(កៀវ)៖ កម្លាំងអង្គការណាតូប្រមាណ ១ម៉ឺននាក់ បានធ្វើសមយុទ្ធប្រមាណ ២សប្តាហ៍របស់ខ្លួននៅ ទន្ទឹមនឹងការយុទ្ធនាការវាយលុក Counter Offensive របស់អ៊ុយក្រែន ដើម្បីរំដោះទឹកដីពីរុស្ស៊ី។ តើហេតុអ្វីបានជាអង្គការណាតូធ្វើសមយុទ្ធយោធារបស់ខ្លួននៅទន្ទឹមនឹងពេលវេលាដ៏ក្តៅគគុកនេះ? កងកម្លាំងបំរើការរបស់អង្គការណាតូប្រមាណ ១ម៉ឺននាក់ ពី២៥ប្រទេសបាននិងកំពុងចូលរួម ក្នុងការធ្វើសមយុទ្ធយោធាក្នុងប្រទេសអាល្លឺម៉ង់ គ្រាដែលមានយុទ្ធនាការវាយលុករដូវក្តៅរបស់កងកម្លាំងអ៊ុយក្រែន ធ្វើការវាយដណ្តើមយកទឹកដីពីរុស្ស៊ីភាគខាងកើតប្រទេស។

សមយុទ្ធយោធារបស់អង្គការណាតូនេះ បានចាប់ផ្តើមធ្វើតាំងពីថ្ងៃទី១២ ខែមិថុនានឹងធ្វើរហូតដល់ថ្ងៃទី២៣ ខែមិថុនាដែលបណ្តាប្រទេសជាសមាជិកចូលរួម បានអះអាងថា វាជាការបង្កើនលក្ខណៈត្រៀមនៃកម្លាំងការពារអាកាសនិងការប្រឆាំងមីស៊ីលគ្រូសឬដ្រូន បើសិនណាជាមានការវាយប្រហារណាមួយហ៊ានធ្វើដាក់លើប្រទេសជាសមាជិក អង្គការណាតូ។ យុទ្ធនាការវាយលុករដូវក្តៅរបស់អ៊ុយក្រែនបានចាប់ផ្តើមតាំងពីថ្ងៃទី៤ ខែមិថុនា ដោយកម្លាំងពិសេសរបស់អ៊ុយក្រែនជាមួយនឹងគ្រឿងសព្វាវុធទំនើបផ្តល់ ពីក្រុមប្រទេសអង្គការណាតូ បានបំបែកជាច្រើនមុខព្រួញសម្រុកទម្លុះចូលរបាំងឧបសគ្គនៃសមរភូមិដែលរុស្ស៊ីបានត្រៀមរៀប ចំធ្វើជាច្រើនខែកន្លងមកនេះ។

ស្ថានការណ៍ត្រៀមទប់ទល់របស់អង្គការណាតូនេះបានទន្ទឹមនឹងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិករបស់រុស្ស៊ីក្នុងប្រទេសបេឡារុសដោយប្រធានាធិបតី ប្រទេសនេះ បានថ្លែងព្រមានគេនឹងមិនរួញរាលើការប្រើអាវុធនុយក្លេអ៊ែ័រនេះដាក់លើសត្រូវឡើយបើសិនជាមានការរំលោភបំពានណាមួយបរទេសឈា្លនពាន។ អាវុធតាក់ទិកនុយក្លេអ៊ែរ របស់រុស្ស៊ី បានដឹកមកដល់ប្រទេសបេឡារុសនៅថ្ងៃទី១៣ ខែមិថុនា គឺមួយថ្ងៃបន្ទាប់ពីមានការធ្វើសមយុទ្ធរបស់កង កម្លាំងអង្គការណាតូទន្ទឹមនឹងយុទ្ធនាការវាយលុករដូវក្តៅ Summer របស់អ៊ុយក្រែន។ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានថ្លែងក្នុងសប្តាហ៍នេះថាបើសិនមានអំពើឈ្លានពានដាក់លើប្រទេសបេឡារុស គឺនឹងចេញមកពីប្រទេសណាមួយដែលស្ថិតមិនឆ្ងាយឡើយ ។ លោកលូកាស៊្ហិនកូថ្លែងថាវា អាចចេញមកពីប្រទេសប៉ូឡូញ, ប្រទេសអ៊ុយក្រែនឬពីប្រទេសណាមួយដែលស្ថិត ក្នុងតំបន់បាល់ទិក។ មេដឹកនាំប្រទេសបេឡារុសដដែល បានថ្លែងបង្ហាញការសង្ស័យថាសកម្មភាពរបស់រដ្ឋនៃសមាជិកអង្គការណាតូជាប់នឹងបេឡារុស និងដែលបានដាក់ ពង្រាយចំនួនទាហានជាច្រើន ក្នុងទីតាំងរបស់គេនោះ អាចជាការបង្ហាញនូវសញ្ញារៀបចំគម្រោងចង់ធ្វើការវាយប្រហារ។

