(វ៉ាស៉ីនតោន)៖ សេតវិមាន បានឲ្យដឹងថា ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងបានពិភាក្សាគ្នា អំពីការរក្សាស្ថិរភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់ និងការសម្របសម្រួលលើបញ្ហាសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣។

កំលុងកិច្ចប្រជុំត្រីភាគី នៅឯទីក្រុងតូក្យូ នៃប្រទេសជប៉ុន ទីប្រឹក្សាសន្តិសុខសហរដ្ឋអាមេរិក លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) រួមជាមួយសមភាគីរបស់លោកក៏បានពិភាក្សាគ្នាអំពី «កម្មវិធីនុយក្លេអ៊ែរ និងមីស៉ីលខុសច្បាប់របស់កូរ៉េខាងជើង ក៏ដូចជាការបង្កហេតុថ្មីៗបំផុត ហើយបានកំណត់ជំហានបន្ទាប់ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរបស់ពួកគេ»។ សេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិក បានគូសបញ្ជាក់ថា «ភាពជាដៃគូត្រីភាគីរបស់យើងឥឡូវនេះកាន់តែរឹងមាំ និងមានសក្ដានុពលជាងពេលមុនៗ»

ស្តីពីប្រទេសចិនវិញ លោក ស៊ូលីវ៉ាន់ រួមជាមួយអគ្គលេខាធិការលេខាធិការដ្ឋានសន្តិសុខជាតិជប៉ុន លោក អាគិបា តាកេអូ (Akiba Takeo) និងនាយកការិយាល័យសន្តិសុខជាតិកូរ៉េខាងត្បូង លោក ឆូ ថេយ៉ុន (Cho Tae-yon) បានពិភាក្សាគ្នាក្នុងការស្វែងរកឱកាសដើម្បីសម្របសម្រួលលើបញ្ហានៅសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់។

គួរបញ្ជាក់ថា កត្តាបច្ចេកវិទ្យា សន្តិសុខថាមពល និងការប្រឆាំងនឹងការរឹតត្បិតសេដ្ឋកិច្ច ក៏ត្រូវបានពិភាក្សាគ្នាផងដែរក្នុងជំនួបនេះ នៅមុនកិច្ចប្រជុំកំពូលនៃមេដឹកនាំរបស់ប្រទេសទាំងបី ដែលរៀបចំដោយសហរដ្ឋអាមេរិក នៅប៉ុន្មានខែខាងមុខ៕