(មូស្គូ)៖ អ្នកជំនាញមួយរូបរបស់អង្គការសហប្រជាជាតិ (UN) បាននិយាយថារបាយការណ៍ស្ដីអំពីការប្រើប្រាស់ការធ្វើទារុណកម្មយ៉ាងទូលំទូលាយ ដោយកងកម្លាំងរុស្ស៉ី នៅក្នុងប្រទេសអ៊ុយក្រែន ដែលរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអ្នកទោសសង្គ្រាម (ឈ្លើយសឹក) និងជនស៉ីវិលអ៊ុយក្រែន អាចជាទង្វើដែល មានការយល់ព្រមពីរដ្ឋាភិបាលទីក្រុងមូស្គូ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣។

លោកស្រី អាលីស ជីល អេដវឺដ (Alice Jill Edwards) ដែលជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីពីទារុណកម្ម បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា លោកស្រីមានការតក់ស្លុតចំពោះ «របាយការណ៍ និងសក្ខីកម្ម» ដែលធ្វើឡើងដោយកងកម្លាំងរុស្ស៉ីនៅអ៊ុយក្រែនគឺ «មានចេតនា និងបង្កការឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្តធ្ងន់ធ្ងរ» លើជនស៉ីវិល និងឈ្លើយសឹក។

អ្នករាយការណ៍របស់ UN រូបនេះបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភាពស៊ីសង្វាក់គ្នា និងវិធីសាស្រ្តនៃការធ្វើទារុណកម្មដែលបានបង្ហាញឃើញថាមាន «ការសម្របសម្រួល និងរៀបចំផែនការ ក៏ដូចជាការអនុញ្ញាតដោយផ្ទាល់ ពីអាជ្ញាធរថ្នាក់លើរបស់ខ្លួន»។ ភាគច្រើននៃអ្នកដែលរងទារុណកម្មត្រូវបានឃុំខ្លួន ក្រោមហេតុផលមិនគ្រប់គ្រាន់ នៅក្នុងកន្លែងដែលគ្រប់គ្រងដោយកងកម្លាំងរុស្ស៉ី ក្នុងប្រទេសអ៊ុយក្រែន។

គួរបញ្ជាក់ថា បើតាមលោកស្រី អេដវឺដ អ្នកដែលត្រូវបានរាយការណ៍ថា បានរងការឈឺចាប់នៅក្រោមការធ្វើទារុណកម្មរបស់រុស្ស៉ីក្នុងប្រទេសអ៊ុយក្រែន មានបន្សល់ទុកនូវរបួសផ្លូវកាយ និងផ្លូវចិត្ត ធ្វើឲ្យមានជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ៕