(មូស្គូ)៖ នៅថ្ងៃសុក្រនេះ ក្រសួងការពារជាតិរុស្ស៉ីបានប្រកាសថា កងទ័ពរុស្ស៉ីដែលបានបំផ្លាញរថក្រោះ Leopard ផលិតដោយអាល្លឺម៉ង់ និងរថពាសដែកផលិតដោយអាមេរិក ដែលកងទ័ពអ៊ុយក្រែនប្រើប្រាស់ក្នុងសមរភូមិ នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣។

ក្រសួងការពារជាតិរុស្ស៉ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «ដោយផ្អែកទៅតាមរបាយការណ៍ពីក្រុមមេបញ្ជាការរុស្ស៉ី ដែលទទួល​បន្ទុកដឹកនាំការប្រយុទ្ធនៅសមរភូមិមុខ ការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តកំពុងត្រូវធ្វើឡើង សម្រាប់កងទ័ពរុស្ស៉ីទាំងឡាយណា ដែលបាន​កម្ទេចរថក្រោះ Leopard ព្រមទាំងរថពាសដែកប្រយុទ្ធ ដែលផលិតដោយអាមេរិក និងប្រទេសសមាជិកអង្គការណាតូ (NATO) ផ្សេងទៀត កំលុងប្រតិបត្តិការយោធានៅអ៊ុយក្រែន»។

បើតាមក្រសួងការពារជាតិរុស្ស៉ី វាគឺជាផ្នែកនៃកម្មវិធីផ្តល់រង្វាន់មួយ ដែលគិតចាប់តាំងពីសង្រ្គាមផ្ទុះឡើង កាលពីជិត១៦ខែមុនមក ទាហានរុស្ស៉ីសរុបជាង១០,០០០នាក់ហើយ បានទទួលថវិកាលើកទឹកចិត្ត។ គិតត្រឹមថ្ងៃទី៣១ ខែឧសភា កងទ័ពរុស្ស៉ីចំនួន១០,២៥៧នាក់ ត្រូវបានផ្តល់ប្រាក់រង្វាន់ សម្រាប់ការកម្ទេចបរិក្ខារយោធារបស់អ៊ុយក្រែន និងលោកខាងលិចសរុបចំនួន១៦,០០១វត្ថុ។

គួរបញ្ជាក់ថា យោងតាមការអះអាងរបស់ទីក្រុងមូស្គូ ការកម្ទេចរថពាសដែកសត្រូវមួយគ្រឿង ទទួលបានប្រាក់រង្វាន់៥០,០០០រូប្លិ៍ ឬស្មើនឹងជិត៦០០ដុល្លារអាមេរិក ខណៈរថក្រោះមួយគ្រឿងទទួលបាន ១០០,០០០រូប្លិ៍ (ជិត១,២០០ដុល្លារ)។ ចំណែកពីឡុតយោធានិងកងទ័ព​កាពារដែនអាកាសវិញ ទទួលបាន៣០០,០០០រូប្លិ៍ (៣,៥៧៦ដុល្លារ) សម្រាប់ការកម្ទេចយន្តហោះ ឬឧទ្ធម្ភាគចក្រយោធាមួយគ្រឿងៗរបស់អ៊ុយក្រែន។ រីឯ​ការកម្ទេចបានប្រព័ន្ធបាញ់មីស៉ីលបាលិស្ទីគសម័យសូវៀត Tochka-U និងប្រព័ន្ធបាញ់ផ្លោងគ្រាប់រ៉ុក្កែត HIMARS ដែលផលិតដោយ​អាមេរិក ក៏ទទួលបានប្រាក់រង្វាន់ចំនួន៣០០,០០០រូប្លិ៍ផងដែរ៕