(អាល្លឺម៉ង់)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានសន្យានៅថ្ងៃអង្គារ (១៩ មីនា) នេះថា សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឱ្យអ៊ុយក្រែនបរាជ័យ ក្នុងការប្រយុទ្ធជាមួយរុស្ស៊ីនោះទេ បើទោះបីជាជំនួយបន្ថែមនៅតែជាប់គាំងនៅក្នុងសភា ហើយកងកម្លាំងរបស់គៀវកំពុងប្រឈមនឹងការខ្វះខាតអាវុធក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។

លោក Austin បានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់មួយ នៃសម្ព័ន្ធមិត្ត និងដៃគូណាតូនៅមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់។ នាឱកាសនោះលោកបាននិយាយថា «យើងនៅតែប្តេជ្ញាផ្តល់ធនធានដល់អ៊ុយក្រែនដែលប្រទេសនេះត្រូវការ ដើម្បីទប់ទល់នឹងការឈ្លានពានរបស់វិមានក្រឹមឡាំង»

លោកបានបន្ថែមទៀតថា កងកម្លាំងអ៊ុយក្រែនបច្ចុប្បន្នកំពុងប្រឈមមុខនឹង «ស្ថានភាពដ៏លំបាក និងការប្រយុទ្ធដ៏លំបាក» ហើយកំពុងត្រូវការអាវុធ និងគ្រាប់រំសេវបន្ថែមទៀតពីបណ្តាប្រទេសលោកខាងលិច ដើម្បីប្រឈមមុខនឹងការឈ្លានពានរបស់យោធារុស្ស៊ី។

នាឱកាសនោះផងដែរ រដ្ឋមន្ត្រីការពារជាតិអាមេរិករូបនេះ ក៏បានសង្កត់ធ្ងន់ទៀតថា «អ៊ុយក្រែននឹងមិនដកថយក្រោយឡើយ ហើយសហរដ្ឋអាមេរិកក៏ដូចគ្នាដែរ។ ដូច្នេះសាររបស់យើងថ្ងៃនេះគឺច្បាស់លាស់ សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឱ្យអ៊ុយក្រែនបរាជ័យឡើយ។ សម្ព័ន្ធភាពនេះនឹងមិនអនុញ្ញាតឱ្យអ៊ុយក្រែនបរាជ័យឡើយ ហើយពិភពលោកសេរីក៏នឹងមិនអនុញ្ញាតឱ្យអ៊ុយក្រែនបរាជ័យដែរ»

លោក Austin ក៏បាននិយាយផងដែរថា ប្រទេសដែលនាំមុខគេក្នុងសម្ព័ន្ធ បានបើកសម័យប្រជុំពិសេសមួយនៅព្រឹកនេះ ដើម្បីពិភាក្សាអំពីវិធីដើម្បីបង្កើនការនាំចេញអាវុធទៅកាន់អ៊ុយក្រែន និងគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិបន្ថែមទៀត។

គួរជម្រាបថា កិច្ចប្រជុំ Ramstein នេះ កើតឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅក្នុងទីក្រុងគៀវ អំពីនិរន្តរភាពនៃការគាំទ្រយោធារបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន និងលទ្ធភាពនៃការបោះឆ្នោតឡើងវិញរបស់អតីតប្រធានាធិបតី លោក Donald Trump ផងដែរ។

ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានអំពាវនាវឱ្យមានការគាំទ្របន្ថែមទៀតពីសម្ព័ន្ធមិត្តលោកខាងលិច ហើយបានព្រមានថាយោធាអ៊ុយក្រែនប្រឈមមុខនឹងការខ្វះខាតគ្រាប់រំសេវយ៉ាងធ្ងន់ធ្ងរ ជាពិសេសគ្រាប់កាំភ្លើងធំ៕