(ប៉េកាំង)៖ នៅថ្ងៃអង្គារនេះ ចិនបាននិយាយថា ខ្លួននឹងបណ្តេញកុងស៊ុលរបស់ប្រទេសកាណាដា ប្រចាំនៅទីក្រុងសៀងហៃ ដើម្បីជាចំណាត់ការសងសឹក ក្រោយរដ្ឋាភិបាលទីក្រុងអូតាវ៉ាបានប្រកាសបណ្តេញ មន្រ្តីការទូតចិនដែលរងការចោទប្រកាន់ថា បានព្យាយាមសម្លុតគំរាមសមាជិកសភាកាណាដាម្នាក់ ដែលប្រកាន់ជំហរប្រឆាំងទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៩ ខែឧសភា ឆ្នាំ២០២៣។

ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសចិនបានប្រកាសថា «ដើម្បីជាចំណាត់ការឆ្លើយតប ចំពោះសកម្មភាពដ៏អយុត្តិធម៌របស់​កាណាដា ប្រទេសចិនសម្រេចប្រកាសចាត់ទុក លោកស្រី ជេននីហ្វឺ លីន ឡាឡុន (Jennifer Lynn Lalonde) ដែលជាកុលស៊ុលនៃអគ្គកុលស៊ុលកាណាដា នៅទីក្រុងសៀងហៃ គឺជាបុគ្គលលែងត្រូវបានស្វាគមន៍។» លោកស្រី ឡាឡុន ត្រូវបានជូន​ដំណឹងឱ្យចាកចេញពីប្រទេសចិន មិនឱ្យលើសពីថ្ងៃទី១៣ ខែឧសភា។

គួរបញ្ជាក់ថា ចំណាត់ការខាងលើរបស់ទីក្រុងអូតាវ៉ាធ្វើឡើង បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសកាណាដា លោកស្រី មេឡានី ចូលី (Melanie Joly) បាននិយាយថា មន្រ្តីទូតចិនដែលមានមូលដ្ឋាននៅទីក្រុងតូរ៉ុនតូ (Toronto) ឈ្មោះ ចាវ វៃ (Zhao Wei) នឹងត្រូវតែចាកចេញ​ពីប្រទេសកាណាដា។ លោកស្រីបាននិយាយថា កាណាដានឹងមិនអត់ឱនចំពោះសកម្មភាពជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កាណាដាឡើយ ទោះក្នុងទម្រង់បែបណាក៏ដោយ ហើយលោកស្រីបានសង្កត់ធ្ងន់ថា អ្នកការទូតបរទេសទាំងអស់នៅកាណាដា គឺត្រូវបានព្រមានហើយថា ប្រសិនបើហ៊ានធ្វើសកម្មភាពប្រភេទនោះ ពួកគេនឹងត្រូវបណ្តេញទៅកាន់ប្រទេសរបស់ពួកគេវិញ៕