ឧត្តមសេនីយ៍ឯកនៃកងកម្លាំងអាកាសអាល្លឺម៉ង់ លោក Ingo Gerhartz ដែលមានកម្លាំង បានចូលរួមក្នុងសមយុទ្ធណាតូនោះបានថ្លែងជាសាធារណៈតាមទូរទស្សន៍ថា សមយុទ្ធយោធារបស់អង្គការណាតូនាពេលនេះ គឺមិនមានគោលដៅដាក់ទៅលើប្រទេសណាមួយឡើយ ប៉ុន្តែ គឺជាការបញ្ជួនសារប្រាប់ថា អង្គការណាតូអាចមានសមត្ថភាព ការពារខ្លួនបាន។ ការធ្វើសង្គ្រាមឈ្លានពានក្នុងទឹកដីអ៊ុយក្រែនដែលផ្តើមតាំងពីថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២២ នោះមក បានទាញឱ្យអង្គការណាតូត្រូវប្រមូលគ្នីគ្នា ស្វែងរកអាវុធទំនើបៗ និងជំនួយផ្សេងៗដើម្បីជួយអ៊ុយក្រែនក្នុងការវាយទប់ទល់ជាមួយនឹងរុស្ស៊ីក្នុងការដណ្តើមយកទឹកដីដែលរុស្ស៊ីបានគ្រប់គ្រងប្រមាណ២០ភាគរយមក វិញ។

សង្គ្រាមក្នុងប្រទេសអ៊ុយក្រែនបានប្រញាប់ឱ្យប្រទេសស៊ុយអែត និងហ្វាំងឡង់ដែលព្យាយាមរក្សាខ្លួនជាប្រទេសអព្យាក្រិតច្រើនសិបឆ្នាំមកហើយ នោះក៏ប្រញាប់នាំប្រទេស របស់ខ្លួនចូលជាក្រុមប្រទេសនៃសមាជិកអង្គការណាតូផងដែរ។ ប្រទេសហ្វាំងឡង់បានក្លាយជាប្រទេសនៃសមាជិកទី៣១របស់អង្គការណាតូហើយ ប៉ុន្តែប្រទេសស៊ុយអែត ត្រូវរង់ចាំការផ្តល់សញ្ញាយល់ព្រមពីប្រទេសតួកគី និងហុងគ្រីថែមទៀតសិន ដើម្បីការអាចចូលជាសមាជិករបស់អង្គការណាតូនោះបាន។ ប្រទេសអ៊ុយក្រែនដែលកំពុងធ្វើ សង្គ្រាមជាមួយនឹងរុស្ស៊ីបានដាក់ពាក្យស្នើចូលជាសមាជិកអង្គការណាតូផងដែរ ប៉ុន្តែត្រូវឆ្លងនូវដំណាក់កាលខ្លះមួយចំនួនទៀតនៅមុនពេលដែលអាចក្លាយជាប្រទេសនៃ សន្ធិសញ្ញាអត្លង់ទិកខាងជើងនោះបាន។

