(កៀវ)៖ និទាឃរដូវនឹងបញ្ចប់ទៅក្នុងចុងខែឧសភានេះ ខណៈការត្រៀមយុទ្ធការវាយលុកទ្រង់ទ្រាយធំ ក្នុងនិទាឃរដូវ នៅមិនទាន់ចាប់ផ្តើមនោះទេ។ តើអ៊ុយក្រែននឹងបើកយុទ្ធនាការវាយលុកនិទាឃរដូវនេះ នៅពេលណា?

ការលេចធ្លាយឯកសារសម្ងាត់ចេញពីក្រសួងការពារជាតិអាមេរិកកន្លងមកនេះ ត្រូវគេសង្ស័យថា អាចជាការបារម្ភមួយរបស់អ៊ុយក្រែននិងភាពពាក់ព័ន្ធដល់យុទ្ធនាការវាយលុកនិទាឃរដូវ ឈានមកដល់នេះទៀត។ មេបញ្ជាការក្រុម Wagner រុស្ស៊ី លោក Yevgeny Prigozhin បាន ថ្លែងប្រាប់ទាហានរបស់លោក​មុននេះថា ការវាយប្រហារទ្រង់ទ្រាយធំរបស់អ៊ុយក្រែនសម្រាប់និទាឃរដូវ មកដល់នេះ នឹងធ្វើនៅថ្ងៃទី២ឧសភាសប្តាហ៍នេះ ប៉ុន្តែថ្ងៃទី២ឧសភាបានកន្លង ផុតមកហើយដែលគេមិនទាន់ឃើញយុទ្ធនាការនិទាឃរដូវរបស់អ៊ុយក្រែនចាប់ផ្តើមនោះឡើយ។

ភាពសង្ស័យពន្យាពេលយុទ្ធនាការនេះ ត្រូវគេវិភាគថាដោយសារតែការលេចធ្លាយ ឯកសារសម្ងាត់ធ្លាយចេញពីក្រសួងការពារជាតិអាមេរិក ដែលខ្លឹមសារលេចធ្លាយនោះបាន បង្ហាញនូវចំណុចខ្លាំងនិងខ្សោយពាក់ព័ន្ធនឹងកម្លាំងយោធារបស់អ៊ុយក្រែនជាពិសេសទាក់ ទងនឹងយុទ្ធសាស្ត្រវាយប្រយុទ្ធទ្រង់ទ្រាយធំក្នុងនិទាឃរដូវនេះថែមទៀត។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានថ្លែងប្រាប់កាសែត The Washington Post របស់អាមេរិកថា លោកដឹងអំពីការលេចធ្លាយដ៏ធំនៃឯកសារស៊ើបការណ៍សម្ងាត់នោះ ពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងលោកថារហូតមកទល់នឹងពេលនេះ លោកនៅមិនទាន់មាន ការសន្ទនាណាមួយជាមួយនឹងសេតវិមាន ឬជាមួយនឹងលោកចូបៃដិននោះឡើយ។ លោក ថ្លែងថាលោកមិនបានត្រូវប្រាប់ឱ្យដឹងជាមុននូវការលេចធ្លាយឯកសារនោះឡើយ។ លោក បាននិយាយថាការលេចធ្លាយព័ត៌មានសម្ងាត់នេះ វា​ជា​រឿង​មិន​ល្អទេ។ លោកហ្សេឡិនស្គី បានថ្លែងបន្តថា វាគ្មានចំណេញអ្វីសោះ និងថាការលេចធ្លាយនោះមិនបានធ្វើឱ្យកេរ្តិ៍ឈ្មោះសេតវិមានល្អឡើយ។

ឯកសារសម្ងាត់​ដែល​លេច​ធ្លាយកន្លងមក​នេះ ​គឺ​ជា​ផ្នែក​មួយ​នៃ​ឯកសារសម្ងាត់យោធា និងឯក សារចារកម្មរបស់សហរដ្ឋអាមេរិកដែលត្រូវផ្សព្វផ្សាយលើប្រព័ន្ធបណ្តាញសង្គមឈ្មោះ Discord ។ ឯកសារទាំងនោះបានបង្ហាញផងដែរនូវការវាយតម្លៃមិនល្អលើកម្លាំងធ្វើសង្គ្រាមរបស់រុស្ស៊ី និងបានបង្ហាញជុំវិញស្ថានភាពធ្ងន់ធ្ងរផ្នែកយោធារប​ស់អ៊ុយក្រែន ដោយរួមមានទាំង និយាយបើកកកាយថា អ៊ុយក្រែនខ្វះគ្រាប់សម្រាប់ប្រព័ន្ធការពារដែនអាកាសដែលការលេច ធ្លាយទាំងនោះ បានកើតឡើងនៅមុនពេលដែលអ៊ុយក្រែនត្រៀមធ្វើយុទ្ធនាការវាយលុកនិទាឃរដូវ ដើម្បីធ្វើការរំដោះយកទឹកដីអ៊ុយក្រែនពីរុស្ស៊ី។

