(ប៉េកាំង)៖ លោកត្រាំ អតីតប្រធានាធិបតីអាមេរិក បានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៃវេបសាយប៉ុស្តិ៍ព័ត៌មាននិងពាណិជ្ជកម្ម របស់អ្នកប្រើប្រាស់អាមេរិក(CNBC)នាពេលថ្មីៗកន្លងទៅនេះថា ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីម្តងទៀត នោះ លោកមានផែនការតម្លើងពន្ធគយ៦០ភាគរយលើផលិតផលទំនិញ របស់ចិនទាំងអស់ ហើយលោកមិនខ្វល់ពីការដែលភាគីចិនប្រហែលនឹងចាត់ វិធានការតបតវិញដោយតម្លើងពន្ធគយលើ ទំនិញអាមេរិកនោះទេ។ ពាក្យសម្តីបែបនេះនាំឱ្យមជ្ឈដ្ឋានខាងក្រៅភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ទាក់ទិននឹងករណីនេះ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបថា ធាតុពិតនៃទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិកគឺផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ការធ្វើសង្គ្រាមពន្ធគយនិងពាណិជ្ជកម្ម គឺមិនអំណោយផលដល់ប្រទេសចិន មិនអំណោយផលដល់សហរដ្ឋអាមេរិក ហើយក៏មិនអំណោយផលដល់ពិភពលោកផងដែរ។

ក្នុងអាណត្តិកាលមុនរបស់លោក ត្រាំ (ពីឆ្នាំ២០១៧ដល់ឆ្នាំ២០២១) លោកបានអនុវត្តគោលនយោបាយពន្ធគយច្រើនបែបយ៉ាង ចំពោះភាគីជាច្រើនដូចជាចិន ម៉ិកស៊ិកនិងសហភាពអឺរ៉ុបជាដើម ជាពិសេសគឺប្រមូលយកពន្ធគយចំនួន២៥ភាគរយលើ ផលិតផលអាលុយមីញ៉ូមនិងដែក។ ទោះបីជាបន្ទាប់ពីលោក Joe Biden ប្រធានាធិបតីអាមេរិក ឡើងកាន់មុខតំណែង ក៏បានបន្តអនុវត្តក្នុងកម្រិតយ៉ាងខ្លាំង នូវគោលនយោបាយពន្ធគយរបស់រដ្ឋាភិបាលលោក ត្រាំ ដែលសំដៅចំពោះចិនដែរ ។ ពេលផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍ប៉ុស្តិ៍ព័ត៌មាន និងពាណិជ្ជកម្មរបស់អ្នកប្រើប្រាស់អាមេរិក(CNBC) លោកត្រាំក៏បានលើកឡើងជាពិសេសពី អាជីវកម្មរថយន្តរបស់ចិន ដោយអះអាងថា នេះហើយក៏ជាគោលដៅនៃការអនុវត្ត គោលនយោបាយពន្ធគយ របស់លោកនៅពេលអនាគតដែរ។

អំពីពាក្យសម្តីរបស់លោកត្រាំ មានអ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេត បានត្អូញត្អែរលើបណ្តាញទំនាក់ទំនងសង្គមថា “ប្រការនេះនឹងជាគ្រោះមហន្តរាយមួយលើក ពីព្រោះកាលពីមុននេះក៏ជាគោលនយោបាយបរាជ័យមួយដែរ ហេតុអ្វីបានជាលោកយល់ឃើញថា ឥឡូវនេះគឺជាដំណោះស្រាយល្អហ្នឹង?” នៅមានអ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេតទៀត បញ្ចេញមតិថា “លោកនៅមិនទាន់ដឹងច្បាស់ថា តើអ្នកណាកំពុងបង់តម្លៃសម្រាប់ពន្ធគយទេ គឺសហរដ្ឋអាមេរិកហ្នឹងឯង!”

នៅឆ្នាំ២០២៣ តាមការផ្សាយដំណឹងនៃវេបសាយ Fox News របស់អាមេរិកឱ្យដឹងថា លោកត្រាំនិងក្រុមឃោសនារកសំឡេង ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤របស់លោក ក៏ធ្លាប់ដាក់ចេញអ្វីដែលហៅថា គោលនយោបាយពាណិជ្ជកម្មស្តីពី “សហរដ្ឋអាមេរិកជាអាទិភាព” ដោយប្រកាសថា “ប្រមូលពន្ធគយចំពោះប្រទេសចិន ដើម្បីកសាងសហរដ្ឋអាមេរិក” ។ ចំណុចសំខាន់នៃគោលនយោបាយនេះគឺផ្តល់រង្វាន់ដល់ “ទំនិញដែលផលិតដោយអាមេរិក” ព្រមពេលជាមួយគ្នានេះ ក៏ប្រមូលពន្ធគយចំពោះទំនិញដែលនាំចូលពីប្រទេសចិនដែរ។ ប៉ុន្តែសុន្ទរកថានេះត្រូវគេទាត់ចោលភ្លាមៗ។

