(លីម៉ា)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋមន្រ្តីសុខាភិបាលនៃប្រទេសប៉េរូ បានសម្រេចលាលែងចេញពីតំណែង ក្រោយបានទទួលរងការរិះគន់​ថា អសមត្ថភាពក្នុងការដោះស្រាយវិបត្តិជំងឺគ្រុនឈាម ដែលបានសម្លាប់ជីវិតប្រជាជនយ៉ាងហោច២៤៨នាក់ និងឆ្លងរាលដាលដល់មនុស្សខ្ទង់ ១៤៧,០០០នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣។

ប្រធានាធិបតីប៉េរូលោកស្រី ឌីណា បូឡូអាតេ (Dina Boluarte) បានទទួលយកការស្នើសុំលាលែងពីតំណែងជារដ្ឋមន្រ្តីសុខាភិបាល របស់លោកស្រី រ៉ូសា ហ្គូទែរ៉េស (Rosa Gutierrez) ហើយបានប្តេជ្ញាថា នឹងបង្កើនកិច្ចប្រឹងប្រែងទ្វេដង ដើម្បីឱ្យប្រជាពលរដ្ឋប៉េរូគ្រប់រូប ទទួលបានប្រព័ន្ធថែទាំសុខភាព ដែលមានគុណភាព។

លោកស្រី ហ្គូទែរ៉េស បានប្រកាសពីការសម្រេចចិត្តលាលែងពីតួនាទី កំលុងកិច្ចប្រជុំមួយ​​នៅក្នុងសភាប៉េរូ ជាទីដែលលោកស្រីត្រូវបានសួរនាំ ជុំវិញចំណាត់ការដើម្បីគ្រប់គ្រង ការឆ្លងរាលដាលនៃជំងឺគ្រុនឈាម នៅក្នុងប្រទេស​អាមេរិកឡាទីនមួយនេះ។ គណបក្សមួយចំនួន ក៏បាននាំគ្នា​អំពាវនាវឱ្យលោកស្រី ហ្គូទែរ៉េស ចុះចេញពីតំណែងផងដែរ បន្ទាប់ពីលោកស្រីបានផ្តល់ហេតុផលថា ការកើនឡើងនៃករណីឆ្លងជំងឺគ្រុនឈាមនេះ គឺដោយសារតែកំណើនសីតុណ្ហភាព និងការធ្លាក់ភ្លៀងកាលពីកំលុងត្រីមាសទី១ នៃឆ្នាំ២០២៣នេះ។

គួរបញ្ជាក់ថា បើតាមអង្គការសុខភាពប្រចាំទ្វីបអាមេរិកខាងជើងនិងខាងត្បូង Pan American Health Organization ប៉េរូគឺជា​ប្រទេសឈរនៅលំដាប់ថ្នាក់លេខពីរ ដែលមានអត្រាអ្នកស្លាប់ដោយសារជំងឺគ្រុនឈាមច្រើនជាងគេ ក្នុងចំណោមក្រុមប្រទេសអាមេរិក​ឡាទីន ពោលគឺនៅក្រោមតែប្រេស៉ីលប៉ុណ្ណោះ៕