រដ្ឋមន្ត្រីការបរទេសអាមេរិកធ្លាប់លើកទស្សនៈជំទាស់ជុំវិញការប្រើកម្លាំងកន្លងមក ប្រមុខការទូតរបស់សហរដ្ឋអាមេរិកធ្លាប់បាននិយាយថា ការប្រើកម្លាំងវាយដណ្តើម យកទឹកដីពីរុស្ស៊ីមិនមែនជាវិធីល្អនោះឡើយ។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិកលោក Anthony Blinken កាលពីចុងខែមីនាឆ្នាំ២០២៣បាន​ប្រាប់ សភាកុងហ្គ្រេស អាមេរិកថា អ៊ុយក្រែន​ប្រហែល​ជា​មិន​អាច​ដណ្ដើម​យក​ទឹកដី​ដែល​កាន់កាប់​ដោយ​រុស្ស៊ី​ទាំង​អស់​មក​វិញ​ដោយ​ការប្រើកម្លាំង​បាយឡើយ​។

សហរដ្ឋអាមេរិកគឺជាអ្នកគាំទ្រផ្នែកយោធាដ៏សំខាន់បំផុតរបស់អ៊ុយក្រែន។ សហរដ្ឋអាមេរិកតែងសន្យាថា គេនឹងបន្តជួយជានិច្ចដល់អ៊ុយក្រែន «ដរាបណាអ៊ុយក្រែនត្រូវការ» ដើម្បីប្រឆាំង នឹងការឈ្លានពានរបស់រុស្ស៊ី។ ប៉ុន្តែសម្តីរបស់លោក Antony Blinken ដែលបានប្រាប់សភាកុង ហ្គ្រេសអាមេរិកកាលពីចុងខែ មីនាកន្លងមកនោះ បានធ្វើឱ្យរដ្ឋាភិបាលក្រុងកៀវមិនសប្បាយ ចិត្តនោះឡើយ។ លោក Antony Blinken ហាក់បីដូចជាបង្ហាញថា បំណងរបស់អ៊ុយក្រែន ដែលចង់ដណ្តើមយកទឹកដីរបស់ខ្លួនពីរុស្ស៊ីមកវិញនោះ ប្រហែលជាអាចធ្វើទៅបាន តាមរយៈ វិធីការទូតតែប៉ុណ្ណោះ។

រុស្ស៊ីបានគ្រប់គ្រងតំបន់គ្រីមៀរតាំងពីឆ្នាំ២០១៤ និងក្រោយមកទៀតបានកាត់យកតំបន់ធំ ចំនួន៤ទៀតភាគខាងកើតអ៊ុយក្រែនធ្វើជាតំបន់រណប គឺតំបន់ដូណេតស៍, លូហានស៍, ខឺសិន និងហ្សាប៉ូរីហ្សៀ។

អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បាននិយាយបញ្ជាក់មុននេះថា រុស្ស៊ីចង់បង្កើតតំបន់គ្មានយោធាមួយនៅក្នុងតំបន់ទាំងឡាយ ដែលរុស្ស៊ីបានកាត់បញ្ចូលជាតំ បន់រណបកន្លងមកនេះ។ លោក Medvedev ក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ បាន សរសេរបង្ហោះនៅលើប្រព័ន្ធ Telegram ថា រុស្ស៊ីត្រូវសម្រេចបាននូវគោលដៅទាំងអស់ដែល បានកំណត់ដើម្បីការពារទឹកដីដែលរុស្ស៊ីកាត់យកទាំងនោះ ក្លាយជាទឹកដីនៃសហព័ន្ធរុស្ស៊ី។ លោកបានសរសេរបន្តថា គេត្រូវបង្កើតតំបន់ការពារមួយដែលជាតំបន់គ្មានយោធា ដោយមិន អនុញ្ញាតឱ្យប្រើប្រាស់អាវុធគ្រប់ប្រភេទឡើយក្នុងរង្វង់ចម្ងាយពី៧០ទៅ១០០គីឡូម៉ែត្រ។ លោកបន្តថា រុស្ស៊ី​នឹង​ត្រូវ​ជំរុញ​កិច្ចប្រឹងប្រែងនេះចូល​ទៅ​ក្នុង​ប្រទេស​អ៊ុយក្រែនបន្ថែមទៀត ប្រសិន​ណាបើ​តំបន់​បែប​នេះ​ មិនទាន់​ត្រូវ​បាន​បង្កើត​ឡើងនោះទេ។ តំបន់ទាំង៤រួមនឹងតំបន់គ្រីមៀរ ដែលរុស្ស៊ីបានកាន់កាប់មកនេះ គឺមានទំហំ១ភាគ៥​នៃ​ទឹក​ដី​អ៊ុយក្រែនទាំងមូល។

