(កៀវ)៖ ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិរបស់អង្គការសហប្រជាជាតិ បានសម្តែងការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីសុវត្ថិភាពនៃរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhia បន្ទាប់ពីអភិបាលនៃតំបន់ដែលកាន់កាប់ដោយរុស្ស៊ី បានបញ្ជាឱ្យជម្លៀសចេញពីទីក្រុងដែលបុគ្គលិកភាគច្រើននៃរោងចក្ររស់នៅ ចំពេលមានការវាយប្រហារដែលកំពុងធ្វើឡើងបន្តបន្ទាប់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០៧ ខែឧសភា ឆ្នាំ២០២៣។

រោងចក្រនេះស្ថិតនៅជិតសមរភូមិជួរមុខនៃការប្រយុទ្ធគ្នា ហើយអាជ្ញាធរអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យ (៧ ឧសភា) ថា ទាហានរុស្ស៊ីបានបាញ់ផ្លោងជាង ៣០គ្រាប់ទៅកាន់ទីក្រុង Nikopol​ ជិតរោងចក្រដែលគ្រប់គ្រងដោយអ៊ុយក្រែន ដោយបានសម្លាប់ស្ត្រីអាយុ ៧២ ឆ្នាំម្នាក់ និងបីនាក់ទៀតរងរបួស។

ប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ លោក Rafael Grossi បាននិយាយនៅក្នុងការព្រមានកាលពីថ្ងៃសៅរ៍ថា «ស្ថានភាពទូទៅនៅក្នុងតំបន់ក្បែររោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhia កំពុងក្លាយជាការមិនអាចទាយទុកជាមុនបាន និងអាចមានគ្រោះថ្នាក់»

លោកបានបន្តថា «ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពនុយក្លេអ៊ែរពិតប្រាកដ និងហានិភ័យសុវត្ថិភាពដែលប្រឈមមុខនឹងរោងចក្រនេះ»

ការព្រមានរបស់ លោក Grossi នេះធ្វើឡើងបន្ទាប់ពី ការប្រកាសកាលពីថ្ងៃសុក្រដោយលោក Yevgeny Paletsky អភិបាលខេត្ត Zaporizhia ដែលកាន់កាប់ដោយរុស្ស៊ីថា លោកបានបញ្ជាឱ្យជម្លៀសជនស៊ីវិលពីការតាំងទីលំនៅចំនួន ១៨នៅក្នុងតំបន់ រួមទាំងតំបន់ Enerhodar ដែលមានទីតាំងនៅជាប់នឹងរោងចក្រថាមពលដែលធំជាងគេនៅអឺរ៉ុប៕