(វ៉ាស៊ីនតោន)៖ អ៊ុយក្រែន ត្រូវបានគេរាយការណ៍ថាអាចនឹងបើកប្រតិបត្តិការវាយបកដណ្ដើមយកទឹកដីរបស់ខ្លួន ដែលទាហានរុស្ស៉ីកំពុងកាន់កាប់ត្រឡប់មកវិញ នៅក្នុងពេលដ៏ខ្លីខាងមុខនេះ។ នៅមុនប្រតិបត្តិការនេះកើតឡើង ឯកសារសម្ងាត់យោធាអាមេរិកជាច្រើនស្រាប់តែបែកធ្លាយនៅលើបណ្ដាញអ៉ីនធើណិត ហើយក្នុង ឯកសារដែលបានបែកធ្លាយនេះទៀតសោត បានឱ្យដឹងថាអ៊ុយក្រែនកំពុងខ្វះខាតគ្រាប់រំសេវ ជាពិសេសគឺគ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រ សម្រាប់កាំភ្លើងធំ Howitzer តែម្ដង។

គ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រ កំពុងស្ថិតនៅក្នុងតម្រូវការខ្ពស់បំផុត ក្នុងសង្រ្គាមអ៊ុយក្រែន។ សហរដ្ឋអាមេរិកបានបញ្ជូនគ្រាប់កាំភ្លើងធំប្រភេទនេះចំនួន ១.៥លានគ្រាប់រួចហើយទៅឱ្យអ៊ុយក្រែន ប៉ុន្តែវាមិនគ្រប់គ្រាន់បំពេញតម្រូវការរបស់ទីក្រុងកៀវនោះទេ។ គ្រាប់កាំភ្លើងធំត្រូវបានអ៊ុយក្រែន និងរុស្ស៉ីប្រើប្រាស់ យ៉ាងទូលំទូលាយ ដូច្នេះថាតើហេតុអ្វីបានគ្រាប់កាំភ្លើងធំប្រភេទនេះមានសារៈសំខាន់ខ្លាំងម្ល៉េះនៅក្នុងសង្រ្គាមសព្វថ្ងៃ៖

* អ្វីទៅជាគ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រ?

គ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រ គឺជាគ្រាប់កាំភ្លើងដ៏ធំបំផុតមួយ។ វាមានប្រវែងបណ្ដោយ ៦០សង់ទីម៉ែត្រ មានទម្ងន់ ៤៥គីឡូក្រាម និងអង្កត់ផ្ចិត ១៥៥មីលីម៉ែត្រ។ គ្រាប់ភ្លើងធំនេះត្រូវបានប្រើសម្រាប់កាំភ្លើងធំ Howitzer។ លោក Ryan Brobst ជាអ្នកស្រាវជ្រាវម្នាក់មកពីមូលនិធិសម្រាប់ ការការពារប្រជាធិបតេយ្យ Foundation for the Defense of Democracies បាននិយាយថាគ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រ និងគ្រាប់កាំភ្លើងធំសម័យសូវៀត ១៥២មីលីម៉ែត្រ មានតម្រូវការខ្ពស់ ដោយសារតែពួកវាផ្ដល់អត្ថាប្រយោជន៍ប្រកបដោយតុល្យភាពរវាងរយៈចម្ងាយបាញ់ និងទំហំក្បាលគ្រាប់។ មិនតែប៉ុណ្ណោះ គ្រាប់កាំភ្លើងធំនេះ ក៏អាចបំពាក់គ្រឿងផ្ទុះកម្រិតខ្ពស់ ប្រព័ន្ធកំណត់គោលដៅជាក់លាក់ និងមានសមត្ថភាពទម្លុះ ឬបំផ្លាញធ្ងន់ធ្ងរដល់រថពាសដែក ឬរថក្រោះ។

* ប្រវត្តិគ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រ

បារាំង បានផលិត និងអភិវឌ្ឍគ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រ ជាលើកដំបូងសម្រាប់ធ្វើសង្រ្គាមលេណដ្ឋាន នៅអំឡុងសង្រ្គាមលោកលើកទី១។ គ្រាប់កាំភ្លើងធំនេះ ឆ្លងកាត់ការកែប្រែ និងការអភិវឌ្ឍជាច្រើនដំណាក់កាល។ នេះបើតាមលោក Keri Pleasant ជាអ្នកប្រវតិ្តសាស្ត្រម្នាក់។ លោក Pleasant បន្ថែមថានៅអំឡុង សង្រ្គាមលោកលើកទី១ គ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រ ត្រូវបានប្រើយ៉ាងទូលំទូលាយដោយសម្ព័ន្ធមិត្ត ហើយក្រោយមកទើបសហរដ្ឋអាមេរិក និងបក្សសម្ព័ន្ធ យោធា NATO បានបញ្ចូលគ្រាប់កាំភ្លើងធំនេះទៅជាគ្រាប់កាំភ្លើងធំស្ដង់ដាររបស់ខ្លួន។

នៅក្នុងសង្រ្គាមកូរ៉េ (ឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣) គ្រាប់កំាភ្លើងធំ ១៥៥មីលីម៉ែត្រឆ្លងកាត់កែប្រែជាថ្មី ដោយភ្ជាប់ជាមួយក្បាលគ្រាប់តូចៗចំនួន៨០គ្រាប់ នៅក្នុងក្បាលគ្រាប់នៃគ្រាប់កាំភ្លើងធំមួយគ្រាប់ ដែលធ្វើឱ្យវាមានសមត្ថភាពបំផ្លាញរថពាសដែក បរិក្ខារយោធា និងទាហាន។

* តើគ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រ ត្រូវបានប្រើយ៉ាងដូចម្ដេចក្នុងសង្រ្គាមអ៊ុយក្រែន?

