(មូស្គូ)៖ ប្រធានក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ីបានចេញមុខកាលពីថ្ងៃអាទិត្យ (៧ឧសភា) ដើម្បីបោះបង់ចោលផែនការដកកងកម្លាំងរបស់ខ្លួន​ ចេញពីទីក្រុង Bakhmut នៅភាគខាងកើតអ៊ុយក្រែន បន្ទាប់ពីត្រូវបានសន្យាយប់មិញថា ពួកគេនឹងទទួលបាននូវសព្វាវុធទាំងអស់ដែលត្រូវការ ដើម្បីដណ្តើមយកទីក្រុងដែលត្រូវបានបំផ្លិចបំផ្លាញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០៧ ខែឧសភា​ ឆ្នាំ២០២៣។

លោក Yevgeny Prigozhin បានប្រកាសកាលពីថ្ងៃសុក្រថា យុទ្ធជនរបស់លោក ដែលដឹកនាំការវាយលុករយៈពេលជាច្រើនខែលើទីក្រុង Bakhmut នឹងដកខ្លួនចេញ ដោយសារយោធារុស្ស៉ីមិនបានផ្គត់ផ្គង់សព្វាវុធដូចការសន្យា ខណៈកម្លាំងរបស់ខ្លួនទទួលរងការបាត់បង់ដោយ​ឥតប្រយោជន៍ និងអយុត្តិធម៌នៅក្នុងសមរភូមិ។

លោក Prigozhin ដែលបានរិះគន់ជាចំហលើរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu និងមន្ត្រីយោធាកំពូលសម្រាប់សង្គ្រាមនៅអ៊ុយក្រែន បាននិយាយថា ក្រុមមន្ត្រីនៅទីក្រុងមូស្គូ កំពុងរារាំងការផ្គត់ផ្គង់សំខាន់ៗដល់យុទ្ធជនរបស់ខ្លួន ដោយសារ «ការច្រណែនតិចតួច»

ទោះជាយ៉ាងណា លោក Prigozhin បាននិយាយនៅក្នុងសារជាសំឡេងដែលបានបង្ហោះក្នុងបញ្តាញទំនាក់ទំនង Telegram កាលពីថ្ងៃអាទិត្យថា «កាលពីយប់មិញ យើងបានទទួលការបញ្ជាឱ្យប្រយុទ្ធជាលើកដំបូងនៅពេលនេះ»

លោកបានបន្ថែមថា «យើងត្រូវបានគេសន្យាថា គ្រាប់រំសេវ និងសព្វាវុធជាច្រើនតាមដែលយើងត្រូវការ ដើម្បីបន្តប្រតិបត្តិការបន្ថែមទៀត។ យើងត្រូវបានគេសន្យាថា អ្វីគ្រប់យ៉ាងដែលចាំបាច់ដើម្បីចម្ចាត់សត្រូវ...»

គួរបញ្ជាក់ថា ជាមួយនឹង​ការ​វាយបក​វិញ អ៊ុយក្រែន​បាន​ប្តេជ្ញា​ថា​នឹងមិន​បោះបង់​ទីក្រុង Bakhmut ឡើយទោះក្នុងលក្ខណ្ឌណាក៏ដោយ។ សមរភូមិ Bakhmut ដែលរុស្ស៊ីមើលឃើញថា ជាច្រកសម្រាប់ទីក្រុងផ្សេងទៀតនៅក្នុងតំបន់ Donbass របស់អ៊ុយក្រែន ដែលនៅតែស្ថិតនៅក្រៅការគ្រប់គ្រងរបស់ខ្លួន គឺជាជម្លោះដ៏ខ្លាំងក្លាបំផុតរវាងភាគីទាំងពីរ ដោយបានឆក់យកជីវិតមនុស្សរាប់ពាន់នាក់ទាំងសងខាង នៅក្នុងសង្គ្រាមដ៏ជូរចត់អស់ជាច្រើនខែ៕