដិសេធ​មិន​ព្រម​ជម្លៀស​ពួកគេ​ចេញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០២ ខែឧសភា ឆ្នាំ២០២៣។

លោក Amar Idris បាននិយាថា​ កុមារី Samrin Idris និងម្តាយរបស់នាងអាយុ ៤១ឆ្នាំ ឈ្មោះ Amina កំពុងជាប់គាំងនៅក្នុងទីក្រុងឆ្នេរសមុទ្រ Port Sudan បន្ទាប់ពីបានរត់គេចពីការប៉ះទង្គិចគ្នាយ៉ាងខ្លាំងរវាងកងកម្លាំងប្រដាប់អាវុធនៅទីក្រុង Khartoum ។

អ្នកទាំងពីរបានភៀសខ្លួនចេញពីរដ្ឋធានីស៊ូដង់ ក្នុងគោលបំណងដើម្បីទទួលបានជើងហោះហើរជម្លៀសចុងក្រោយ ចេញពីប្រទេសទៅកាន់ចក្រភពអង់គ្លេសកាលពីថ្ងៃចន្ទ ប៉ុន្តែត្រូវបានបដិសេធមិនឱ្យចូលយន្តហោះដោយសារមិនមានទិដ្ឋាការចក្រភពអង់គ្លេស។

លោក Idris បាននិយាយថា មន្ត្រីអង់គ្លេសបានរារាំង នាង​ Amina ដែលជាម្តាយមិនឱ្យឡើងយន្តហោះ ដោយសារតែមិនមានទិដ្ឋាការចក្រភពអង់គ្លេស។​ ប៉ុន្តែកូនស្រីត្រូវបានឱ្យឡើងយន្តហោះ ប៉ុន្តែបន្ទាប់មកពួកគេបានប្រាប់ម្តាយវិញថា កូនស្រីរបស់គាត់មិនអាចឡើងជិះយន្តហោះតែម្នាក់ឯងបានទេ។

បុរសជាប្តីបាននិយាយថា «ព្រឹកមិញពួកគេ (អ្នកការទូតអង់គ្លេស) បាននិយាយថាពួកគេនឹងយកកុមារីឡើងជិះយន្តហោះតែម្នាក់ឯង។ បន្ទាប់​មក​ពួក​គេ​បាន​ត្រឡប់​មក​វិញ ហើយ​និយាយ​ថា ពួក​គេ​មិន​អាច​យក​កូន​ដោយ​គ្មាន​ម្តាយ​បាន​ទេ។ ពួក​គេ​បាន​ផ្លាស់​ប្តូរ​ចិត្ត»

រឿងនេះវាកើតឡើងនៅពេលដែលអ្នកការទូតអង់គ្លេស ដោយមានជំនួយពីទាហាន បានជម្លៀសពលរដ្ឋអង់គ្លេសជាង ២,០០០នាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃ ចំពេលមានបទឈប់បាញ់គ្នា ដែលមិនសប្បាយចិត្តរវាងបក្សពួកដែលកំពុងប្រយុទ្ធនៅក្នុងប្រទេស៕