(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាប្រតិបត្តិការវាយបករបស់អ៊ុយក្រែនប្រឆាំងនឹងកងកម្លាំងរុស្ស៉ី ពិតជាមាន ភាពយឺតយ៉ាវជាងការចង់បាន ប៉ុន្តែកងកម្លាំងអ៊ុយក្រែននឹងមិនតក់ក្រហល់ក្នុងការបង្កើនល្បឿនវាយលុកនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP​ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣។

លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់បែបនេះ​នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអង់គ្លេស BBC កាលពីថ្ងៃពុធ ទី២១ ខែមិថុនា ហើយលោកក៏បានទទួលស្គាល់ ដែរថាភាពយឺតយ៉ាវនេះ គឺដោយសារតែគ្រាប់មីនដ៏ច្រើនសន្ធឹកសន្ធាប់ដែលរុស្ស៉ីបានដាក់ពង្រាយ។ ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានគូសបញ្ជាក់ដូច្នេះថា «មនុស្ស មួយចំនួនជឿថានេះជាខ្សែភាពយន្ដ Hollywood ហើយចង់បានលទ្ធផលភ្លាមៗ។ តែវាមិនមែននោះទេ។ កងកម្លាំងអ៊ុយក្រែននឹងបង្កើនល្បឿនវាយលុកដោយផ្អែកលើ វិធីសាស្ត្រដែលយើងគិតថាល្អ»

គួរបញ្ជាក់ថា ដោយទទួលស្គាល់ថា កងកម្លាំងអ៊ុយក្រែនវាយដណ្ដើមបានភូមិចំនួន៨ ពីកងកម្លាំងរុស្ស៉ី ក្នុងតំបន់ភាគខាងត្បូង និងភាគខាងកើត ចាប់តាំងពីបានបើក ប្រតិបត្តិការវាយបកកាលពីដើមខែមិថុនាមក លោក ហ្សេលេនស្គី បានបញ្ជាក់ឡើងវិញថាអ៊ុយក្រែននឹងមិនចូលតុចរចាជាដាច់ខាត ដរាបណាកងកម្លាំងរុស្ស៉ីនៅតែបន្ត មានវត្តមានលើទឹកដីអ៊ុយក្រែន៕