(សេអ៊ូល)៖ យោធាអាមេរិក នៅថ្ងៃសៅរ៍នេះបានឱ្យដឹងថាយន្ដហោះចម្បាំងអាមេរិក F-16 មួយគ្រឿងបានធ្លាក់នៅឯដីចម្ការមួយកន្លែង ស្ថិតនៅភាគខាងត្បូងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កំលុងការហ្វឹកហាត់ ប៉ុន្តែមិនមានសេចក្ដីរាយការណ៍ពីអ្នករងរបួស និងស្លាប់ ឬក៏ការបំផ្លិចបំផ្លាញដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋនោះទេ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៦ ខែឧសភា ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន កងទ័ពអាកាសអាមេរិក បានបញ្ជាក់ទៀតថាពីឡុតយន្ដហោះចម្បាំង F-16 លោតឆត្រយោងចេញពីកៅអី មុននឹងយន្ដហោះនេះធ្លាក់ ហើយ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរកន្លែងកើតហេតុ។ យន្ដហោះចម្បាំងអាមេរិក F-16 នេះមកពីអង្គភាពយន្ដហោះចម្បាំងទី៨ បានធ្លាក់នៅឯចម្ការមួយកន្លែងស្ថិតនៅក្បែរ មូលដ្ឋានទ័ពអាកាសអូសាន (Osan) ក្នុងខេត្ត ជីយ៉ុងហ្គី (Gyeonggi) នៅម៉ោង ៩៖៤៥នាទីព្រឹក (ម៉ោងនៅសេអ៊ូល) កំលុងការហ្វឹកហាត់ហោះហើរជាប្រចាំ។

គួរបញ្ជាក់ថា ភ្លាមៗ មិនទាន់ការបញ្ជាក់ពីមូលហេតុនៃការធ្លាក់យន្ដហោះចម្បាំងខាងលើនោះទេ ខណៈការស៊ើបអង្កេតកំពុងធ្វើឡើង។ សហរដ្ឋអាមេរិកមានកងទ័ព ២៨,៥០០នាក់ នៅកូរ៉េខាងត្បូង ដើម្បីការពារប្រទេសមួយនេះពីកូរ៉េខាងជើង៕