(ហែលស៉ិនគី)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានធ្វើដំណើរទៅដល់ហ្វាំងឡង់នាថ្ងៃពុធនេះ ដើម្បីចូលរួមកិច្ចប្រជុំ​ជាមួយក្រុមមេដឹកនាំប្រទេសអឺរ៉ុបខាងជើង ហើយពិភាក្សាអំពីស្ថានការណ៍សង្រ្គាមឈ្លានពានរបស់រុស្ស៉ី ក៏ដូចជាទំនាក់ទំនង​ជាមួយអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣ ខែឧសភា ឆ្នាំ២០២៣។

រដ្ឋាភិបាលហ្វាំងឡង់បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា «ប្រធានបទនៃកិច្ចប្រជុំកំពូលនេះ គឺសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន, ការបន្តគាំទ្ររបស់ក្រុមប្រទេសអឺរ៉ុបខាងជើងសម្រាប់អ៊ុយក្រែន, ទំនាក់ទំនងរបស់អ៊ុយក្រែនជាមួយសហភាពអឺរ៉ុប (EU) និងអង្គការណាតូ (NATO) និងផែនការសន្តិភាពរបស់អ៊ុយក្រែន»។ លោក ហ្សេលេនស្គី នឹងជួបជាមួយប្រធានាធិបតីហ្វាំងឡង់ លោក សាវលី នីនីស្តូ (Sauli Niinisto) ព្រមទាំងនាយករដ្ឋមន្រ្តីស៊ុយអែត ន័រវែស ដាណឺម៉ាក និងអ៉ីស្លង់។

គួរបញ្ជាក់ថា តាំងពីសង្រ្គាមជាមួយរុស្ស៉ីផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក លោក ហ្សេលេនស្គី បានចាប់ផ្តើមបំពេញទស្សនកិច្ចចេញ​ទៅក្រៅប្រទេសជាលើកដំបូង កាលពីចុងឆ្នាំមុន ដែលរួមមានទៅកាន់ទីក្រុងវ៉ាស៉ីនតោននៃសហរដ្ឋអាមេរិក ទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស ទីក្រុងប៉ារីសនៃប្រទេសបារាំង ទីក្រុងព្រុចសែលនៃប្រទេសបែលហ្ស៉ិក និងទីក្រុងវ៉ាសូវីនៃប្រទេសប៉ូឡូញ៕