(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មានផែនការបញ្ជូនជំនួយអាវុធគិតជាទឹកប្រាក់ ៥០០លានដុល្លារ សម្រាប់កោះតៃវ៉ាន់ ដោយប្រើប្រាស់សិទ្ធិអំណាច ប្រធានាធិបតីដូចគ្នាដែលត្រូវបានប្រើជាង ៣៥ដង ដើម្បីផ្ដល់ជំនួយយោធាដល់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៦ ខែឧសភា ឆ្នាំ២០២៣។

ជាផ្នែកមួយនៃកញ្ចប់ថវិកាឆ្នាំ២០២៣ សភាទាំង២របស់សហរដ្ឋអាមេរិក បានអនុម័តលើការផ្ដល់ជំនួយអាវុធទំហំទឹកប្រាក់ ១ពាន់លានដុល្លារដល់តៃវ៉ាន់ ដោយប្រើប្រាស់សិទ្ធិ អំណាចប្រធានាធិបតី ដែលជាសិទ្ធិអំណាចមួយត្រូវបានលោក បៃដិន ប្រើដើម្បីដកអាវុធចេញពីឃ្លាំងបញ្ជូនឱ្យអ៊ុយក្រែន ដោយមិនចាំបាច់ទទួលបានការអនុញ្ញាតពីសភា។ ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យដឹងទៀតថា ផែនការបញ្ជូនជំនួយអាវុធគិតជា ទឹកប្រាក់ ៥០០លានដុល្លារ ឱ្យតៃវ៉ាន់ នឹងក្លាយជាជំនួយដំបូងដកចេញពីជំនួយ១ពាន់លានដុល្លារខាងលើ។

គួរបញ្ជាក់ថា ​ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងមក តៃវ៉ាន់បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងពីការពន្យារពេលប្រគល់អាវុធពីសំណាក់សហរដ្ឋអាមេរិក ក្នុងនោះរួមមាន ប្រព័ន្ធមីស៊ីលប្រឆាំងយន្ដហោះចម្បាំង Stinger ហើយកាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែឧសភា រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ក៏បានអះអាងដែរថាការប្រគល់យន្ដហោះចម្បាំង F-16V ចំនួន ៦៦គ្រឿងពីសហរដ្ឋអាមេរិកនឹងត្រូវពន្យារពេល ដោយសារបញ្ហានៃខែ្សចង្វាក់ផ្គត់ផ្គង់៕