(ប៉េកាំង)៖ នាថ្ងៃអង្គារនេះ ចិនបាននិយាយថា សហរដ្ឋអាមេរិកមិនមានសិទ្ធិអ្វី មកជ្រៀតជ្រែកក្នុងបញ្ហាសមុទ្រចិនខាងត្បូងឡើយ បន្ទាប់ពី​រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា ទីក្រុងវ៉ាស៉ីនតោនប្រកាន់ខ្ជាប់យ៉ាងរឹងមាំ នូវការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីការពារហ្វីលីពីនប្រឆាំងការវាយប្រហារប្រដាប់អាវុធ នៅក្នុងដែនសមុទ្រមានបញ្ហាវិវាទមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤។

លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយដូច្នេះថា «សហរដ្ឋអាមេរិក មិនមែនជាភាគីក្នុងបញ្ហាសមុទ្រចិនខាងត្បូងឡើយ ហើយមិនមានសិទ្ធិមកជ្រៀតជ្រែក ក្នុងបញ្ហាវិវាទដែនសមុទ្រ ដែលជារឿងរវាងចិននិងហ្វីលីពីននោះទេ។ កិច្ចសហប្រតិបត្តិការយោធារវាងអាមេរិកនិងហ្វីលីពីន មិនត្រូវប៉ះពាល់ដាច់ខាតចំពោះអធិបតេយ្យ ព្រមទាំងសិទ្ធិ និង​ផលប្រយោជន៍របស់ប្រទេសចិន នៅសមុទ្រចិនខាងត្បូង។ ចិននឹងបន្តចាត់វិធានការចាំបាច់ ដើម្បីប្តេជ្ញាការអធិបតេយ្យទឹកដី ព្រមទាំងសិទ្ធិនិង​ផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន ហើយរក្សាការពារសុខសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង»

គួរបញ្ជាក់ថា អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងដូចខាងលើ ជាការឆ្លើយតបចំពោះសំណួរពីអ្នកសារព័ត៌មាន ពាក់ព័ន្ធទៅនឹង​ការអត្ថាធិប្បាយក្នុងថ្ងៃដដែលនេះ របស់លោក Blinken ទាក់ទិនបញ្ហាសមុទ្រចិនខាងត្បូង។ លោកប្រមុខការទូតអាមេរិក កំពុងតែស្ថិតនៅ​រដ្ឋធានីម៉ានីលនៃប្រទេសហ្វីលីពីន ជាផ្នែកនៃដំណើរទស្សនកិច្ចមួយ មានរយៈពេលខ្លីនៅតំបន់អាស៉ី ដែលមានគោលដៅពង្រឹងការគាំទ្ររបស់អាមេរិក សម្រាប់បណ្តាសម្ព័ន្ធមិត្តក្នុងតំបន់៕