(កៀវ)៖ មន្ត្រីជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែនបាននិយាយកាលពីថ្ងៃពុធថា ក្រុងកៀវមិនមានអ្វីពាក់ព័ន្ធនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើវិមានក្រឹមឡាំងនោះទេ ហើយថា សកម្មភាពបែបនេះមិនបានសម្រេចអ្វីសម្រាប់ក្រុងកៀវនៅលើសមរភូមិឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី០៣ ខែឧសភា ឆ្នាំ២០២៣។

ទីប្រឹក្សាប្រធានាធិបតី លោក Mykhailo Podolyak បាននិយាយនៅក្នុងសុន្ទរកថាផ្ញើទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ការអះអាងថាទីក្រុងកៀវនៅពីក្រោយការវាយប្រហារអាចបង្ហាញថា ទីក្រុងម៉ូស្គូកំពុងរៀបចំការវាយប្រហារ «ភេរវកម្ម» ទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ុយក្រែននៅប៉ុន្មានថ្ងៃខាងមុខនេះ។

លោក Podolyak បានបន្ថែមថា «ជា​ការ​ពិត​ណាស់ អ៊ុយក្រែន​មិន​មាន​អ្វី​ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​ដោយ​ដ្រូន​លើ​វិមាន​ក្រឹមឡាំង​ទេ។ យើង​មិន​វាយ​ប្រហារ​វិមាន​ក្រឹមឡាំង​ទេ ព្រោះវា​មិនអាច​ដោះស្រាយ​កិច្ចការ​យោធា​ណាមួយ​ឡើយ»។

គួរបញ្ជាក់ថា រុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនថា បានវាយប្រហារវិមានក្រឹមឡាំងដោយយន្តហោះគ្មានមនុស្សបើកចំនួនពីរគ្រឿងនៅពេលយប់ នៅក្នុងការប៉ុនប៉ងបរាជ័យក្នុងការធ្វើឃាតប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន៕