(កៀវ)៖ ឧត្តមសេនីយ៍អ៊ុយក្រែនទទួលបន្ទុកការពារទីក្រុងបាកមូត (Bakhmut) បានឱ្យដឹងថារុស្ស៉ីបាន និងកំពុងបង្កើនការបាញ់ផ្លោងយ៉ាងខ្លាំង ក្នុងចេតនា វាយដណ្ដើមយកទីក្រុងមួយនេះឱ្យបាន មុនថ្ងៃអង្គារសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៨ ខែឧសភា ឆ្នាំ២០២៣។

បើតាមលោកឧត្តមសេនីយ៍ អូឡិកសាន់ឌឺ សៀស្គី (Oleksandr Syrskyi) ជាមេបញ្ជាការកងទ័ពជើងគោកអ៊ុយក្រែន កងកម្លាំងរុស្ស៉ីបានបង្កើនការបាញ់ផ្លោង លើទីក្រុងបាកមូត ដោយប្រើអាវុធធុនធ្ងន់ ហើយបានចាប់ផ្ដើមប្រើអាវុធទំនើបៗ ក៏ដូចជាប្រមូលផ្ដុំកម្លាំងទ័ព។ លោក សៀស្គី បានគូសបញ្ជាក់នៅក្នុងសារមួយ ត្រូវបានបង្ហោះលើ Telegram ដូច្នេះថា «ថ្ងៃនេះ (ថ្ងៃអាទិត្យ) វាពិតជាមានសារៈសំខាន់ក្នុងការសម្រេចចិត្តឱ្យបានលឿន តាមដែលអាចធ្វើទៅបាន និងព្យាករ ពីសកម្មភាពរបស់សត្រូវ...ទាហានរុស្ស៉ីនៅតែបន្តសង្ឃឹមថាអាចនឹងវាយកាន់កាប់ទីក្រុងបាកមូត ឱ្យបានមុនថ្ងៃទី៩ ខែឧសភា ហើយភារកិច្ចរបស់យើងគឺធ្វើ យ៉ាងណា ការពារទីក្រុងនេះឱ្យបាន»

គួរបញ្ជាក់ថា រុស្ស៉ី នឹងប្រារព្ធទិវាជ័យជម្នះ៩ ឧសភា នៅថ្ងៃអង្គារសប្ដាហ៍នេះ ដែលជាថ្ងៃបុណ្យជាតិមួយដ៏ធំ និងជាថ្ងៃរំលឹកអនុស្សាវរិជ័យយ៍នៃជម្នះរបស់ កងទ័ពសូវៀតលើកងទ័ពអាល្លឺម៉ង់របស់ហ៊ីត្លែរ អំឡុងសម័យសង្រ្គាមលោកលើកទី២៕