មាត្រាក្នុងសន្ធិសញ្ញារបស់អង្គការណាតូបាននិយាយថាការវាយប្រហាររបស់សត្រូវដាក់មកលើសមាជិកណាមួយនៃអង្គការណាតូ គឺស្មើនឹងការវាយប្រហារដាក់លើអង្គការ ណាតូទាំងមូល។ ក្នុងការចូលរួមធ្វើសមយុទ្ធកងទ័ពអាកាសទាំង២៥ប្រទេសក្នុងអាល្លឺម៉ង់នេះ ក៏រួមមានទាំងប្រទេសហ្វាំងឡង់នៃសមាជិកទី៣១ របស់អង្គការណាតូ ផងដែរ។ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានថ្លែងក្នុងសប្តាហ៍នេះតាមទូរទស្សន៍ ជាតិអាល្លឺម៉ង់ថា កងកម្លាំងទ័ពអាកាសរបស់អង្គការណាតូនឹងបង្ហាញ ភាពរឹងមាំរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍នៃការវាយប្រហារណាមួយ ពីព្រោះកងកម្លាំងទ័ពអាកាសទាំងនោះ គឺជាអ្នកឆ្លើយតបដំបូងគេបំផុត ដើម្បី ការការពារប្រជាជននិងកងកម្លាំងប្រដាប់អាវុធរបស់អង្គការណាតូ ។

លោក Pistorius បាននិយាយទៀតថា សមយុទ្ធនេះមានគោលដៅបញ្ជាក់ច្បាស់ថា NATO និងកងទ័ពអាកាសអាល្លឺម៉ង់ បានត្រៀមខ្លួនជាស្រេចដើម្បីការការពារខ្លួន។ លោក Pistorius បានបញ្ជាក់បន្ថែមច្បាស់ៗទៀតថាការធ្វើសមយុទ្ធនេះគឺជាការបង្ហាញចំពោះប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងចំពោះអ្នកណាក៏ដោយដែល «គំរាមកំហែងដល់សេរីភាព និងសន្តិសុខរបស់អង្គការណាតូ»។ យោងតាមកងទ័ពអាកាសអាល្លឺម៉ង់, ក្នុងចំណោមយន្តហោះ ២៥០គ្រឿងដែលពាក់ព័ន្ធនឹង ការធ្វើសមយុទ្ធ នោះ, គឺមាន ១០០គ្រឿងត្រូវបានបញ្ជូនមកពីសហរដ្ឋអាមេរិកដើម្បីការចូលរួម ក្នុងលំហាត់សមយុទ្ធនោះ។ ក្នុងចំណោមយន្តហោះប្រយុទ្ធអាមេរិកទាំងនោះរួមមានយន្ត ហោះ F16 និង F35។

ការធ្វើសមយុទ្ធយោធារបស់អង្គការណាតូដែលទន្ទឹមនឹងយុទ្ធនាការវាយលុករដូវក្តៅរបស់ អ៊ុយក្រែនដណ្តើមយកទឹកដីពីរុស្ស៊ីវិញនេះ បាននាំឱ្យមានការដាក់សំណួរថាហេតុអ្វី បានជាធ្វើនៅទន្ទឹមនឹងគ្នានេះ? ក្នុងការធ្វើសមយុទ្ធចូលរួមពី ២៥ប្រទេសជាមួយនឹងកម្លាំង១ម៉ឺននាក់នោះ, កម្លាំងកងទ័ពជើងអាកាសរបស់អង្គការណាតូត្រូវគេឃើញ បានធ្វើការហោះហើរសមុទ្ទបាល់ទិកនិងសមុទ្ទភាគខាងជើង។ ក្រុមអ្នកតាមដានសភាពការណ៍បាននិយាយថា សមយុទ្ធយោធារបស់អង្គការណាតូនេះ ដូចជាមិនមែន ការបង្ហាញនូវសាច់ដុំរបស់ខ្លួនឱ្យគេបានខ្លាចនោះទេ ប៉ុន្តែហាក់ដូចជាការត្រៀមរៀបចំការទប់ទល់នឹងសង្គ្រាមទៅវិញ។ សមយុទ្ធរបស់ណាតូក្នុងប្រទេសអាល្លឺម៉ង់ បានបង្ហាញនូវការត្រៀមរៀបចំ សម្រាប់ការទទួលអ្នករងរបួសក្នុងសង្គ្រាមនូវរបៀបចាត់ចែង ដ៏ប៉ិនប្រសប់ក្នុងពេលជួយមនុស្សដែលមានរងរបួសក្នុងការប្រយុទ្ធគ្នា។ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoletenberg បានថ្លែងក្នុងពេលដែលមានការធ្វើ សមយុទ្ធទន្ទឹមគ្នានឹងការវាយលុករដូវក្តៅរបស់អ៊ុយក្រែន។

