(ហុងកុង)៖ សភាហុងកុង នៅថ្ងៃអង្គារនេះបានអនុម័តជាឯកច្ឆ័ន្ទ លើច្បាប់សន្តិសុខជាតិថ្មី ត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីវាត្រូវបានណែនាំជាលើកដំបូង ដែលអ្នករិះគន់និយាយថា វាបានគំរាមកំហែងដល់សេរីភាពនៅក្នុងទីក្រុងមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។

កញ្ចប់ច្បាប់សន្តិសុខថ្មីនេះ ដែលត្រូវបានគេស្គាល់ថាជាមាត្រា ២៣ បានធ្វើបច្ចុប្បន្នភាព ឬបង្កើតច្បាប់ថ្មី ដែលហាមប្រាមទង្វើក្បត់ជាតិ ការបំផ្លិចបំផ្លាញ ការបះបោរ ការលួចការសម្ងាត់រដ្ឋ និងចារកម្ម ជាមួយនឹងការដាក់ទោសជាប់ពន្ធនាគារអស់មួយជីវិត។

ក្រុមប្រឹក្សានីតិប្បញ្ញត្តិដែលមាន ៩០ អាសនៈ ដែលបង្កើតឡើងដោយអ្នកគាំទ្រទីក្រុងប៉េកាំង បានណែនាំជាលើកដំបូងនូវច្បាប់នេះកាលពីថ្ងៃទី ៨ ខែមីនា បន្ទាប់ពីការពិគ្រោះយោបល់ជាសាធារណៈរយៈពេលមួយខែ ដោយមេដឹកនាំហុងកុង លោក Lee Ka-chiu បានអំពាវនាវឱ្យមានការអនុម័តវាក្នុង «ល្បឿនលឿន»។

សមាជិកទាំង ៨៨រូប និងប្រធានក្រុមប្រឹក្សានីតិប្បញ្ញត្តិ បានបោះឆ្នោតជាឯកច្ឆ័ន្ទ ដើម្បីអនុម័តច្បាប់នេះ ដែលនឹងចូលជាធរមាននៅថ្ងៃទី២៣ ខែមីនា។

គួរជម្រាបថា កាលពីដើមឆ្នាំនេះ មេដឹកនាំហុងកុង លោក John Lee បានបញ្ជាក់ពីចេតនាក្នុងការអនុម័តច្បាប់សន្តិសុខជាតិកាន់តែតឹងរ៉ឹង នៅពេលឆាប់ៗនេះដើម្បីបន្ថែមលើច្បាប់ដែលចិនបានដាក់កាលពីឆ្នាំ ២០២០ ដោយ និយាយថា «មិនអាចបង្អង់យូរឡើយ»៕