(មូស្គូ)៖ មេដឹកនាំនៃសាធារណៈរដ្ឋឆេឆេនី លោក រ៉ាំហ្សាន់ កាឌីរ៉ូវ (Ramzan Kadyrov) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ក្រុមអ្នកប្រយុទ្ធរបស់ខ្លួនត្រូវបានដាក់ពង្រាយនៅក្នុងតំបន់បែលហ្គូរូដ (Belgorod) របស់រុស្ស៉ីដែលស្ថិតជាប់ព្រំដែនជាមួយអ៊ុយក្រែន ដើម្បីការពារការវាយប្រហារពី «ក្រុមបំបែកខ្លួនគាំទ្រអ៊ុយក្រែន»។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣។

លោក កាឌីរ៉ូវ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ លោក ពូទីន បានគូសបញ្ជាក់ថា «យុទ្ធជនមកពីកងវរសេនាតូច Zapad-Akhmat ត្រូវបានដាក់ពង្រាយនៅជិតភូមិព្រំដែននីខូទីវកា (Nekhoteevka) និងប៉ុស្តិ៍ត្រួតពិនិត្យមួយនៃស្រុកគ្រីវវ៉ូរ៉ុន (Graivoron) ដែលជាទីតាំងនៃការវាយប្រហារឆ្លងព្រំដែនកាលពីខែឧសភា។ សម្រាប់អ្នកស្រុករស់នៅលើទឹកដីជាប់ព្រំដែនជាមួយអ៊ុយក្រែន អាចសម្រាកបានយ៉ាងស្រួល ប៉ុន្តែអ្នកណាដែលទន្ទ្រានព្រំដែនរបស់យើង នឹងទទួលបានការឆ្លើយតបភ្លាមៗ»។

គួរបញ្ជាក់ថា តំបន់ Belgorod ត្រូវបានរាយការណ៍អំពីការវាយប្រហារឆ្លងព្រំដែនជាបន្តបន្ទាប់ ពីសំណាក់ក្រុមបំបែកខ្លួនគាំទ្រអ៊ុយក្រែន ដែលហៅខ្លួនឯងថាជាគូប្រជែងរបស់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន។ កន្លងមក អ៊ុយក្រែន បានបដិសេធការជាប់ពាក់ព័ន្ធក្នុងការវាយប្រហារបែបនេះ ហើយចាត់ទុកក្រុមទាំងនោះថាជាដើមចមឲ្យមានការឈ្លានពានរបស់រុស្ស៉ី កាលពីខែកុម្ភៈ ឆ្នាំ ២០២២៕