លោក Jens Stoletenberg បានថ្លែងថាអ៊ុយក្រែនបានបើកយុទ្ធនាការវាយបកដែលជាអ្វីគេបានឃើញថាទើបមានការវាយប្រហារប៉ុន្មានថ្ងៃមកនេះទេ។ លោកថាគេក៏បាន ឃើញអ៊ុយក្រែន បានដណ្តើមយកទឹកដីខ្លះមកវិញ និងក៏គេឃើញថាអ៊ុយក្រែនក៏អាចមានសមត្ថភាពរំដោះទឹកដីដែលរុស្ស៊ីបានកាន់កាប់។ លោកបន្តថា នេះក៏ដោយសារតែ សេចក្តីក្លាហាននិងភាពអង់អាចរបស់ទាហានអ៊ុយក្រែនផង ប៉ុន្តែក៏បានរំលេចឱ្យឃើញទៀតថាការគាំទ្ររបស់អង្គការណាតូ ត្រូវបានផ្តល់ដល់អ៊ុយក្រែនជា ច្រើនខែមក ហើយដែលការជួយនេះបានធ្វើឱ្យគេឃើញមាន ការខុសគ្នាដូចដែលបានបង្ហាញ នៅលើសមរភូមិក្នុងពេលនេះ។

យុទ្ធនាការវាយបក Counter Offensive របស់អ៊ុយក្រែនបានចាប់ផ្តើមនៅថ្ងៃទី៤ ខែមិថុនាឆ្នាំ ២០២៣។ អ៊ុយក្រែនបានប្តេជ្ញាថានឹងយកឈ្នះលើសង្គ្រាមនេះ ដើម្បីបង្ខំឱ្យ រុស្ស៊ីចូលក្នុងតុចរចាខណៈដែលរុស្ស៊ីបានថ្លែងថាបើសិនជាអង្គការណាតូបញ្ឈប់ការផ្តល់ជំនួយយោធាដល់អ៊ុយក្រែន គេនឹងធ្វើការចរចា ប៉ុន្តែទាំងអង្គការណាតូជាពិសេស ប្រទេសអ៊ុយក្រែនបាននិយាយថា គេចង់ឱ្យរុស្ស៊ីដកកម្លាំងទាំងអស់ចេញពីទឹកដីអ៊ុយក្រែនជាមុនសិននៅមុនការចូលតុចរចា ដែលការទាមទារនេះត្រូវរុស្ស៊ីបដិសេធ។ ការមិនយល់ស្របគ្នានេះហើយ បានជម្រុញ ឱ្យមាន ការបើកយុទ្ធនាការរដូវក្តៅដើម្បីធ្វើការកាត់សេចក្តី។

