(ហាណូយ)៖ ប្រទេសវៀតណាម បានកត់ត្រាពីកម្រិតសីតុណ្ហភាពឡើងខ្ពស់បំផុត នៅខេត្តភាគខាងជើង ដោយអ្នកជំនាញអាកាសធាតុបានព្រមានថា ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរបែបនេះនឹងបន្តកើតមានទៀត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៨ ខែឧសភា ឆ្នាំ២០២៣។

មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករឧតុនិយម បានឲ្យដឹងថា សីតុណ្ហភាពកម្រិត ៤៤.១អង្សារសេ ដែលបានវាស់ស្ទង់កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន បានបំបែកកំណត់ត្រាឆ្នាំ២០១៩ ដែលមានកម្រិត ៤៣.៤អង្សាសេ។ សីតុណ្ហភាព ៤៤.១អង្សាសេនេះ ត្រូវបានវាស់ស្ទង់នៅស្ថានីយ៍ Hoi Xuan ក្នុងខេត្តថាញ់ ហាវ (Thanh Hoa) ភាគខាងជើងប្រទេសវៀតណាម។

អាកាសធាតុរបស់ប្រទេសវៀតណាម មានការប្រែប្រួលពីទិសខាងជើងទៅខាងត្បូង ប៉ុន្តែពេលនេះប្រទេសទាំងមូលកំពុងឈានចូលដល់រដូវក្តៅបំផុតរបស់ខ្លួន។ អ្នកជំនាញអាកាសធាតុ និងអាជ្ញាធរ បានព្រមានប្រជាជនទូទាំងប្រទេសឲ្យនៅតែក្នុងផ្ទះ អំឡុងពេលអាកាសធាតុក្តៅបំផុតនៅពេលថ្ងៃ។

គួរបញ្ជាក់ថា នៅក្នុងខែមេសា បណ្តាប្រទេសអាស៉ីបានរងនូវលក្ខខណ្ឌអាកាសធាតុក្ដៅខ្លាំង ហើយក្នុងរបាយការណ៍ថ្មីមួយពីក្រុមអន្តររដ្ឋាភិបាល នៃអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុបានព្រមានថា «រាល់ការកើនឡើងនៃកំដៅផែនដី នឹងកើតមានកាន់តែខ្លាំងឡើងដោយផ្តល់នូវ គ្រោះថ្នាក់ផ្សេងៗគ្នា»