គ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រត្រូវបានប្រើសម្រាប់កាំភ្លើងធំ Howitzer។ Howitzer មានសមត្ថភាពវាយប្រហារលើគោលដៅសត្រូវ នៅចម្ងាយពី២៤ ទៅ៣២ គីឡូម៉ែត្រ។ លោកស្រី Oleksandra Ustinova ជាសមាជិកសភាអ៊ុយក្រែនមួយរូបដែលទទួលបន្ទុកគណៈកម្មាធិការកិច្ចការសង្រ្គាម បានឱ្យដឹងថា នៅក្នុងសង្រ្គាម អ៊ុយក្រែនបានប្រើគ្រាប់កាំភ្លើងធំនេះ ក្នុងអត្រាពី ៦,០០០ ទៅ៨,០០០គ្រាប់ក្នុងមួយថ្ងៃ ខណៈអង្គការ NATO ក៏ធ្លាប់បានទទួលស្គាល់ដែរថាអ៊ុយក្រែន ប្រើប្រាស់ គ្រាប់កាំភ្លើងធំអស់លឿនជាងការផលិត និងការផ្គត់ផ្គង់របស់សហរដ្ឋអាមេរិក និង NATO ទៅទៀត។

ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក សហរដ្ឋអាមេរិកបានផ្ដល់កាំភ្លើងធំ Howitzer ជាង១៦០គ្រឿង និងគ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រ ចំនួន ១.៥លានគ្រាប់សម្រាប់អ៊ុយក្រែន ព្រមទាំងគ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រភ្ជាប់ GPS ចំនួន ៦,៥០០គ្រាប់ និងគ្រាប់កាំភ្លើងធំ១៥៥មីលីម៉ែត្រ ប្រឆាំងរថក្រោះ (RAAM) ១៤,០០០គ្រាប់។ គ្រាប់កាំភ្លើងធំ RAAM មួយគ្រាប់មានសមត្ថភាពបានសាចពង្រាយគ្រាប់មីនប្រឆាំងរថក្រោះ៤គ្រាប់ទៀតផង ដែល គ្រប់គ្រាន់អាចកម្ទេចរថក្រោះរុស្ស៉ីមួយគ្រឿង។

ក្រៅពីសហរដ្ឋអាមេរិក បណ្ដាប្រទេសលោកខាងលិចដទៃ ក៏បានបញ្ជូនកាំភ្លើងធំ Howitzers ឱ្យអ៊ុយក្រែនផងដែរ។ តែទីក្រុងកៀវនៅតែបន្តទទូចសុំបន្ថែម ដោយ កាលពីឆ្នាំ២០២២ ក្រុមមន្ត្រីអ៊ុយក្រែនបានអះអាងថាពួកគេត្រូវការកាំភ្លើងធំ Howitzers យ៉ាងហោច ១,០០០គ្រឿងដើម្បីបណ្ដេញកងទ័ពរុស្ស៉ីចេញពីទឹកដី របស់ខ្លួន។

គួរបញ្ជាក់ថា ខណៈអ៊ុយក្រែនគ្រោងនឹងបើកប្រតិបត្តិការវាយបកប្រឆាំងនឹងទាហានរុស្ស៉ី ក្នុងពេលដ៏ខ្លីខាងមុខ ក្រុមមន្ត្រីអ៊ុយក្រែនបានអះអាងថាទាហានរបស់ខ្លួន ចាំបាច់ត្រូវប្រើគ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រពី ៧,០០០ ទៅ៩,០០០គ្រាប់ក្នុងមួយថ្ងៃ។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន បានប្រើប្រាស់សិទ្ធិអំណាចប្រធានាធិបតីដើម្បីដកអាវុធ ក្នុងនោះរួមមានទាំងគ្រាប់កាំភ្លើងធំចេញពីឃ្លាំងស្ដុកអាវុធអាមេរិកដោយមិនចាំបាច់ឆ្លងកាត់ ការយល់ព្រមពីសភា ដើម្បីបញ្ជូនទៅឱ្យអ៊ុយក្រែន ហើយក៏បានបណ្ដុះបណ្ដាលទាហានអ៊ុយក្រែន ក្នុងប្រទេសអាល្លឺម៉ង់ពីរបៀបប្រើគ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រ ឱ្យមានប្រសិទ្ធភាព គួបផ្សំជាមួយអាវុធដទៃ សំដៅកាត់បន្ថយការប្រើប្រាស់គ្រាប់កាំភ្លើងធំ។

ក្រុមអ្នកវិភាគយល់ថាក្នុងប្រតិបត្តិការនេះ អ៊ុយក្រែនត្រូវតែបង្ហាញថាខ្លួនមានសមត្ថភាពប្រើប្រាស់អាវុធលោកខាងលិចឱ្យមានប្រសិទ្ធភាព និងសម្រេចឱ្យបាននូវ ជោគជ័យដូចដែលខ្លួនធ្លាប់បានធ្វើ កាលពីឆ្នាំ២០២២ ដើម្បីពង្រឹងឆន្ទៈនយោបាយរបស់បណ្ដាប្រទេសលោកខាងលិចឱ្យបន្តផ្ដល់ការគាំទ្រ៕