(ញូដេលី)៖ អាជ្ញាធរក្នុងតំបន់ បាននិយាយនៅថ្ងៃចន្ទនេះថា យ៉ាងហោចណាស់មនុស្សចំនួន ២១នាក់បានលង់ទឹកស្លាប់ បន្ទាប់ពីទូកមួយគ្រឿងបានក្រឡាប់លិច នៅឯទីក្រុងឆ្នេរសមុទ្រតានួរ (Tanur) ក្នុងស្រុកម៉ាឡាបពួរ៉ាម (Malappuram) នៃរដ្ឋកេរ៉ាឡា (Kerala) ភាគខាងត្បូងប្រទេសឥណ្ឌា។ នេះបើយោងតាម ការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៨ ខែឧសភា ឆ្នាំ២០២៣។

បើតាមក្រុមមន្ត្រីឥណ្ឌា ទូកដែលផ្ទុកអ្នកដំណើរប្រហែល ៤០នាក់បានក្រឡាប់លិច ហើយមិនទាន់ដឹងច្បាស់ថាមានមនុស្សប៉ុន្មាននាក់ទៀត ស្លាប់ឱ្យបា្រកដនោះទេ ខណៈអ្នកដំណើរប្រហែល ១០នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យផ្សេងៗ ដោយមនុស្សជាច្រើនត្រូវបានបញ្ជូនមកវិញបន្ទាប់ពីការសង្គ្រោះបឋម។

ចំនួនអ្នកស្លាប់ទំនងជាកើនឡើង រីឯទូកកំពុងត្រូវបានទាញចេញមក ដើម្បីជួយសង្គ្រោះអ្នកដែលជាប់នៅខាងក្នុង។

គួរបញ្ជាក់ថា ហេតុការណ៍លិចទូកនេះកើតឡើងនៅវេលាម៉ោង ៧យប់ថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ (ម៉ោងក្នុងតំបន់) ហើយក្រុមមកពីកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិកំពុងធ្វើប្រតិបត្តិការនៅទីនោះ៕