វេបសាយព័ត៌មានអាមេរិក Raw Story បានផ្សាយដំណឹងឱ្យដឹងថា លោកត្រាំបាននិយាយភូតកុហកម្តងទៀត ពីព្រោះពន្ធគយទាំងនេះ គឺបង់ដោយពាណិជ្ជករនាំចូលរបស់អាមេរិក តែមិនមែនប្រទេសចិនទេ ព្រមទាំងបានធ្វើឱ្យអ្នកប្រើប្រាស់អាមេរិករងការខាតបង់ផងដែរ។

ចាប់ពីការបោះឆ្នោតបឋមនៃបក្សទាំងពីរ ដើម្បីជ្រើសរើសប្រធានាធិបតីអាមេរិកឆ្នាំនេះមក ពេលប្រព័ន្ធសារព័ត៌មានសួរអំពីជម្រើស បោះឆ្នោតរបស់អ្នកបោះឆ្នោតមួយចំនួន ពួកគេតែងតែលើកឡើងដល់បញ្ហាអត្តចរិតរបស់លោកត្រាំ។ ក្នុងចំណោមអ្នកបោះឆ្នោត ដែលប្រឆាំងនឹងលោកត្រាំ មនុស្សមួយចំនួនយល់ឃើញថា “ឆ្កួតពេកនិងអាត្មានិយម” ហើយមិនពេញចិត្តនឹងគោលនយោបាយ អំពីជនអន្តោប្រវេសន៍របស់គាត់។

ប៉ុន្មានឆ្នាំកន្លងទៅនេះ ទំនាក់ទំនងរវាងចិននិងអាមេរិកមានភាពអាប់អួរ ពោលគឺចាប់ផ្តើមពីលោកត្រាំកាន់អាកប្បកិរិយារឹងចចេស ចំពោះប្រទេសចិននិងបំផុស “សង្គ្រាមពាណិជ្ជកម្ម” ជាដើមបន្ទាប់ពីលោកឡើងកាន់មុខតំណែង កាលពីឆ្នាំ២០១៧ ។ ពេលថ្មីៗកន្លងទៅនេះ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានលើកឡើងថា ទំនាក់ទំនងរវាងចិននិងអាមេរិកគឺពាក់ព័ន្ធដល់សុខសុភមង្គល របស់ប្រជាជននៃប្រទេសទាំងពីរ ហើយក៏ពាក់ព័ន្ធដល់អនាគត នៃមនុស្សជាតិនិងពិភពលោកដែរ។ បញ្ហាប្រឈមរបស់សហរដ្ឋអាមេរិក គឺស្ថិតនៅលើខ្លួនឯង មិនមែនស្ថិតនៅលើប្រទេសចិនឡើយ។ ប្រសិនបើគ្រាន់តែចង់ដាក់សម្ពាធទៅលើ ប្រទេសចិន នោះ ចុងក្រោយមុខជានឹងធ្វើឱ្យប៉ះពាល់ដល់ខ្លួនឯងជាមិនខាន។ ប្រសិនបើសហរដ្ឋអាមេរិកគ្រាន់តែចង់ឱ្យខ្លួនឯង រក្សាតែវិបុលភាពប៉ុណ្ណោះ តែមិនអនុញ្ញាតឱ្យប្រទេសដទៃទៀតទទួលការអភិវឌ្ឍជាប្រក្រតី នោះសច្ចធម៌អន្តរជាតិនៅឯណា? ប្រសិនបើសហរដ្ឋអាមេរិក ទទូចផ្តាច់មុខដណ្ដើមយកទីខ្ពស់នៃខ្សែសង្វាក់តម្លៃ ចង់ឱ្យប្រទេសចិនស្ថិតក្នុងទីទាប នោះការប្រកួតប្រជែងដោយយុត្តិធម៌នៅឯណា?

បច្ចុប្បន្ននេះ និម្មាបនកម្មពិភពលោកកំពុងប្រែប្រួលយ៉ាងស៊ីជម្រៅ សង្គមមនុស្សជាតិបានជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ។ ចិននិងអាមេរិកពួតដៃគ្នារីកចម្រើនទៅមុខ ជាមួយគ្នាវាអាចសម្រេចបាននូវរឿងធំៗជាច្រើន ដែលមានអំណោយផលដល់ប្រទេសទាំងពីរ និងពិភពលោក។ រំពឹងថា ភាគីអាមេរិកអាចប្រើក្រសែចក្ខុប្រកបដោយសត្យានុម័ត និងវិចារណញ្ញាណចំពោះការអភិវឌ្ឍរបស់ចិន ធ្វើកិច្ចសន្ទនានិងការប្រាស្រ័យទាក់ទងយ៉ាងសកម្ម និងប្រាកដប្រជា ដើម្បីរួមជាមួយភាគីចិនជំរុញឱ្យទំនាក់ទំនងរវាងចិន និងអាមេរិកដើរតាមផ្លូវអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព ភាពល្អបរិសុទ្ធនិងនិរន្តរភាព៕

វិទ្យុមិត្តភាពកម្ពុជាចិន