(មូស្គូ)៖ អាជ្ញាធររុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនកាលពីថ្ងៃពុធថា បានព្យាយាមវាយប្រហារវិមានក្រឹមឡាំងជាមួយនឹងយន្តហោះគ្មានមនុស្សបើក (ដ្រូន) ពីរគ្រឿង ក្នុងការប៉ុនប៉ងធ្វើឃាតប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី០៣​ ខែឧសភា ឆ្នាំ២០២៣។

វិមានក្រឹមឡាំងបានបរិហារការប៉ុនប៉ងវាយប្រហារននេះ ដោយត្រូវបានចាត់ទុកថាជា «អំពើភេរវកម្ម» ហើយបាននិយាយថា យោធា និងកងកម្លាំងសន្តិសុខរុស្ស៊ីបានបញ្ឈប់យន្តហោះដ្រូនមុនពេលវាបើកការវាយប្រហារ។

វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យន្តហោះដ្រូនចំនួនពីរគ្រឿងត្រូវបានតម្រង់ទៅកាន់វិមានក្រឹមឡាំង។ ជាលទ្ធផលនៃសកម្មភាពទាន់ពេលវេលាដែលធ្វើឡើងដោយយោធា និងសេវាកម្មពិសេសជាមួយនឹងការប្រើប្រាស់ប្រព័ន្ធរ៉ាដាសង្គ្រាម ឧបករណ៍ទាំងនោះត្រូវបានបញ្ឈប់សកម្មភាព»។

សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមទៀតថា «យើងចាត់ទុកសកម្មភាពទាំងនេះថាជាអំពើភេរវកម្មដែលបានគ្រោងទុក និងការប៉ុនប៉ងលើអាយុជីវិតរបស់ប្រធានាធិបតី ដែលបានធ្វើឡើងនៅមុនថ្ងៃនៃទិវាជ័យជំនះ ក្បួនដង្ហែរថ្ងៃទី៩ ឧសភា...»។

របាយការណ៍ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS ដែលដកស្រង់សេចក្តីថ្លែងការណ៍នោះបាននិយាយថា ប្រទេសរុស្ស៊ីរក្សាសិទ្ធិក្នុងការឆ្លើយតប «នៅពេលណា និងកន្លែងដែលវាយល់ថាសមរម្យ»។​

ទោះជាយ៉ាងណា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA ថា លោក ពូទីន មិនបានមានវត្តមាននៅក្នុងវិមានក្រឹមឡាំងនៅពេលនោះទេ ដោយកំពុងធ្វើការពីលំនៅដ្ឋាន Novo-Ogaryovo នៅក្រៅទីក្រុងមូស្គូ។

សេចក្តីថ្លែងការណ៍របស់រដ្ឋបាលប្រធានាធិបតីបាននិយាយថា បំណែកនៃយន្តហោះគ្មានមនុស្សបើកត្រូវបានរាយប៉ាយនៅលើទឹកដីវិមានក្រឹមឡាំង ប៉ុន្តែមិនមានការរងរបួស ឬការខូចខាតសម្ភារៈនោះទេ៕