(ប៉េកាំង)៖ “ប្រទេសចិនគាំទ្រកិច្ចការយុត្តិធម៌របស់ប៉ាឡេស្ទីន” “រូបភាពនិងឋានៈរបស់ចិនដែលជាប្រទេសធំ ប្រកបដោយទំនួលខុសត្រូវបានបង្ហាញម្តងទៀត”។ល។ ប៉ុន្មានថ្ងៃកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានមជ្ឈិមបូព៌ាដូចជា កាសែត 《AI-Goumhouria》 របស់អេហ្ស៊ីបនិងស្ថានីយទូរទស្សន៍ AL Jazeera របស់កាតាជាដើម បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមបីចំណុច អំពីបញ្ហាប៉ាឡេស្ទីនដែលលើកឡើងដោយភាគីចិន ។

ចាប់ពីបេសកជនពិសេសអំពីបញ្ហាមជ្ឈិមបូព៌ានៃរដ្ឋាភិបាលចិន ទៅបំពេញទស្សនកិច្ចនៅប្រទេសប៉ាឡេស្ទីន និងអ៊ីស្រាអែលកាលពីខែមីនាឆ្នាំនេះ ដល់ការដែលរដ្ឋមន្ត្រីការបរទេសចិនសន្ទនាគ្នា តាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីន និងអ៊ីស្រាអែលកាលពីខែមេសាឆ្នាំនេះ រហូតដល់លោក Xi Jinping ប្រធានរដ្ឋចិនលើកឡើងគំនិតផ្តួចផ្តើមបីចំណុច ជានិច្ចកាលភាគីចិនតែងតែខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីជំរុញដំណើរសន្តិភាពរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល ។ បើមើលពីខ្លឹមសារនៃគំនិតផ្តួចផ្តើមបីចំណុចអាចឃើញថា វាគឺជាការបន្តនិងផ្សព្វផ្សាយឱ្យទូលំទូលាយ នៃគំនិតផ្តួចផ្តើមបួនចំណុចដែលភាគីចិន បានលើកឡើងនៅឆ្នាំ២០១៣និងឆ្នាំ២០១៧ផង ហើយក៏សំដៅចំពោះសភាពជាប់គាំង នៃដំណើរសន្តិភាពរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលបានប្រឈមមុខផងដែរ ដូច្នេះ ពិតជាបានតម្រង់ទិសសម្រាប់ ដោះស្រាយបញ្ហាប៉ាឡេស្ទីន ។

ភាគីចិនយល់ឃើញថា មធ្យោបាយពីឫសគល់សម្រាប់ដោះស្រាយបញ្ហាប៉ាឡេសហ្ទីន គឺឈរលើការបង្កើតប្រទេសប៉ាឡេស្ទីនដ៏ឯករាជ្យ និងមានអធិបតេយ្យភាពទាំងស្រុងដែលចាត់ទុកព្រំដែនឆ្នាំ១៩៦៧ជាមូលដ្ឋាន និងចាត់ទុកក្រុងហ្សេរុយហ្សាឡឹមខាងកើតជារដ្ឋធានី ។ តាមការពិត នេះជាខ្លឹមសារដ៏សំខាន់នៃគំនិតផ្តួចផ្តើមសន្តិភាពអារ៉ាប់ ពោលគឺ “ផែនការប្រទេសទាំងពីរ”ដែលសហគមន៍អន្តរជាតិតែងតែនិយាយនោះ ។ ព្រមពេលជាមួយគ្នានេះ ភាគីចិនក៏បានគូសបញ្ជាក់ដែរថា តម្រូវការខាងសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ ប្រជាជនប៉ាឡេស្ទីនគួរតែទទួលបានការធានា សហគមន៍អន្តរជាតិគួរតែបង្កើនការផ្តល់ជំនួយ ដល់ការអភិវឌ្ឍនិងជួយឧបត្ថម្ភជាមនុស្សធម៌របស់ប៉ាឡេស្ទីន ។

គំនិតផ្តួចផ្តើមនេះគឺមានលក្ខណៈចំគោលដៅនិងប្រាកដប្រជាយ៉ាងខ្លាំង ។ ចាប់ពីរយៈពេលជាង៥០ឆ្នាំកន្លងមក ការប៉ះទង្គិចនិងបដិបក្ខគ្នាបានបណ្តាលឱ្យការអភិវឌ្ឍនៃសេដ្ឋកិច្ចនិងសង្គមរាំងស្ទះ ហើយដំណើរការនៃរដ្ឋាភិបាល និងជីវភាពរស់នៅនៃប្រជាជនក្នុងស្រុកសំខាន់គឺពឹងផ្អែកទៅលើជំនួយអន្តរជាតិ ។ ភាគីចិនបានផ្តល់ជំនួយដល់ ប៉ាឡេស្ទីនជាប់រហូតមក ។ កាលពីឆ្នាំ២០២២ ប្រទេសទាំងពីរចិននិងប៉ាឡេស្ទីន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ហើយឆ្នាំនោះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងប៉ាឡេស្ទីន បានឡើងដល់១៥៨លានដុល្លារអាមេរិក ដែលកើនឡើង២៣,២ភាគរយបើប្រៀបធៀប នឹងរយៈពេលដូចគ្នានាឆ្នាំ២០២១ ។ យោងតាមសេចក្តីថ្លែងការណ៍រួម ដែលភាគីទាំងពីរបានចុះហត្ថលេខាលើកនេះបានឱ្យដឹងថា ភាគីទាំងពីរនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការនៃការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ភាគីចិននឹងបន្តផ្តល់ ជំនួយមនុស្សធម៌ដល់ភាគីប៉ាឡេស្ទីន ដើម្បីគាំទ្រភាគីប៉ាឡេស្ទីនអនុវត្ត គម្រោងអភិវឌ្ឍជីវភាពរស់នៅរបស់ប្រជាជននិងគម្រោងសាងសង់ប្រទេសជាតិ ។

អារ៉ាប់មានសុភាសិតមួយថា “គ្មានភាពប្រក្រតីដែលមិនផ្លាស់ប្តូរនោះទេ” ។ ភាគីចិនជំរុញឱ្យប៉ាឡេស្ទីននិងអ៊ីស្រាអែល ដោះស្រាយវិវាទតាមរយៈកិច្ចសន្ទនា គឺរំពឹងថា “ភាពប្រក្រតី” ដែលប៉ាឡេស្ទីននិងអ៊ីស្រាអែលធ្លាក់ចូល ក្នុងសភាពជាប់គាំង មានការផ្លាស់ប្តូរយ៉ាងសកម្ម ។ ភាគីចិនគ្មានផលប្រយោជន៍ផ្ទាល់ខ្លួនណាមួយទេលើបញ្ហាប៉ាឡេស្ទីន សង្ឃឹមថាភាគីទាំងពីរប៉ាឡេស្ទីននិងអ៊ីស្រាអែល អាចគិតពិចារណាយ៉ាងម៉ត់ចត់នូវគំនិតផ្តួចផ្តើមបីចំណុច ដែលលើកឡើងដោយភាគីចិន បញ្ចេញភាពក្លាហានខាងនយោបាយ បោះជំហានរៀបចំការចរចាសន្តិភាពជាថ្មីឡើងវិញ ដើម្បីគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ។ ធ្វើកិច្ចការដ៏ត្រឹមត្រូវគឺមិនដែលហួសពេលឡើយ ៕

Mapgenie'