សេចក្តីរាយការណ៍បានបង្ហាញថាយុទ្ធនាការវាយលុករដូវក្តៅបើទោះបីបានធ្វើដំណើរទៅមុខ ដណ្តើមយកទឹកដីតិចតួចខ្លះបានមកវិញ, ប៉ុន្តែអ៊ុយក្រែនត្រូវគេរាយការណ៍ថា បានខាតបង់ជាច្រើនណាស់ទាំងកម្លាំង និងសម្ភារៈ។ សហរដ្ឋអាមេរិកនិងប្រទេសជាបង្គោលនៃសមាជិកអង្គការណាតូដូចជាប្រទេសអង់គ្លេសនោះជាដើម បានបន្តសម្រុក ជំនួយយោធាជាបន្ថែមទៀត ក្នុងករណីដែលមានការខ្វះគ្រាប់រំសេវប្រយុទ្ធតទល់នឹងកងកម្លាំងរុស្ស៊ី។ រុស្ស៊ីបានអះអាងថាក្នុងរយៈពេល១០ថ្ងៃចុងក្រោយនេះ គេបានសម្លាប់ និងធ្វើឱ្យរបួសដល់ទាហានអ៊ុយក្រែនច្រើនដល់ប្រមាណ៧ពាន់៥០០នាក់ និងការបាញ់ឆេះរថក្រោះចំនួន ១៦០ គ្រឿងរួមទាំងរថក្រោះ Leopard2 របស់អាល្លឺម៉ង់ និងរថក្រោះប្រយុទ្ធថ្មើរជើង Btadley របស់អាមេរិកផងដែរ…ចំណែកពីភាគីរុស្ស៊ី ក៏ត្រូវគេរាយការណ៍ថាបានខាតបង់អស់ជាច្រើនផងដែរ ក្នុងនោះរុស្ស៊ីអះអាងថាមាន រថក្រោះរបស់ខ្លួន៥៤គ្រឿងបានរងការខូចខាត។

មេបញ្ជាការអ៊ុយក្រែនដឹកនាំទ័ពប្រយុទ្ធលើសមរភូមិភាគខាងកើតប្រទេសលោកឧត្តមសេនីយ៍ Oleksii Hromov ត្រូវបានកាសែត The Guardian ដកស្រង់សម្តីនិយាយ នៅថ្ងៃទី១៦ ខែមិថុនានេះថា អ៊ុយក្រែនបានគ្រប់គ្រងដីមកវិញប្រមាណ១០០គីឡូម៉ែត្រក្រឡា ខណៈដែលអនុរដ្ឋមន្ត្រីក្រសួងការពារអ៊ុយក្រែនលោកស្រី Hannar Maliar បានថ្លែងថាការវាយលុកដណ្តើមយកទឹកដី មានសភាពយឺតដោយសារតែរបាំងឧបសគ្គដ៏ខ្លាំងក្លាដែលរុស្ស៊ីបានរៀបចំច្រើនខែកន្លងមកនេះ។ នៅជាមួយគ្នានេះផងទៀត, សហរដ្ឋអាមេរិក បានបញ្ជាក់នូវការបង្កើនការបង្វឹកទាហាន អ៊ុយក្រែនជាបន្ថែមទៀតដើម្បីការត្រៀមទប់ទល់ក្នុងសមរភូមិផ្តាច់ព្រាត់ចុងក្រោយនេះ។ ឧត្តមសេនីយឯកលោក Mark Milley ប្រធានសេនាធិការចម្រុះរបស់សហរដ្ឋអាមេរិកបាន ប្រាប់កិច្ចប្រជុំនៃក្រុមទំនាក់ទំនងអ៊ុយក្រែនដែលដឹកនាំដោយសហរដ្ឋអាមេរិកថា «កិច្ចខិតខំប្រឹងប្រែង អន្តរជាតិ» បានបណ្តុះបណ្តាលទាហានអ៊ុយក្រែនជិត៦ម៉ឺននាក់។ លោកបានបញ្ជាក់ថាមានទាហានថ្មីអ៊ុយក្រែនជាង ៦ពាន់នាក់ នាក់បច្ចុប្បន្ន កំពុងត្រូវបានបណ្តុះបណ្តាល នៅចំនួន៤០ទីតាំងផ្សេងៗគ្នាជាបន្ថែមទៀត។ សេចក្តីរាយការណ៍នៅបានបង្ហាញ ថា អង្គការណាតូកំពុងតែបង្វឹកទាហានអាកាសអ៊ុយក្រែននូវរបៀបប្រើយន្តហោះប្រយុទ្ធ F-16 របស់អាមេរិកថែមទៀតនាពេលនេះ។

