(វែលីងតោន)៖ នៅថ្ងៃអង្គារនេះ ប៉ូលិសបានផ្អាកការស្វែងរកសិស្សវិទ្យាល័យម្នាក់ ដែលបានបាត់ខ្លួនក្រោយជួបឧបសគ្គ កំលុងដំណើរទស្សនកិច្ចសិក្សាមួយទៅកាន់តំបន់រូងភ្នំ ខណៈភ្លៀងធ្លាក់ខ្លាំងនិងផ្គររន្ទះ បានបណ្តាលឲ្យមានទឹកជំនន់ និងការបាក់ដី នៅឯកោះខាងជើងរបស់ប្រទេសនូវែលសេឡង់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៩ ខែឧសភា ឆ្នាំ២០២៣។

ស្នងការប៉ូលិសនូវែលសេឡង់ លោក ថូនី ហ៉ីល (Tony Hill) បានឲ្យដឹងថា សិស្សម្នាក់បានបាត់ខ្លួននៅក្នុងរូងភ្នំអេបប៊ី (Abbey) ក្បែរតំបន់ភ្នំវ៉ាន់ហ្គារី (Whangarei) បន្ទាប់ពីសិស្សវិទ្យាល័យចំនួន ១៥នាក់ រួមទាំងមនុស្សពេញវ័យ ២នាក់ទៀត ជួបបញ្ហា ក្នុងពេលធ្វើដំណើរ។ ប៉ុន្តែមនុស្សដែលបានរកឃើញមានតែចំនួន ១៦នាក់ប៉ុណ្ណោះ។ ជំនន់ទឹកភ្លៀងកំពុងបង្កការបំផ្លិចបំផ្លាញ ពាសពេញតំបន់ ដោយផ្លូវសំខាន់ៗមួយចំនួនត្រូវបានបិទ។

នៅក្នុងទីក្រុងអក់លែន (Auckland) ដែលជាទីក្រុងដ៏ធំបំផុតរបស់ប្រទេសនូវែលសេឡង់ មានាការជម្លៀសសិស្សចេញពីសាលារៀន ខណៈផ្លូវ និងសួនច្បាររងនូវការជន់លិច។ ស្ថានភាព​អាសន្ន​ក្នុង​តំបន់​ត្រូវ​បាន​ប្រកាស ហើយ​ជម្រក​ការពារ​ជន​ស៊ីវិល​ចំនួនពីរក៏ត្រូវ​បាន​បើកផងដែរ។ បើតាមការព្យាករ ភ្លៀងធ្លាក់ខ្លាំង និងផ្គររន្ទះ នឹងបោកបក់លើតំបន់នេះ រហូតដល់ពេលល្ងាចថ្ងៃអង្គារនេះ ហើយអាចឈានដល់ពាក់កណ្តាលអធ្រាត្រ ដោយសារសម្ពាធខ្យល់ព្យុះឆ្ពោះទៅទិសអាគ្នេយ៍។

គួរបញ្ជាក់ថា ទីក្រុងអក់លែន ធ្លាប់បានជួបប្រទះនូវទឹកជំនន់ដ៏ធ្ងន់ធ្ងរកាលពីខែមករារួចមកហើយ ដោយបានសម្លាប់មនុស្ស ៤នាក់។ បន្ទាប់មកនៅក្នុងខែកុម្ភៈ ព្យុះស៊ីក្លូនហ្គាប្រ៊ីល (Gabrielle) បានបង្កការខូចខាតយ៉ាងទូលំទូលាយនៅទូទាំងកោះខាងជើង និងបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១១នាក់ស្លាប់៕