(កៀវ)៖ ក្រុមមន្ត្រីអ៊ុយក្រែន នៅថ្ងៃអង្គារនេះបាននិយាយថារុស្ស៉ីបានបាញ់មីស៊ីលគ្រូសចំនួន១៥គ្រាប់ លើរដ្ឋធានីកៀវ ប៉ុន្តែមីស៊ីលទាំងនេះត្រូវបានប្រព័ន្ធការពារដែនអាកាស បាញ់ទម្លាក់ចោលទាំងអស់ ក្រោយស៊ីរ៉ែនប្រកាសអាសន្នបន្លឺសំឡេងស្ទើរពាសពេញប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៩ ខែឧសភា ឆ្នាំ២០២៣។

លោក សឺហ៉ី ប៉ុបកូ (Serhiy Popko) ជាប្រធានរដ្ឋបាលយោធានៃរដ្ឋធានីកៀវ បានគូសបញ្ជាក់យ៉ាងខ្លីក្នុងសារបង្ហោះលើ Telegram ដូច្នេះថា «ដូចគ្នានៅឯសមរភូមិ ផែនការ របស់ពួកឈ្លានពាន បានបរាជ័យទាំងអស់»។ ការវាយប្រហារដោយគ្រូសមីស៊ីលរបស់រុស្ស៉ីលើរដ្ឋធានីកៀវ នៅថ្ងៃអង្គារនេះគឺជាការវាយប្រហារជាលើកទី៥ក្នុងខែឧសភានេះ ដែលបានកើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំដោយប្រើយន្ដហោះដ្រូនរហូតដល់ទៅ៣៥គ្រឿង ខណៈយោធាអ៊ុយក្រែនអះអាងថា យន្ដហោះដ្រូនទាំងនេះត្រូវបានបាញ់ទម្លាក់ទាំងអស់។

គួរបញ្ជាក់ថា ការវាយប្រហារដោយមីស៊ីលគ្រូសរបស់រុស្ស៉ី នៅថ្ងៃអង្គារនេះដែរ កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុននឹងទីក្រុងមូស្គូប្រារព្ធទិវាជ័យជម្នះ៩ ឧសភា ក្រោម អធិបតីភាពរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅឯទីលានក្រហម៕