(ស៉ីដនី)៖ នៅមុនដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន នាចុងខែមិថុនាខាងមុខ នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោក គ្រីស ហ៉ីបគីន (Chris Hipkins) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោកមិនយល់ស្របទៅនឹងការអត្ថាធិប្បាយរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ដែលថា លោក ស៉ី ជិនពីង ប្រធានាធិបតីចិន ជាជនផ្តាច់ការម្នាក់នោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣។

លោក ហ៉ីបគីន បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ទេ, ទម្រង់ដឹកនាំនៃរដ្ឋាភិបាលដែលចិនមាន គឺជារឿងរបស់ប្រជាជនចិន»។ នៅពេលអ្នកយកព័ត៌មាន សួរថាតើប្រជាជនចិនមានការយល់ឃើញបែបណាចំពោះទម្រង់រដ្ឋាភិបាល លោក ហ៉ីបគីន បានឆ្លើយថា «ប្រសិនបើពួកគេចង់ផ្លាស់ប្តូរប្រព័ន្ធដឹកនាំរដ្ឋាភិបាលរបស់ពួកគេ នោះវាជារឿងរបស់ពួកគេ»

គួរបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តីនូវែលសេឡ់ងរូបនេះ គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសចិនចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមិថុនា ដោយដឹកនាំគណៈប្រតិភូពាណិជ្ជកម្ម ដែលរួមមានក្រុមហ៊ុនធំៗមួយចំនួនរបស់នូវែលសេឡង់។ លោកក៏នឹងត្រូវជួបលោក ស៉ី ជិនពីង នាយករដ្ឋមន្ត្រី លោក លី ឈាង (Li Qiang) និងប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន លោក ចៅ លីជី (Zhao Leji) ផងដែរ៕