(គែរ)៖ សម្ព័ន្ធអារ៉ាប់ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បានឯកភាពគ្នាទទួលយកប្រទេសស៊ីរីឱ្យចូលជាសមាជិករបស់ខ្លួនឡើងវិញ បន្ទាប់ពី ការផ្អាកសមាជិកភាពអស់រយៈពេលជាង១២ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៨ ខែឧសភា ឆ្នាំ២០២៣។

កាលពីខែវិច្ឆិកា ឆ្នាំ២០១១ សម្ព័ន្ធអារ៉ាប់បានសម្រេចចិត្តព្យួរសមាជិកភាពរបស់ស៊ីរី នៅក្រោមការដឹកនាំដោយរដ្ឋាភិបាលលោកប្រធានាធិបតី បាស្សា អាល់អាសាដ ក្រោយមានការបង្ក្រាបលើក្រុមបាតុករ នៅក្នុងបាតុកម្មតវ៉ាមួយដែលបង្កទៅជាសង្រ្គាមស៊ីវិលផ្ដាច់ជីវិតមនុស្ស ៥០០,០០០នាក់ ខណៈ រាប់លាននាក់កា្លយជាជនភៀសខ្លួន។ មកទល់នឹងពេលនេះ ទឹកដីមួយភាគធំនៅតែស្ថិតក្រោមការគ្រប់គ្រងដោយកងកម្លាំងរដ្ឋាភិបាលស៊ីរី តែមួយផ្នែកធំនៃតំបន់ភាគខាងជើងបន្តស្ថិតនៅក្នុងជម្លោះ និងមិនមានដំណោះស្រាយអស់រយៈពេល១២ឆ្នាំមកហើយ។

នៅក្នុងការសម្រេចចិត្តជាឯកច្ឆន្ទ ក្រុមរដ្ឋមន្ត្រីការបរទេសនៃសម្ព័ន្ធអារ៉ាប់ បានគូសបញ្ជាក់ថាប្រតិភូរដ្ឋាភិបាលមកពីសាធារណរដ្ឋអារ៉ាប់ស៊ីរី នឹងទទួលបាន សមាជិកភាពរបស់ខ្លួនឡើងវិញក្នុងសម្ព័ន្ធអារ៉ាប់ ហើយបើលោក អាសាដចង់ លោកអាចចូលរួមកិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់ដែលនឹងប្រព្រឹត្តទៅ នៅចុងខែឧសភានេះ។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសសម្ព័ន្ធអារ៉ាប់ បានបោះឆ្នោតលើការសម្រេចចិត្តទទួលយកស៊ីរីឱ្យចូលជាសមាជិកសម្ព័ន្ធអារ៉ាប់ឡើងវិញ ក្នុងកិច្ចប្រជុំមួយ នៅឯទីក្រុងគែរ ប្រទេសអេហ្ស៉ីបកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ហើយកិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់មួយនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៩ ខែឧសភា ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត៕