(វ៉ាស៉ីនតោន)៖ មន្ទីរបញ្ចកោណ កាលពីថ្ងៃអង្គារសប្តាហ៍នេះបានឲ្យដឹងថា រដ្ឋបាលរបស់លោក ចូ បៃដិន នឹងបញ្ជូនកងទ័ពបន្ថែមជាបណ្ដោះអាសន្នចំនួន ១,៥០០នាក់ទៅការពារព្រំដែនអាមេរិក-ម៉ិកស៊ិក ពីការកើនឡើងនៃការធ្វើចំណាកស្រុកខុសច្បាប់ នៅពេលដែលការរឹតបន្តឹងព្រំដែនដើម្បីទប់ស្កាត់កូវីដ១៩ ត្រូវដកចេញនៅខែឧសភានេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣ ខែឧសភា ឆ្នាំ២០២៣។

អ្នកនាំពាក្យរបស់មន្ទីរបញ្ចកោណ លោកឧត្តមសេនីយ៍ ផេត រ៉ាយដឺ (Pat Ryder) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការដាក់ពង្រាយកងទ័ពរយៈពេល ៩០ថ្ងៃ នឹងបំពេញបន្ថែមការងាររបស់កងល្បាតព្រំដែនអាមេរិក ប៉ុន្តែមិនអនុវត្តកាតព្វកិច្ចអនុវត្តច្បាប់នោះទេ។ ពួកគេនឹងធ្វើការត្រួតពិនិត្យនៅតាមមូលដ្ឋាន បញ្ចូល និងផ្ទុកទិន្នន័យ សម្រួលដល់កិច្ចការរបស់ភ្នាក់ងារព្រំដែន និងបំពេញចន្លោះខ្វះខាតផ្សេងៗ។ វានឹងបន្ថែមពីលើ ការដាក់ពង្រាយកងកម្លាំងឆ្មាំជាតិប្រមាណ ២,៥០០នាក់ នៅទីនោះ ដែលកំពុងតែបន្តប្រព្រឹត្តទៅ។

ទាហានអាមេរិកចំនួន ១,៥០០នាក់នេះអាចទៅដល់ព្រំដែនអាមេរិក-ម៉ិកស៊ិក ត្រឹមថ្ងៃទី១០ ខែឧសភា ខណៈមន្ទីរបញ្ចកោណកំពុងសម្លឹងរកមធ្យោបាយ ដើម្បីផ្លាស់ប្តូរបុគ្គលិកដែលមានកាតព្វកិច្ចសកម្ម ដោយដាក់ជំនួសកងកម្លាំងបម្រុងវិញ

គួរបញ្ជាក់ថា វិធានការដើម្បីទប់ស្កាត់កូវីដ១៩ដែលនឹងត្រូវបញ្ចប់ នៅថ្ងៃ ទី១១ ខែឧសភា អនុញ្ញាតឲ្យអាជ្ញាធរសហរដ្ឋអាមេរិក បណ្តេញជនចំណាកស្រុកមិនមែនម៉ិកស៉ិកទៅកាន់ប្រទេសម៉ិកស៉ិកវិញយ៉ាងឆាប់រហ័ស ដោយគ្មានឱកាសស្វែងរកសិទ្ធិជ្រកកោន៕