ទីប្រឹក្សារបស់លោក Zelensky គឺលោក Mikhailo Podolyak ធ្លាប់បានប្រាប់បណ្តាញសារព័ត៌ មានក្នុងជំនឿរបស់លោកថា បើសិនជាធ្វើឱ្យរុស្ស៊ីបរាជ័យលើសមរភូមិ ឬចាញ់ក្នុងសង្គ្រាម វា អាចនាំឱ្យរដ្ឋាភិបាលក្រុងម៉ូស្គូ ប្រញាប់រត់រកតុចរចា។ ដូច្នេះហើយបានជាអ៊ុយក្រែនកំពុង រំពឹងខ្លាំងណាស់នូវការបើកការវាយលុកទ្រង់ទ្រាយធំមួយក្នុងរដូវ Spring ដែលឈានមកដល់នេះ។ រដូវ Spring ឬនិទាឃរដូវជាធម្មតាមានរយៈពេល៣ខែ គឺខែមីនា មេសា និងឧសភា។ បន្ទាប់ពី រដូវ Spring រួច នឹងឈានចូលរដូវក្តៅ Summer ដែលនឹងមានរយៈពេលបីខែ គឺខែមិថុនា, កក្ក ដានិងខែសីហា។ បើសិនជាខែឧសភាកន្លងផុតទៅដោយមិនមានការបើកវាយលុកដូចអ៊ុយ ក្រែនធ្លាប់ប្រកាសនោះទេ, យុទ្ធនាការវាយលុកនោះ នឹងអាចត្រូវប្តូរមកជាយុទ្ធនាការរដូវក្តៅវិញ។

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Oleksii Reznikov បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ការត្រៀមលក្ខណៈសម្រាប់ការវាយលុកនៅរដូវ Spring បានត្រៀម ជិតរួចរាល់អស់ហើយ។ អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg ក៏បាននិយាយដែល ថាប្រមាណ ៩៨% នៃយានយន្តប្រយុទ្ធដែលសន្យាឱ្យអ៊ុយក្រែន ដើម្បីត្រៀមបើកយុទ្ធនាការវាយបកទ្រង់ទ្រាយធំនោះ ក៏កំពុងស្ថិតនៅក្នុងប្រទេសអ៊ុយក្រែនហើយ។ អង្គការណាតូនិយាយថា រថពាសដែកចំនួន១ពាន់៥៥០គ្រឿងនិងរថក្រោះមានចំនួន២៣០គ្រឿង បានស្ថិតក្នុងទឹកដីរបស់អ៊ុយក្រែនរួចរាល់ក្នុងការត្រៀមធ្វើយុទ្ធនាការវាយលុក។

សេចក្តីរាយការណ៍ពីលើសមរភូមិបាននិយាយបង្ហាញថាធាតុអាកាសដែលមានការធ្លាក់ភ្លៀងបង្កជាភាពទទឹកសើម គឺជាមូលហេតុនៃការមិនទាន់អាចចាប់ផ្តើមបើកយុទ្ធនាការបានឡើយ។ ប៉ុន្តែនៅទន្ទឹមនឹងភាពរង់ចាំដែលមិនទាន់ចាប់ផ្តើមបើកយុទ្ធនាការនេះ ក៏មានការសង្ស័យពាក់ ព័ន្ធជុំវិញការលេចធ្លាយឯកសារសម្ងាត់នោះផងដែរ។
ឯកសារ​លេច​ធ្លាយ​កន្លងមកនេះ​ ថែមទាំង​បាន​បង្ហាញ​ផង​ដែរ​ថា សហរដ្ឋ​អាមេរិក​កំពុង​ធ្វើ​ចារកម្ម​លើ​មន្ត្រី​កំពូលៗ​របស់​អ៊ុយក្រែនថែមទៀត ក្នុងនោះរួម​ទាំង​លោក Zelensky ផង​ដែរ។ សេចក្តីរាយការណ៍បង្ហាញអំពីមន្ត្រីអ៊ុយក្រែនខ្លះដែលជឿថា ការលេចធ្លាយឯកសារសម្ងាត់នោះ នឹងនាំឱ្យអ៊ុយក្រែនលែងចង់ផ្តល់ព័ត៌មានសម្ងាត់ដល់សហរដ្ឋអាមេរិក។

ក្នុងការឆ្លើយតបទៅនឹងសំណួររបស់កាសែត The Washington Post ដែលចង់ដឹងថាតើការ លេចធ្លាយឯកសារសម្ងាត់ទាំងនោះ នឹងធ្វើឱ្យមានភាពតានតឹងរវាងអ៊ុយក្រែន និងសហរដ្ឋ អាមេរិកដែរឬទេ?

