(មូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍នៅថ្ងៃពុធនេះថា ក្រុមនាវាមកពីកងនាវាប្រចាំតំបន់ប៉ាស៉ីហ្វិករបស់យោធារុស្ស៉ី បានធ្វើសមយុទ្ធជើងទឹកដ៏ធំមួយ ដែលរួមមានទាំងការបាញ់គ្រាប់ពិត នៅឯតំបន់ឈូងសមុទ្រ Peter the Great និងសមុទ្រជប៉ុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ ២០២៤។

ក្រុមនាវាខាងលើ ដែលរួមមាននាវា the Hero of the Russian Federation Aldar Tsydenzhapov, Gromky និង Sovershenny បានហាត់សមទប់ទល់នឹងការវាយលុកពីដ្រូនរត់លើផ្ទៃទឹក និងយន្តហោះដ្រូន។ សេចក្តីថ្លែងការណ៍របស់កងនាវារុស្ស៉ី បានឱ្យដឹងថា «តាមផែនការនៃការធ្វើសមយុទ្ធ ក្រុមនាវិកនៃនាវាចម្បាំងទាំងនោះ បានហាត់សមអនុវត្តបច្ចេកទេសយុទ្ធសាស្រ្ត សម្រាប់ការប្រយុទ្ធតាមផ្លូវទឹក ជាមួយនាវាចម្បាំងដទៃទៀត ដែលដើរតួជាសត្រូវ»។

គួរបញ្ជាក់ថា The Peter the Great Gulf គឺជាឈូងសមុទ្រធំជាងគេនៅសមុទ្រជប៉ុន ដែលស្ថិតនៅចន្លោះប្រទេសរុស្ស៉ី និងជប៉ុន។ គ្មានការបញ្ជាក់ទេថាតើសមយុទ្ធនេះចាប់ផ្តើម ហើយនឹងបញ្ចប់នៅពេលណានោះ៕