(ខាទុំ)៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត បានទទួលស្គាល់ថាកិច្ចសន្ទនាដោយផ្ទាល់រវាងភាគីសង្រ្គាមនៅស៊ូដង់ នឹងត្រូវធ្វើឡើងនៅក្នុងទីក្រុងជិតដាស់ (Jeddah) នៃ ប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ខណៈការវាយប្រយុទ្ធគ្នានៅតែបន្តកើតមានក្នុងរដ្ឋធានីខាទុំ ទោះបីមានបទឈប់បាញ់ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៦ ខែឧសភា ឆ្នាំ២០២៣។

ក្នុងសេចក្ដីថ្លែងការណ៍រួម សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត ក៏បានបង្ហាញការស្វាគមន៍ផងដែរចំពោះការចាប់ផ្ដើមកិច្ចសន្ទនា និងជំរុញឱ្យសហគមន៍អន្តរជាតិផ្ដល់ការគាំទ្រដល់ ការបិទបញ្ចប់សង្រ្គាមនៅស៊ូដង់។ សេចក្ដីថ្លែងការណ៍ដដែល បានគូសបញ្ជាក់ដូច្នេះថា «ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិក ជំរុញឱ្យភាគីទាំង២គិតគូរពិចារណាលើ ផលប្រយោជន៍ជាតិ និងប្រជាជនស៊ូដង់ ព្រមទាំងចូលរួមក្នុងកិច្ចសន្ទនា ឆ្ពោះទៅរកបទឈប់បាញ់ និងបញ្ចប់ជម្លោះ»។​

គួរបញ្ជាក់ថា បើតាមទីក្រុងវ៉ាស៊ីនតោន និងទីក្រុងរីយ៉ាដ បណ្ដាប្រទេសដទៃក្នុងនោះរួមមានចក្រភពអង់គ្លេស អេមីរ៉ាតអារ៉ាប់រួម សហភាពអាហ្រិ្វក សម្ព័ន្ធអារ៉ាប់ និងប្រទេសមួយចំនួន ទៀត ក៏បានប្រឹងប្រែងសម្រួលឱ្យមានកិច្ចសន្ទនា នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះដែរ។ ជម្លោះរវាងកងទ័ពរដ្ឋាភិបាលនៅស៊ូដង់ និងទាហានប៉ារ៉ា RSF អូសបន្លាយពេលជាង ៣សប្ដាហ៍មកនេះ បានបណ្ដាលឱ្យមនុស្សយ៉ាងហោច ៧០០នាក់បានស្លាប់ និងរាប់ពាន់នាក់រងរបួស ខណៈជាង ៤៥០,០០០នាក់បានរត់ភៀសខ្លួនពីផ្ទះសម្បែង ដើម្បីគេចពីសង្រ្គាម៕