លោក Zelenksy បាននិយាយថា «ខ្ញុំមិនអាចប្រថុយឱ្យប្រទេសខ្ញុំគ្រោះថ្នាក់នោះទេ» ដែល សម្តីនេះត្រូវគេបរិយាយថា ន័យរបស់វាគឺលោកហ្សេឡិនស្គី មិនចង់និយាយជាសាធារណៈ អំពីជំហររបស់លោកដែលបារម្ភខ្លាចក្រែងធ្វើឱ្យប៉ះពាល់ដល់ ការគាំទ្រសំខាន់របស់សហ រដ្ឋអាមេរិកដែលជាអ្នកគាំទ្រខ្លាំងបំផុតក្នុងការធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ីនាពេលនេះ។ លោក ហ្សេឡិនស្គី បានថ្លែងថាកន្លែងដែលលោកអាចនិយាយដោយត្រង់បានគឺលោកនឹងធ្វើ… ប៉ុន្តែ លោកថាវាមានហានិភ័យខ្ពស់ណាស់។ លោកបានបន្ថែមថាប្រសិនបើវាមិនមែនជាសង្គ្រាមប្រឆាំងនឹងមេដឹកនាំរុស្ស៊ី ហើយបើវាមានតែមនុស្ស២នាក់រវាងរូបលោកនិងលោកពូទីនតែប៉ុណ្ណោះលើសមរភូមិនោះទេ លោកនឹងប្រាប់អ្នកទាំងឡាយអំពីនូវអ្វីដែលលោកបានគិត។ លោកបញ្ជាក់ថា ប៉ុន្តែនៅទីនេះរឿងគឺវាខុសគ្នាបន្តិចដែលយើង​ត្រូវទទួល​ខុស​ត្រូវ​។

សេចក្តីរាយការណ៍របស់កាសែត The Guardian បានថ្លែងថាក្នុងពេលនេះអ៊ុយក្រែន បាន បង្កើតកងពលតូចវាយលុកចំនួន៨ សម្រាប់ការត្រៀមចូលរួមការវាយលុកនាពេលខាងមុខនេះ។ កាសែត The Guardian បានដកស្រង់សម្តីនៃក្រសួង​មហាផ្ទៃ​អ៊ុយក្រែន​ ដែលបាន​និយាយ​ថា នេះគឺជាការបង្កើត​កងពលតូច​វាយលុកដំបូង​ដែល​មាន​ទាហាន​ទាហានជំនាញ ចំនួនដល់​ទៅ ៤ម៉ឺននាក់ ប៉ុន្តែ​ពួកគេ​នឹង​ត្រូវ​ការ​ការ​ហ្វឹកហ្វឺន​បន្ថែម​ទៀត​ មុន​ពេល​ត្រៀមបើក ការវាយ​ប្រយុទ្ធ។ នៅជាមួយគ្នានេះផងដែរ សហរដ្ឋអាមេរិកនៅថ្ងៃទី៣ឧសភាឆ្នាំ២០២៣ បានប្រកាសកញ្ចប់ជំនួយយោធា​បន្ថែម​ដល់អ៊ុយក្រែន ដែលមានទំហំទឹកប្រាក់ ៣០០ លានដុល្លារ​ ដែលក្នុងនោះ គឺមានការ​ផ្ដល់ជាលើកដំបូងនូវ​គ្រាប់រ៉ុក្កែតបាញ់ពីលើអាកាស​រយៈចម្ងាយខ្លី។ មន្ត្រីអាមេរិកបាននិយាយថាគ្រាប់រ៉ុក្កែតនោះ នឹងជួយទាហានអ៊ុយក្រែនអាចមានលទ្ធភាពធ្វើ ឱ្យទាហានប្រយុទ្ធថ្មើរជើងរបស់រុស្ស៊ីទន់ខ្សោយ និងជួយដល់កងទ័ពស្រួចវាយលុករបស់ អ៊ុយក្រែនដែលត្រូវការបាញ់តាមអាកាសគាំទ្រដល់យុទ្ធនាការវាយលុករដូវ Spring នេះថែម ទៀត។ ប៉ុន្តែសំណួរដែលចង់ដឹងថា តើអ៊ុយក្រែននឹងបើកយុទ្ធនាការវាយលុករដូវ Spring នេះនៅថ្ងៃណាពិតប្រាកដនោះ គឺគេមិនទាន់អាចបញ្ជាក់ច្បាស់បានទេនាពេលនេះទេ៕