ក្រុមអ្នកតាមស្ថានការណ៍បានដាក់សំណូរថាបើសិនជាអ៊ុយក្រែនដែលមានអាវុធទំនើបនិង មានការជួយបង្វឹកសមត្ថភាពយ៉ាងច្រើនពីសហរដ្ឋអាមេរិកនិងពីកងកម្លាំង អង្គការណាតូនេះហើយ ប៉ុន្តែនៅតែមិនអាចវាយរំដោះទឹកដីបានពីរុស្ស៊ីក្នុងយុទ្ធនាការវាយបក Counter Offensive នេះទៀត, តើអង្គការណាតូនឹងត្រូវហក់ចូលក្នុងសង្គ្រាម នោះវិញដោយផ្ទាល់ដែរឬ យ៉ាងណា? លោក Jens Stoltenberg បានថ្លែងថាដោយសារតែការវាយបក Counter Offensive ទើបនឹងចាប់ផ្តើមបានប៉ុន្មានថ្ងៃមកនេះ ដូច្នេះ គេមិនទាន់អាចវាយតម្លៃជុំវិញលទ្ធផលនៃការប្រយុទ្ធគ្នានោះបានឡើយ។

អគ្គលេខាធិការអង្គការណាតូមិនបានបញ្ជាក់ថាតើអង្គការណាតូនឹងត្រូវលោតចូលក្នុង សង្គ្រាមដែរឬយ៉ាងណានោះទេ បើសិនជាអ៊ុយក្រែនមិនអាចទទួលជោគជ័យបាន នៅលើសមរភូមិនោះ។ ប៉ុន្តែ អ្នកកាសែតល្បីល្បាញអាមេរិកម្នាក់ គឺលោក Seymour Hersh ដែលធ្លាប់ទទួលបានពានរង្វាន់ Pulitzer Prize ដែលជាមេដាយខ្ពស់បំផុត សម្រាប់អ្នកកាសែតពិភពលោកនោះ បានថ្លែងមុននេះថាសង្គ្រាមនៅទីបំផុតនឹងត្រូវសហរដ្ឋអាមេរិកលូកដៃចូលបើសិនជាអ៊ុយក្រែនចាញ់ដៃរុស្ស៊ី។

លោក Seymour Hersh បានថ្លែងថា «គេបានប្រាប់ខ្ញុំថាល្បែងនៃសង្គ្រាមនោះនឹងក្លាយជារបៀបនេះ។ របៀបនោះគឺ នេះគឺជាអង្គការណាតូ, យើងនឹងគាំទ្រអង្គការណាតូ ក្នុងប្រតិបត្តិការវាយលុកប្រឆាំងនឹងរុស្ស៊ីដែលមិនអាចធ្វើការបោកបញ្ឆោតពិភពលោកទៀតបានឡើយ។ ល្បែងនោះគឺយើងជាសហរដ្ឋអាមេរិកទេដែល វាយប្រហារដាក់ លើរុស្ស៊ី» ។ យោងតាមសម្តីរបស់លោក Seymour Hersh គឺសហរដ្ឋអាមេរិកអាចនឹងលូកដៃដោយផ្ទាល់ ចូលក្នុងសង្គ្រាមនេះបើសិនជារដ្ឋាភិបាលក្រុងកៀវ នឹងត្រូវបរាជ័យមិនអាចឈ្នះលើរុស្ស៊ីបាននោះ៕